ទិវា​អាស៊ាន​សម្រាប់​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និងទិវា​អន្តរជាតិ​សម្រាប់​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​​ឆ្នាំ២០១៥

  • 2015-10-08 16:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ជា​ប្រធាន​គណៈ​កម្មា​ធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន ឆ្នាំ​២០១៥ សហការ​ជាមួយ​លេខាធិការ​ដ្ឋានអាស៊ាន និង​អង្គការ​ដៃគូ​មួយ​ចំនួន​ នឹង​ប្រារព្វ​ទិវា​អាស៊ាន ស្តីពីការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​ទិវា​អន្តរជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ ក្រោម​ប្រធានបទ «អាស៊ាន​ធន់​នឹង​គ្រោះ​មហន្តរាយ​តែមួយ» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ០៩ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៥ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

ប្រធាន​បទ​ទិវា​អាស៊ាន​សម្រាប់​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​នេះ ​គឺ​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​នៃ​បណ្តា​ប្រទេស​អាស៊ាន​ដែល​ជា​សហគមន៍​តែ​មួយ ​ក្នុង​ការ​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ បម្រែបម្រួល​អាកាស​ធាតុ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ប្រធាន​បទ​បន្ទាប់​នៃ​ទិវា​អាស៊ាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ឆ្នំា​២០១៥​នេះ​ គឺ «ធ្វើការ​រួម​គ្នា​ គឺ​ដើម្បី​ធ្វើឱ្យ​កុមារ​នៅ​តាម​សាលា​រៀន​និង​សហគមន៍​របស់​ពួក​គេ​ធន់នឹង​​​គ្រោះ​មហន្តរាយ»​​ ។

 

 

ឯក​ឧត្តម  រស់ សុវណ្ណ

 

អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​អាស៊ាន ឯក​ឧត្តម  រស់ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា «ប្រធាន​បទ​ផ្តោត​សំខាន់​ក្នុង​ឆ្នាំនេះ​ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អាស៊ាន​ ស្តីពី​សហគមន៍​តែ​មួយ​ធន់​នឹង​គ្រោះ​មហន្ត​រាយ​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ តាម​រយៈ​ការ​លើក​កម្ពស់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​គម្រោង​សុវត្ថិ​ភាព​តាម​សាលា​រៀន ​និង​ការ​បង្កើន​ការ​ឆ្លើយ​តប​របស់​អាស៊ាន​ ស្តី​អំពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ»។

 

យោង​តាម​របាយ​ការណ៍​ហានិភ័យឆ្នាំ២០១៤​ របស់​អង្គការ​សហ​ប្រជាជាតិ ​បានឲ្យ​ដឹង​ថា ​កម្ពុជា​គឺជា​ប្រទេស​ទី៩ ​ដែល​ងាយ​រង​គ្រោះ​ជាង​គេ​ដោយ​សារ​គ្រោះ​មហន្ត​រាយ​នៅ​លើ​ពិភព​លោក ហើយ​វា​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​អភិវឌ្ឍសម្រាប់​ប្រទេស​កម្ពុជា។ ដោយ​ឡែក​ ទឹក​ជំនន់​ក្នុង​ឆ្នាំ​២០១៤ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជាជន​កម្ពុជា​ចំនួន ១៦៥.៥១៦​នាក់ ក្នុង​នោះ​ប្រជាជន​ចំនួន​៤៩​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។ តួ​លេខ​នេះ​មិន​បាន​គិត​រួម​បញ្ចូល​អំពី​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ និង​ការ​បំផ្លិច​បំផ្លាញ​លើ​ដី​កសិកម្ម​ជា​ច្រើន​ពាន់​ហិចតា​របស់​ប្រជាជន ការ​ចិញ្ចឹម​សត្វ ហេដ្ឋា​រចនា​សម្ព័ន្ធ និង​របរ​ចិញ្ចឹម​ជីវិត​របស់​ពួកគេ ជា​ពិសេស​ចំពោះ​ប្រជាជន​ក្រីក្រ។ គ្រោះ​ទឹក​ជំនន់​វា​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូច​ជា៖ កសិកម្ម សេដ្ធកិច្ច សុខភាព និង​អប់រំ​ជា​ដើម។

រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​សហគមន៍​អន្តរជាតិ​បាន​និង​កំពុង​ធ្វើការ​រួម​គ្នា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះ​ពាល់​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​តាម​រយៈ​សកម្ម​ភាព​សំខាន់ៗ​ដូច​ជា ការ​ត្រៀម​រៀប​ចំ ការ​ឆ្លើយ​តប ការ​កាត់​បន្ថយ និង​ការ​បន្សុំា។ យោង​តាម​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា​ ទឹក​ប្រាក់​ប្រមាណ ១,២​កោដិ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិច នឹង​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​រយៈពេល​៥ឆ្នាំ ពីឆ្នាំ​២០១៤ ទៅ​ឆ្នាំ​២០១៨។

 

 

ប្រទេស​កម្ពុជា​បាន​ដាក់​បញ្ចូល​កម្មវិធី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​និង​កម្មវិធី​បន្សុំា​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ទៅ​ក្នុង​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​ជាតិ។ បច្ចុប្បន្ន​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​រៀប​ចំ​ផែនការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ក្រោម​ពិធីសារ​នៃ​ក្រប​ខ័ណ្ឌ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​ហៅ​ថា «ផែន​ការ​បម្រុង​ជាតិ​តូប​នីយ​កម្ម​ដើម្បី​កំណត់​បរិវិស​ទាន» នៅ​ក្នុង​កិច្ច​ប្រជុំ ​នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​នា​ចុង​ឆ្នាំ២០១៥ខាង​មុខ​នេះ។

 

ទិវា​អាស៊ាន​សម្រាប់​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​ទិវា​អន្តរជាតិ​សម្រាប់​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​២ថ្ងៃ​ ដែល​មាន​សកម្ម​ភាព​សំខាន់ៗ​ចំនួន៤៖

១. ការ​ប្រឡង​គំនូរ ​ក្រោម​ប្រធាន​បទ «សាលា​រៀន​ធន់​នឹង​គ្រោះ​មហន្តរាយ​និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដែល​តំណាង​ឱ្យ​ទស្សនៈ និង​គោល​បំណង​រួម​តែ​មួយ​របស់​ប្រជា​ជាតិ​អាស៊ាន»

២. កិច្ច​​ពិភាក្សា​លើ​ប្រធាន​បទ​ «គំនិត​ផ្តួច​ផ្តើម សុវត្ថិ​ភាព​សាលា​រៀន ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយ និង​ការ​បន្សុំា​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​»

៣. វេទិកា​ជជែក​ពិភាក្សា និង

៤. ការ​ដើរ​ក្បួន​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា ២០០០នាក់

 

អ្នក​ចូ​លរួម​ប្រមាណ​២០១៥​នាក់ តំណាង​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន លេខា​ធិការ​ដ្ឋាន​អាស៊ាន ទេស​រដ្ឋមន្រ្តី តំណាង​ស្ថាន​ទូត ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជា​ជាតិ ដៃគូ​អភិវឌ្ឍ តំណាង​រាជ​រដ្ឋាភិបាល កាក​បាទ​ក្រហម​កម្ពុជា ក្រុម​អង្គការ​សង្គម​ស៊ីវិល តំណាង​សហគមន៍ ក្រុម​យុវជន និង​វិស័យ​ឯកជន នឹង​ចូល​រួម​ក្នុង​កម្មវិធី​ដ៏​មាន​សារៈ​សំខាន់​នេះ៕​