រឿងដែលគេកម្រដឹងពីអ្នកលេងក្បាច់គុនកង្កែប ក្នុងរឿង "ពូថៅហោះ" របស់ ទិនហ្វី
- 2015-10-06 18:39:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលគេកម្រដឹងពីអ្នកលេងក្បាច់គុនកង្កែប ក្នុងរឿង "ពូថៅហោះ" របស់ ទិនហ្វី
ចន្លោះមិនឃើញ
ធ្លាប់ជាតារាក្បាច់គុនមានឈ្មោះបោះសំឡេងក្នុងវិស័យភាពយន្តហុងកុង កាលពីទសវត្សឆ្នាំ ៧០និង៨០ តែដោយសារតែរូបសម្បត្តិមិនអំណោយផល Leung Siu Lung បានត្រឹមតែដើរតួរងនិងកំប៉ិកកំប៉ុកតូចតាចតែប៉ុណ្ណោះ។
ខ្សែភាពយន្ត "ពូថៅហោះ" ដែលមានឈ្មោះអង់គ្លេសថា "Kungfu Hustle” របស់ ទិនហ្វី បានបញ្ចប់ទៅដោយឈុតឆាក វាយតប់ដោយប្រើក្បាច់គុនយ៉ាងសាហាវ ក្នុងរយៈពេលជិត ១០ នាទី រវាង A Sing និង The Beast ដែលជាតួអង្គល្បីឈ្មោះក្នុងក្រុមសង្គមងងឹតមានចិត្តឃោរឃៅ សម្លាប់មនុស្សមិនរើសមុខក្នុងមួយប៉ប្រិចភ្នែក ជាមួយនឹងក្បាច់គុនកង្កែបមួយគ្មានពីរ។
ឈុតឆាកចុងក្រោយនេះត្រូវបានសម្រិតសម្រាំងឡើង ទុកជាកាដូរំលឹកដល់និមិត្តរូប លី ស៊ាវឡុង។ Stephen Chow (ទិនហ្វី) មិនត្រឹមតែមានឱកាសបង្ហាញក្បាច់គុនតាមរយៈ តួអង្គ A Sing ទេតែព្រមទាំងបានធ្វើឲ្យកេរ្តិ៍ឈ្មោះមួយដែលត្រូវបានគេបំភ្លេចហើយនោះរស់ឡើងវិញ។ នោះគឺ Leung Siu Lung តារាសម្ដែងដើរតួ The Beast។
នៅលើកញ្ចក់ទូរទស្សន៍ ហុងកុង អំឡុងទសវត្សឆ្នាំ ៧០ កេរ្តិ៍ឈ្មោះរបស់ Leung Siu Lung ត្រូវបានគេរៀបក្នុងតារាងតារាឈ្មោះ ឡុង ទាំងបី នោះគឺ លី ស៊ាវឡុង លឿង ស៊ាវឡុង និង ឈិន ឡុង។ ចូលមកដល់ ទសវត្សឆ្នាំ ៨០ លោកមានឈ្មោះល្បីដោយបានក្លាយជាតារាសម្ដែងដំបូងគេបង្អស់ សម្ដែងតួ ឈិន ចិន របស់ លី ស៊ាវឡុង ក្នុងរឿង "Fist of Fury” ក្នុងរឿងភាគពីរគឺ "The Legendary Fok” និង "Chen Zhen” ដែលត្រូវបានផលិតដោយប៉ុស្តិ៍ ATV។ យ៉ាងណាក៏ដោយ ដោយសារតែជ្រើសរើសក្បាច់គុន តាមរបៀបពិតប្រាកដ គ្រប់ស្នៀតទាំងអស់សុទ្ធសឹងតែត្រូវតាមក្បួនខ្នាត មិនមានភាពច្នៃប្រឌិត បូករួមជាមួយនឹងត្រូវទំពែកក្បាលក្នុងវ័យក្មេង បានធ្វើឲ្យ Leung Siu Lung បាត់បង់ឱកាសជាច្រើន។ អាស្រ័យហេតុនេះ លោកត្រូវតារាស្រករក្រោយ ឈិន ឡុង វ៉ាមុខ និងចាប់ពីពេលនោះមកបានត្រឹមតែដើរតួរង។
ឆ្នាំ ២០០៤ បួនឆ្នាំក្រោយពេលដើរទាត់ខ្យល់គ្មានការងារធ្វើ Leung Siu Lung ត្រូវបាន Stephen Chow អញ្ជើញមកក្នុងវិស័យសិល្បៈវិញ ដោយចូលរួមសម្ដែងក្នុងរឿង "ពូថៅហោះ"។ នេះជាសកម្មភាពគួរឲ្យកោតសរសើររបស់ស្ដេចកំប្លែងហុងកុង ដោយចង់លើកកម្ពស់តារារួមជំនាន់តែមួយជាមួយ លី ស៊ាវឡុង ដូចជា Yuen Wah (តួអង្គប្ដីម្ចាស់ផ្ទះជួល) Yeun Kiu (តួអង្គប្រពន្ធម្ចាស់ផ្ទះជួល)។ ទទួលបន្ទុកដើរតួ The Beast, Leung Siu Lung បានបង្ហាញឲ្យទស្សនិកជនបានឃើញថា ខ្ញីកាន់តែចាស់កាន់តែហឹរ។ ហ៊ានចូលសម្ដែងឈុតឆាក ក្បាច់គុនគ្រោះថ្នាក់ដោយខ្លួនឯង លោកបានចូលតួដោយជោគជ័យយ៉ាងត្រចះត្រចង់នៅពេលប្រើក្បាច់គុន កង្កែប បំប៉ោងថ្ពាល់ កោងខ្លួនដោយមានជំនួយពីក្រុមបច្ចេកទេស។
ក្រោយរឿង "Kungfu Hustle” Leung Siu Lung មានឱកាសថតរឿងច្រើនជាងមុន បើទោះបីជាត្រឹមតួរងប៉ុណ្ណោះ។ បច្ចុប្បន្ន ក្នុងវ័យ ៦៦ ឆ្នាំ លោកនៅតែបានអ្នកដឹកនាំសម្ដែងចងចាំថា ជាតាចាស់ដែលពូកែក្បាច់គុន។ ថ្មីៗនេះ Leung Siu Lung បានបង្ហាញខ្លួនក្នុងភាពយន្តធំៗដូចជា "The Grand Master”, “Zero Tai Chi”, “Badges of Fury” ជាដើម៕
ទស្សនាឈុតឆាកប្រយុទ្ធរបស់ Leung Siu Lung និង Stephen Chow ក្នុងរឿង "Kungfu Hustle"៖
ចុចអាន៖រំឭកអតីតកាលខ្មៅងងឹតរបស់កំពូលតារាភាពយន្តហុងកុងទាំង៥រូប
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ បរទេស