ការ​ប្រកួត​ជើង​ឯក​ជាតិ​វាយ​សី​ចាប់​ផ្តើម​ម្សិល​មិញ​ ​លេខ​១​បាន​ប្រាក់​រង្វាន់​១៥​ម៉ឺន​រៀល

  • 2015-10-16 16:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​​វាយ​សី​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥​បាន​ចាប់​ផ្តើម​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ម្សិល​មិញ​នៅ​អគារ​ដំបូល​ទូក​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០​ ខែ​តុលា​ខាង​មុខ​នេះ ប៉ុន្តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រាក់​រង្វាន់​មិន​ច្រើន​ឡើយ​ពោល​គឺ​បាន​ត្រឹម​តែ​១៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​សម្រាប់​ជយលាភី​ជើង​ឯក។

 

 

ការ​ប្រកួត​ជើង​ឯក​​វាយ​សី​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥​នេះ​មាន​បេក្ខជន​ចំនួន​១៤៥​នាក់​​​មក​ពី​ទូទាំង​បាន​ចូល​រួម​ប្រកួត​កម្មវិធី​ជើង​ឯក​​វាយ​សី​​។ ​បេក្ខជន​ទាំង​១៤៥​នាក់​ដែល​ត្រូវ​ចូល​ប្រកួត​គឺ​មក​ពី​បណ្ដា​ខេត្ត​នា​នា ដូចជា ​កំពង់​ចាម ​ស្វាយ​រៀង កំពង់​ឆ្នាំង ខេត្ត​ព្រះសីហនុ កោះកុង​ជា​ដើម ខណៈ​ដែល​បេក្ខជន​មួយ​ចំនួន​ទៀត​គឺ​នៅ​រាជធានី​ភ្នំពេញ​នេះ។ ចំពោះ​ការ​ប្រកួត​វិញ ត្រូវ​បាន​បែងចែក​ជា​៣​គឺ​វិញ្ញាសា​ឯកត្តជន វាយ​ជា​គូ​ និង​វាយ​ជា​ក្រុម​បុរស​ដែល​មាន​គ្នា​ចំនួន​៥​នាក់។

 

ចំពោះ​ជើង​ឯក​វិញ ​អ្នក​បាន​លេខ​មួយ​នឹង​ទទួល​បាន​១៥​ម៉ឺន​រៀន លេខ​២​បាន​១០​ម៉ឺន​រៀល ​និង​លេខ​៣​បាន​ចំនួន​៨​ម៉ឺន​រៀល​សម្រាប់​បេក្ខជន​ដែល​វាយ​ជា​លក្ខណៈ​ ឯកត្តជន​។ ចំណែក​ឯ ​វាយ​ជា​គូ​ និង​វាយ​ជា​ក្រុម​វិញ​គឺ​គិត​ទៅ​តាម​នោះ​ដែរ (បើ​ឈ្នះ​ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដូច​វិញ្ញាសាឯកត្តជន​)។

 

គោល​បំណង​ធំ​នៃ​ការ​ប្រកួត​ជើង​ឯក​ជាតិ​នេះ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ឈាន​ទៅ​រក​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។ ចំពោះ​ខាង​សហព័ន្ធ​វាយ​សី​វិញ​ក៏​បាន​រៀបចំ​ការ​ប្រកួត​ឈុត​យុវជន​វ័យ​១៣​ ឆ្នាំ (U13) ​ដើម្បី​ជា​ថ្នាល​មួយ​រួច​ជា​ស្រេច​ហើយ​ដែរ៕

 

សកម្មភាព​ប្រកួត​ម្សិល​មិញ

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​