សាឡាត់ ស្រីឡាង ស៊ី​ថ្លៃ​ជាង១ពាន់​ដុល្លារ ក្នុង១​រឿង

  • 2015-10-21 15:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​សម្ដែង​ស្រី​វ័យ​ក្មេង​ សាឡាត់ ស្រីឡាង បាន​ថ្លែង​ប្រាប់ Sabay នៅ​ព្រឹក​នេះ​ថា កម្រៃ​ពី​ការងារ​សិល្បៈក្នុង​១រឿង​នាង​​ទទួល​បាន​​តម្លៃ​ខ្លួន​​ពី​ការ​ថត ជាង១ពាន់​ដុល្លារសហរដ្ឋ​អាមេរិក។

 

 

តម្លៃ​ខ្លួន​នេះ គឺ​បាន​ឡើង​ជាង​មុន​ទ្វេ​ដង បើ​ប្រៀបធៀប​កាល​នាង​ចូល​សិល្បៈ​ដំបូង។ ស្រីឡាង​ ប្រាប់​ថា​កាល​នាង​ថត​រឿង ដំបូង​ទទួល​បាន​ក្រោម១ពាន់​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​បាន​ចេញ​មុខ​ជា​បន្តបន្ទាប់​មក តម្លៃ​ខ្លួន​ក៏​ចេះ​តែ​ឡើង​តាម​នោះ​​ដែរ។ " កាល​រឿង ខ្មោច​អា​សង្ហា ខ្ញុំ​បាន​មិន​ដល់​១ពាន់​ទេ តែ​ឥឡូវហ្នឹង​ឡើង​ហើយ ព្រោះ​​មាន​គេ​ស្គាល់ ជា​​​បណ្ដើរៗ​ហើយ" តារា​ស្រី​វ័យ១៨ឆ្នាំ​ថ្លែង។

 

សាឡាត់ ស្រីឡាង មិន​បាន​ប្រាប់​ពី តួលេខ​ប្រាក់​ពិត​ប្រាកដ​​ដែល​ទទួល​បាន​ពី​ការ​ថត ច្បាស់​លាស់​ឡើយ ប៉ុន្តែ​នាង​ប្រាប់​ថា រយៈ​ពេល​ដែល​នាង​ថត​ក្នុង​មួយ​រឿងៗ ប្លង់​របស់​នាង​មិន​លើសពី​ ១៥ទៅ២០ថ្ងៃ​​ឡើយ។ ចំពោះ​ស្ប៉ត​ពាណិជ្ជកម្ម ស្រីឡាង ប្រាប់​ថា ស៊ី​ថ្លៃ​ចន្លោះ​ពី៤០០ទៅ៥០០​ដុល្លារ ប៉ុណ្ណោះ។

 

ជា​មួយ​នឹង​តម្លៃ​ខ្លួន​នេះ ​តារា​ស្រី​​មាន​កំណើត​មក​ពី​ស្រុក ស្អាង ខេត្ត​កណ្ដាល​ម្នាក់​នេះ និយាយ​ថា ទៅ​ថ្ងៃ​ខាង​មុខ​នាង​មិន​យក​តម្លៃ​ខ្លួន​ប៉ុណ្ណឹង​ទេ នៅ​ពេល​ដែល​ប្រជាប្រិយភាព​របស់​នាង​កាន់​តែ​ល្បី នោះ​តម្លៃ​ខ្លួន​របស់​នាង ក៏​ត្រូវ​តែ​ឡើង​​ទៅ​តាម​នោះ​ដែរ។

 

 

កញ្ញា សាឡាត់ ស្រីឡាង ទើប​តែ​​បោះ​ជំហាន​ចូល​សិល្បៈ​ប្រហែល១ឆ្នាំ​នេះ តាម​រយៈ​មិត្តភ័ក្ដិ។ តារា​ស្រី​ម្នាក់​នេះ ​មាន​ឱកាស​បាន​ថត​រឿង៣រឿង​រួច​មក​ហើយ ​ក្នុង​នោះ​មាន​រឿង "ខ្មោច​អា​សង្ហា" រឿង "អ្នក​លេង​ជើង​ខ្វេរ" និង រឿង "នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព" ដែល​​កំពុង​ដំណើរ​ការ​ថត ។ ទាំង៣រឿង​នេះ ស្រីឡាង ​ក្ដាប់​បាន​តំណែង​តួឯក​រហូត​ដល់​ទៅ២រឿង គឺ​"ខ្មោច​អា​សង្ហា" និង​រឿង"អ្នក​លេង​ជើង​ខ្វេរ"។ ជា​មួយ​គ្នា​នោះ នាង​ក៏​ធ្លាប់​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​ផង​ដែរ។ បច្ចុប្បន្ន​​នាង កំពុង​សិក្សា​ថ្នាក់​ទី ១២​នៃ​វិទ្យាល័យ ជា​ស៊ីម​សាម​គ្គី៕

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម