Free Basics គម្រោងប្រើអ៊ីនធឺណិតឥតគិតថ្លៃដាក់ប្រើនៅកម្ពុជា
- 2015-10-09 16:31:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Free Basics គម្រោងប្រើអ៊ីនធឺណិតឥតគិតថ្លៃដាក់ប្រើនៅកម្ពុជា
ចន្លោះមិនឃើញ
Free Basics គឺជាគម្រោងថ្មីមួយរបស់ក្រុមហ៊ុន Facebook ដែលទើបនឹងដាក់ឲ្យប្រើប្រាស់នៅលើពិភពលោក ដោយប្រទេសកម្ពុជាជាប្រទេសទី ២២ ដែលក្រុមហ៊ុន Facebook ដាក់ដំណើរការគម្រោងប្រើអ៊ីនធឺណិតដោយឥតគិតថ្លៃនេះ។ គោលបំណងនៃគម្រោងនេះដែលមានការសហការពីក្រុមហ៊ុន Smart នេះគឺដើម្បីភ្ជាប់ប្រជាជនកម្ពុជាច្រើនជាង ១លាននាក់ឲ្យមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតកម្រិតមូលដ្ឋានដោយឥតគិតថ្លៃ។
កញ្ញា Anna Nygren ដែលតំណាងក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា៖ " ភាពជាដៃគូនេះ នឹងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាជនរាប់លាននាក់របស់កម្ពុជា ដែលមិនមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតបាន ព្រោះការប្រើប្រាស់អ៊ីនធឺណិតមានសារសំខាន់ក្នុងការស្វែងការងារធ្វើ និងមានភាពងាយស្រួលទំនាក់ទំនងជាងមុន។
គម្រោងថ្មីនេះ នឹងផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលបាននូវសំណុំគេហទំព័រ ( Website) កម្រិតមូលដ្ឋានដ៏មានប្រយោជន៍ ដែលទាក់ទងទៅនឹងបញ្ហាសុខភាព ការអប់រំ ការស្វែងរកព័ត៌មានអំពីការងារ និងការផ្ដល់សេវាក្នុងស្រុក ដោយមិនគិតប្រាក់សូម្បីមួយសេន។
គម្រោងនៃការប្រើប្រាស់អ៊ីនធឺណិតកម្រិតមូលដ្ឋានដោយឥតគិតថ្លៃរបស់ Facebook បានចូលរួមសហការដោយក្រុមហ៊ុន Smart Axiata។
លោក Thomas Hundt ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានថ្លែងនៅក្នុងសន្និសីទព័ត៌មានកាលពីរសៀលម្សិលមិញថា ការសហការជាមួយក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនធំនៅក្នុងពិភពលោក អាចជួយឲ្យវិស័យសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពរីកចម្រើន ចំណូលប្រចាំឆ្នាំរបស់ប្រជាជនមានការកើនឡើង និងធ្វើអោយសង្គមមានការអភិវឌ្ឍន៍។
ប្រជាជនកម្ពុជាដែលប្រើប្រាស់សេវារបស់ក្រុមហ៊ុន Smart អាចចូលទៅប្រើប្រាស់គេហទំព័រកម្រិតមូលដ្ឋានមួយចំនួនដែលមានប្រយោជន៍ ទាំងភាសាខ្មែរ និងអង់គ្លេស ដែលរួមមាន គេហទំព័ររបស់ Facebook, Dictionary.com, wikipedia, Ask, Bing, Messenger ជាដើម។ សេវាកម្មនឹងបានចាប់ដំណើរការចាប់ពីថ្ងៃថ្ងៃនេះតទៅ។
ប្រិយមិត្តអាចប្រើគម្រោង Free Basicដោយចូលទៅទាញ Appនៃប្រព័ន្ធប្រតិបត្តិការ Android ដោយវាយពាក្យថា free basics ឬអាចប្រើដោយចូលលើវិបសាយ www.freebasics.com ដើម្បីប្រើប្រាស់អ៊ីនធឺណិតកម្រិតមូលដ្ឋានដោយឥតគិតថ្លៃ។
អត្ថបទ៖ រក្សា