Ronaldo ថាក្ដីមេត្តារបស់ Sir Alex ធ្វើឲ្យខ្លួនចាត់ទុកដូចឪពុក
- 2015-10-08 16:50:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ថាក្ដីមេត្តារបស់ Sir Alex ធ្វើឲ្យខ្លួនចាត់ទុកដូចឪពុក
ចន្លោះមិនឃើញ
Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានលើកឡើងថា ខ្លួនចាត់ទុក Sir Alex Ferguson ដូចជាឪពុកម្នាក់នៅក្នុងវិស័យបាល់ទាត់ ដោយសារតែបុរសសញ្ជាតិស្កុតឡែនរូបនេះ មានចិត្តមេត្តាប្រោសប្រណីល្អណាស់ កាលនៅក្រុម Manchester United។
ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ គឺជាកីឡាករ ដែលលោក Sir Alex ទិញចូលល្អបំផុតនៅ Old Trafford បន្ទាប់ពីផ្ទេរពី Sporting Lisbon កាលឆ្នាំ២០០៣។ Ronaldo មានទំនាក់ទំនងល្អណាស់ជាមួយអតីតអ្នកចាត់ការក្រុម Man Utd រហូតដល់ពេលត្រូវចាកចេញពីក្លិបបិសាចក្រហម នៅឆ្នាំ២០០៩។ កីឡាកររូបនេះ បាននិយាយថា សេចក្ដីមេត្តារបស់ Sir Alex ពិតជាធ្វើឲ្យខ្លួនភ្ញាក់ផ្អើល និងគ្មានថ្ងៃបំភ្លេចបានឡើយ។
កីឡាករវ័យ៣០ឆ្នាំ បានបង្ហើបប្រាប់ដល់ BBC ថា៖ "គាត់ (Sir Alex) បានអញ្ជើញគ្រប់គ្នា ទៅញ៉ាំអាហារថ្ងៃត្រង់, ផឹកតែ...ដូចជាញ៉ាំតែអង់គ្លេស! វាដូចជាគ្រួសារតែមួយ ជាមួយគាត់។ ពេលឪពុកខ្ញុំឈឺនៅទីក្រុងឡុងដុង ហើយកំពុងសម្រាកនៅពេទ្យស្ថិតក្នុងសភាពធ្ងន់ធ្ងរភ្លឹក...ខ្ញុំបាននិយាយជាមួយ Sir Alex ថា លោក ខ្ញុំមានអារម្មណ៍មិនល្អទេ"។
“ពេលនោះ យើងកំពុងមមាញឹកប្រកួតលីក និង UEFA Champions League ទៀត ប៉ុន្តែខ្ញុំនិយាយថា, លោក ខ្ញុំមានអារម្មណ៍មិនល្អទេ។ ខ្ញុំចង់ទៅមើលឪពុករបស់ខ្ញុំ។ បន្ទាប់មក គាត់បានឆ្លើយតបខ្ញុំថា...Cristiano, អ្នកចង់ទៅ១ថ្ងៃ...២ថ្ងៃ ឬ១សប្ដាហ៍ អ្នកអាចទៅបាន...ខ្ញុំនឹងនឹកអ្នកនៅទីនេះ ព្រោះអ្នកដឹងហើយថា អ្នកសំខាន់សម្រាប់ក្រុមប៉ុណ្ណា...ប៉ុន្តែឪពុករបស់អ្នក គឺត្រូវតែសំខាន់ជាង។ ពេលគាត់ប្រាប់ខ្ញុំដូចនោះ...ខ្ញុំគិតថា បុរសម្នាក់នេះ ពិតជាមិនគួរឲ្យជឿ និងគួរឲ្យគោរពមែនទែន។ គាត់ដូចជាឪពុកម្នាក់ ក្នុងវិស័យបាល់ទាត់សម្រាប់ខ្ញុំ”។ CR7 បន្ថែម៕
-ចុចអាន៖ Ronaldo ជិះយន្តហោះផ្ទាល់ខ្លួនទៅស្រុកកំណើត និងចេញផលិតផលថ្មីមួយ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror