ប្រាំចំណុចដែលបង្ហាញថា Prius ស៊េរីថ្មីល្អជាងស៊េរីចាស់
- 2015-10-16 21:25:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាំចំណុចដែលបង្ហាញថា Prius ស៊េរីថ្មីល្អជាងស៊េរីចាស់
ចន្លោះមិនឃើញ
រថយន្ត Prius គឺជារថយន្តប្រភេទ Hybrid មួយរបស់ក្រុមហ៊ុន Toyota ដែលមានការពេញនិយមក្នុងចំណោមរថយន្តប្រភេទ Hybrid ទាំងឡាយ។ ជាមួយនឹង Prius ស៊េរីថ្មី២០១៦ ក្រុមហ៊ុនបានបន្ថែមក៏ដូចជាកែប្រែនូវចំណុចមួយចំនួនដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពល្អប្រសើរជាងស៊េរីមុន។
ខាងក្រោមនេះគឺប្រាំចំណុចដែលធ្វើឲ្យ Prius ស៊េរី ២០១៦ ល្អជាងស៊េរីមុន៖
១. ស៊ីប្រេងកាន់តែតិចជាងមុន
ការដែលស៊ីប្រេងតិចគឺជាហេតុផលមួយដែលធ្វើឲ្យរថយន្តនេះមានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ ហេតុដូចនេះទើបគេធ្វើឲ្យ Prius ស៊េរីថ្មីស៊ីប្រេងកាន់តែតិចជាងមុនទៅទៀត។ ក្រុមហ៊ុន Toyota បានលើកឡើងថា Prius ២០១៦ ស៊ីប្រេងតិចជាងមុនប្រមាណជា១០ភាគរយ។ រថយន្ត Prius ២០១៥ គឺបរបានចម្ងាយប្រមាណ២១,២៥គ.ម៉/ល សម្រាប់សាំងមួយលីត្រ នោះ Prius ២០១៦ អាចបរបានចម្ងាយ២៣,៣៨គ.ម៉/ល។
២. ផ្នែកខាងក្នុងទូលាយជាងមុន
ក្រុមហ៊ុនបានពង្រីកទំហំ Prius ស៊េរីថ្មីឲ្យធំជាងមុនបន្តិច ដោយមានបណ្ដោយវែងជាងមុន៦,០៩ស.ម ទទឹងធំជាងមុន១,៥២ស.ម និងមានកម្ពស់ទាបជាងមុន២ស.ម។
៣. មានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពថ្មី
នេះគឺជាចំណុចដ៏ពិសេសមួយដោយសារតែក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពថ្មីដែលមិនធ្លាប់មានលើរថយន្ត Prius នាពេលកន្លងមក។ បច្ចេកវិទ្យាសុវត្ថិភាព TSS ត្រូវបានបំពាក់លើរថយន្ត Hybrid ស៊េរីថ្មីនេះ ដែលមានដូចជាមុខងារ Pre-Collision and Pedestrian Detection, Lane Departure Alert, Brake Assist និង Automatic High Beam ជាដើម។
៤. ការរចនារូបរាងកាន់តែពិសេស
ទាំងការរចនារូបរាងខាងក្រៅនិងរូបរាងខាងក្នុងគឺសុទ្ធតែមានភាពខុសប្លែកពីស៊េរីមុនៗ ដែលការរចនានេះមើលទៅមានលក្ខណៈប្លែកភ្នែក មើលយូរកាន់តែស្អាត។
៥. មានសភាពរឹងមាំជាងមុន
ក្រុមហ៊ុន Toyota បានលើកឡើងថា Prius ស៊េរីថ្មីមានសភាពរឹងមាំជាងពីមុន ដោយសារតែតួខ្លួនរបស់វាជាប់ធន់ជាងមុន៦០ភាគរយ។ តួខ្លួនរបស់រថយន្តគឺបានប្រើប្រាស់ដោយវីសឡាស៊ែរម្យ៉ាងដើម្បីផ្សារភ្ជាប់គ្នា ហើយបរិមាណដែកថែបដែលគេប្រើប្រាស់គឺកើនឡើងពី៣ភាគរយទៅ១៩ភាគរយ។ ចុចអាន៖ មុខងារពិសេសៗមួយចំនួនដែលគេបានបំពាក់លើរថយន្ត Prius ស៊េរី ២០១៦
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ MarketWatch