ព្រាប សុវត្ថិ និង នាយព្រែកថា៖ "បើមានឱកាសនឹងសម្ដែងរួមគ្នាម្ដងទៀត"
- 2015-10-19 21:37:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រាប សុវត្ថិ និង នាយព្រែកថា៖ "បើមានឱកាសនឹងសម្ដែងរួមគ្នាម្ដងទៀត"
ចន្លោះមិនឃើញ
កំពូលតារាសម្ដែង លោក ព្រាប សុវត្ថិ និង នាយព្រែក ដែលជាដៃគូសម្ដែងជាមួយគ្នាដ៏សក្ដិសមកាលពី ១០ ឆ្នាំមុននោះបានឲ្យ Sabay ដឹងដូចគ្នាថា ពួកគេរីករាយនឹងចាប់ដៃគូជាមួយគ្នាម្ដងទៀតប្រសិនបើមានពេលនោះមែន។
ម្ចាស់បទ "ខ្លុយស្នេហ៍ត្នោតទេរ” បានពោលពាក្យសរសើរកូនប្រុសយាយ យ៉យ ថា " រតនៈ ជាក្មេងប្រុសល្អ និងមានទេពកោសល្យក្នុងការសម្ដែង។” លោក ព្រាប សុវត្ថិ បានបន្ថែមយ៉ាងខ្លីថា ពេលសម្ដែងជាមួយ ព្រែក គឺគាត់ធ្វើបានល្អណាស់។ មិនតែប៉ុណ្ណោះបុរសកូនបីខាងលើបានប្រាប់ឲ្យដឹងទៀតថា ប្រសិនបើមានឱកាស ហើយខាងក្រុមហ៊ុនចង់ឲ្យសម្ដែងជាមួយគ្នាម្ដងទៀតលោកនឹងចាប់ដៃគូម្ដងទៀតជាមួយនាយភ្លាម។
ចំណែក ខេង រតនៈ ហៅនាយព្រែក វិញបាននិយាយថា៖ "ខ្ញុំយល់ឃើញថាការសម្ដែងរវាងខ្ញុំជាមួយគាត់ (ព្រាប សុវត្ថិ) មានភាពស៊ីចង្វាក់ និងទទួលបាននូវការគាំទ្រច្រើនពីបងប្អូន ជាពិសេសការសម្ដែងបែបស្រុកស្រែនេះ (ម្អមស្រែ) តែម្ដង។ ព្រោះតែមានបទចម្រៀងពីរោះ រួមនឹងការសម្ដែងល្អធ្វើឲ្យផ្ទៃសាច់រឿងនៃចម្រៀងមានភាពទាក់ទាញរវាងគាត់ និងខ្ញុំ។”
តារាវ័យ ២១ឆ្នាំ ខាងលើបានឲ្យដឹងទៀតថា បទ "ម្អមស្រែ” គឺជាចម្រៀងដំបូងដែលលោកបានរួមសម្ដែងជាមួយកំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជា និងជាបទដែលថតមុនរឿង "នេសាទក្រពើ” ។
គួរបញ្ជាក់ផងដែរថា លោក ព្រាប សុវត្ថិ និង នាយ ព្រែក គឺជាដៃគូសម្ដែងដ៏ស័ក្ដិសមក្នុងអំឡុងពេល១០ ឆ្នាំមុន ហើយបទដែលធ្វើឲ្យគេស្គាល់កូនយាយ យ៉យ កាន់តែច្បាស់គឺបទ "ម្អមស្រែ” នេះឯង៕
អត្ថបទ៖ទ្រី រ៉ាវី