ចំនួនមហាសេដ្ឋីចិន វ៉ាដាច់អាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ
- 2015-10-19 18:50:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនមហាសេដ្ឋីចិន វ៉ាដាច់អាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ
ចន្លោះមិនឃើញ
ចិនបានវ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ ក្លាយជាប្រទេសដែលមានមហាសេដ្ឋីលុយពាន់លានដុល្លារ ច្រើនជាងគេបំផុតក្នុងលោក ទោះប្រទេសសេដ្ឋកិច្ចទី២ក្នុងលោកមួយនេះ កំពុងជួបវិបត្តិក៏ដោយ។ នេះបើយោងតាមស្ថិតិថ្មីដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
Hurun Reports Inc បានចេញឲ្យដឹងថា ចំនួនមហាសេដ្ឋីនៅចិនដីគោក បានកើនឡើងទ្វេដងដល់ចំនួន ៥៩៦នាក់ ខណៈឆ្នាំមុនមានត្រឹម ២៤២នាក់ប៉ុណ្ណោះ បើប្រៀបធៀបនឹងសហរដ្ឋអាមេរិកពេលនេះមានចំនួន ៥៣៧នាក់។
ប្រទេសចិនមានការរីកចម្រើនខាងឧស្សាហ៍កម្មបច្ចេកវិទ្យាព័ត៌មាន ដែលជាដើមចមធ្វើឲ្យទ្រព្យសម្បត្តិអ្នករកស៊ីកើនឡើងលឿនបំផុត ដោយម្នាក់ៗកើនទ្រព្យ ៤៣% ធៀបនឹងឆ្នាំមុន។
ថៅកែក្រុមហ៊ុនអចលទ្រព្យលោក Wang Jianlin បានគ្រងតំណែងលេខ ១ នៅចិន ដែលមានទ្រព្យសម្បត្តិប្រមាណ ៣៤,៤ពាន់លានដុល្លារ ដោយយកឈ្នះលោក Jack Ma ម្ចាស់ក្រុមហ៊ុនយក្សលក់ដូរតាមអនឡាញ Alibaba ដែលមានទ្រព្យ ២២,៧ពាន់លានដុល្លារ។
ទោះជាមហាសេដ្ឋីចិនមានចំនួនច្រើនជាង ៦០នាក់ ប៉ុន្តែបើគិតពីទឹកប្រាក់វិញ មហាសេដ្ឋីអាមេរិកមានជាងចិន ដូចជាមហាសេដ្ឋីលេខ១ អាមេរិកមានលុយច្រើនជាង មហាសេដ្ឋីលេខ១ ចិន ជាង ២ដងឯណោះ ហើយពុំមានជនជាតិចិនឡើយក្នុង កំពូលតារាងទាំង ១០ក្នុងលោក ខណៈអាមេរិកមានដល់ទៅ ៧នាក់។
មហាសេដ្ឋីមានជាងគេបំផុតក្នុងលោក ជាស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gate ជនជាតិអាមេរិកមានទ្រព្យ ៧៩,២ពាន់លានដុល្លារ ដែលគ្រងបានលេខកំពូលគេ ១៦ដងហើយ ក្នុងរយៈពេល ២១ឆ្នាំកន្លងទៅនេះ ឯលេខទីពីរបានទៅលើសញ្ជាតិម៉ិចស៊ីកូ លោក Carlos Slim Helu ម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ មានទ្រព្យជាង ៧៧,១ពាន់លានដុល្លារ៕
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ reuters