និស្សិត IT មក​ពី​ឧត្តរមានជ័យ ប្រឹង​ស្រាវជ្រាវ​​ដើម្បី​ជួយ​ពន្យល់មេរៀន​​មិត្តភ័ក្ដិ

  • 2015-10-16 20:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជួយ​ចែក​រំលែក​និង​ពន្យល់​មេរៀន​​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​រឿង​មួយ​ល្អ​បំផុត​សម្រាប់​និស្សិត​សិក្សា​ជំនាញ IT ព្រោះ​វា​ជំនាញ​បច្ចេកទេស ហើយ​សាំញ៉ាំ​និង​ត្រូវ​ការ​ការ​អនុវត្ត​ច្រើន​ជាង​ជំនាញ​ដទៃ។ ​

 

អៀ វេង លី (រូបថត ហ្វេសប៊ុក)

 

យុវជន អៀ វេងលី ដែល​ជា​និស្សិត​ឆ្នើម​មួយ​រូប​រៀន​ផ្នែក​ IT ឆ្នាំ​ទី​៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​តែងតែ​ឆ្លៀត​ពេល​ពន្យល់​មេរៀន​​ទៅ​ដល់​មិត្ត​ភក្តិ​របស់​ខ្លួន ពេល​ពួក​គេ​​នៅ​មាន​ចម្ងល់​ណាមួយ​ទៅ​លើ​មេរៀន​រៀន​រួច។

 

“ពេល​ខ្លះ​ពួក​គាត់​មិន​សូវ​យល់​មេរៀន​ដែល​រៀន​រួច ពួក​គាត់​តែង​តែ​មក​សុំ​ឱ្យ​ខ្ញុំ​ជួយ​ពន្យល់​ចំណុច​ណា​ដែល​ពួក​គាត់​នៅ​មិន​ទាន់​ច្បាស់ ជា​ពិសេស​គឺ​ការ​សរសេរ​កូដ​ហ្នឹង​តែ​ម្ដង។ នៅ​ពេល​បាន​ជួយ​ពន្យល់​មិត្តភ័ក្ដិ​អ៊ីចឹង ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​បង ព្រោះ​យើង​បាន​ចេះ​ទាំង​អស់​គ្នា...អត់​ចង់​យក​តែ​រួច​ខ្លួន​តែ​ម្នាក់​ឯង​ទេ ហើយ​ពេល​ខ្លះ​ខ្ញុំ​ក៏​ត្រូវ​ឱ្យ​មិត្ត​ជួយ​ពន្យល់​មេរៀន​ម្ដងម្កាល​ដែរ ព្រោះ​មិន​មែន​ចេះ​ទាំង​អស់​ទេ"។ វេង លី ប្រាប់ Sabay។

 

នៅ​ក្នុង​ថ្នាក់​រៀន វេង លី តែង​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គ្រូ​ពន្យល់​មេរៀន ហើយ​បើ​មាន​ចំណុច​ណាមួយ​នៅ​មិន​ទាន់​ច្បាស់ យុវជន​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឧត្តរមានជ័យ​រូប​នេះ តែង​តែ​ទៅ​ស្រាវជ្រាវ​បន្ថែម។

 

វេង លី​ បាន​ឱ្យ​ដឹង​ទៀត​ថា គេ​មិន​ដែល​លាក់លៀម​អ្វី​នោះ​រាល់​ពេល​មិត្តភ័ក្ដិ​សុំ​ឱ្យ​ជួយ​ពន្យល់​មេរៀន ហើយ​គេ​តែង​តែ​យក​ចម្ងល់​ទាំងឡាយ​ដែល​មិត្តភ័ក្ដិ​បាន​សួរ ទៅ​ស្រាវជ្រាវ​បន្ថែម​ឱ្យ​យល់​ច្បាស់​សិន ទើប​យក​​មក​ពន្យល់​មិត្តភ័ក្ដិ​ខ្លួន​ពេល​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ ការ​ស្រាវជ្រាវ​និង​ការ​ប្រឹងប្រែង​ជួយ​ពន្យល់​មេរៀន​មិត្តភ័ក្ដិ​នេះ ក៏​បាន​ជួយ​ឱ្យ​ខ្លួន​រឹត​តែ​យល់​ច្បាស់​មេរៀន​ឯកទេស​នោះ​ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ។

 

“មាន​ចំណុច​ខ្លះ​មិត្តភ័ក្ដិ​សួរ​ទាក់ទង​នឹង​ការ​សរសេរ​កូដ តែ​បើ​ខ្ញុំ​​មិន​សូវ​ច្បាស់​ដែរ​នោះ ខ្ញុំ​តែង​តែ​យក​វា​ទៅ​រៀន​និង​ស្រាវជ្រាវ​បន្ថែម រួម​សឹម​មក​ពន្យល់​ពួក​គាត់​វិញ​ដើម្បី​ឱ្យ​ពួក​គាត់​អស់​ចម្ងល់"។

 

ស្ថិត​ក្នុង​ចំណោម​សិស្ស​លេចធ្លោ ដែល​សិក្សា​ជំនាញ System ឆ្នាំ​ទី៣​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ វេង លី ជា​និស្សិត​មួយ​រូប ដែល​ចេះ​ជួយ​យក​អសារ​មិត្ត​រួម​ថ្នាក់​ ដូចជា​ការ​ពន្យល់​មេរៀន​ផ្នែក IT មួយ​ចំនួន​ហើយ​រូប​គេ​ក៏​ធ្លាប់​ឱ្យ​មិត្តភ័ក្ដិ​ខ្ចី​កុំព្យូទ័រ​ម្ដងម្កាល​សម្រាប់​ការ​ស្រាវជ្រាវ​ផ្សេងៗ​ផង​ដែរ។

 

ក្រៅ​ពី​ការ​ជួយ​​ពន្យល់​មេរៀន​ដល់​មិត្ត​រួម​ថ្នាក់ វេង លី ក៏​បាន​ជួយ​ចែក​រំលែក​ចំណេះ​ដឹង​ខ្លះៗ ដល់​ដល់​មិត្តភ័ក្ដិ​មាន​ចម្ងល់​នៅ​ក្នុង Group មួយ​ចំនួន​លើ Facebook ដូចជា យុវជន​សម្រាប់​បច្ចេកវិទ្យា ចែក​គ្នា​និយាយ IT IT កូន​ខ្មែរ និង Android Heart ជា​ដើម ដើម្បី​ឱ្យ​រូប​គេ​ផ្ទាល់​រួម​ទាំង​​យុវជន​ខ្មែរ​ កាន់​តែ​មាន​ចំណេះ​ដឹង​ផ្នែក IT ទូលំទូលាយ​ជាង​មុន។

 

សព្វ​ថ្ងៃ វេង លី ជា​និស្សិត​សិក្សា​ជំនាញ System នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (វេន​យប់) តែ​នៅ​ពេល​ចូល​ទៅ​ដល់​ឆ្នាំ​ទី៤ យុវជន​រូប​នេះ​នឹង​ចាប់​យក​ជំនាញ​ បង្កើត​វិបសាយ (Web Developer) ព្រោះ​រូប​គេ​គិត​ថា ការ​សិក្សា​ជំនាញ​នេះ​មិន​សូវ​សាំញ៉ាំ​ច្រើន​ដូច​ជំនាញ​ IT ដទៃ ហើយ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ខ្មែរ​បច្ចុប្បន្ន៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី