ទៅមើលកុនជាមួយសង្សារ ស្រាប់តែដល់ឈុតអោបថើប មានអារម្មណ៍ម៉េច?
- 2015-10-28 15:43:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅមើលកុនជាមួយសង្សារ ស្រាប់តែដល់ឈុតអោបថើប មានអារម្មណ៍ម៉េច?
ចន្លោះមិនឃើញ
ថ្ងៃចុងសប្ដាហ៍ឬពេលទំនេរ គូសង្សារភាគច្រើនតែងណាត់គ្នាទៅមើលកុនជារឿងធម្មតា តែអារម្មណ៍គូស្នេហ៍អាចថាមិនធម្មតាដែរអត់ ពេលមើលកុនជាមួយគ្នាសុខៗ ស្រាប់តែដល់ឈុតស្នេហារ៉ូមែនទិក មានអោបថើបនោះ?
រូបតំណាង
ចំពោះបុរសកម្ពស់បាន សម្បុរសណ្ដែកបាយ មានឈ្មោះហៅក្រៅ Panda ប្រាប់ថា ពេលទៅមើលជាមួយគូស្នេហ៍ ដល់ឈុតត្រង់នេះ ពិតជាអៀនខ្លាំងមែនទែន។
អតីតនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បន្តថា៖ "មានអារម្មណ៍រំភើបទៅតាមសាច់រឿងដែរ ត្រង់ឈុតមនោសញ្ចេតនាជ្រាលជ្រៅចឹងៗអី ។ ពេលខ្លះយើងនេះចង់ចូលតួដូចសាច់រឿងទៀតក៏មាន តែមិនអាចទៅរួចទេ បានត្រឹមតែញញឹមខ្ជឹបហួសចិត្តម្នាក់ឯងនឹងឈុតក្នុងរឿង។ ពេលខ្លះ ក្តៅខ្លួនខ្លាំងពេក ក៏ទៅទាញដៃមិត្តស្រីមកកាន់ហើយទាញស្មាគេមកផ្អែកលើស្មាយើង ព្រោះគ្រាន់ចង់បានភាពកក់ក្ដៅដូចក្នុងរឿងដែរ"។
មិនខុសគ្នាប៉ុន្មាន បុគ្គលិកបម្រើការងារនៅស្ថាប័នមួយក្នុងរាជធានីភ្នំពេញ ប្រាប់ថា លោកបុកពោះម្ដងៗដែរ ពេលមើលកុនដល់ឈុតថើបគ្នាម្ដងៗ។ សក្កដា បញ្ជាក់ថា តាមត្រង់ទៅសឹងតែចូលតួហើយ ព្រោះធម្មតាទៅជាមួយសង្សារហើយក្នុងរឿងនោះក៏និយាយពីការនៅជាមួយសង្សារតែ២នាក់ដែរ អីចឹងហើយចេះតែមានអារម្មណ៍រំភើបខ្លះៗដែរ។
រីឯ សំណាង សិស្សអាហារូបករណ៍ទៅសិក្សានៅប្រទេសវៀតណាម និយាយថា ជារឿយៗឲ្យតែពេលទំនេរ លោកតែងណាត់មិត្តស្រីទៅមើលកុន ប៉ុន្តែពេលមើលដល់ឈុតគេផ្អែមល្ហែមហ្នឹងគ្នាអីចឹង សម្រាប់លោក គឺមានអារម្មណ៍ធម្មតា ហើយគ្រាន់តែចំអន់លេងជាមួយសង្សារខ្លួន ថាអូនចង់ចឹងដែរអត់ ។
ងាកមក កញ្ញា ណារី បុគ្គលិកនៅក្រុមហ៊ុនអាកាសចរណ៍មួយក្បែរម្ដុំចំការមន បានបង្ហាញពីយោបល់ខ្លួនថា ឲ្យតែពេលទៅមើលកុនជាមួយសង្សារ ធុញជាងគេត្រង់ឈុតស្នេហាអីចឹងៗម្មង ព្រោះកញ្ញាថា ពិបាកធ្វើទឹកមុខ មិនដឹងគួរធ្វើម៉េចឲ្យសមនោះទេ។
រូបតំណាង
កញ្ញា និយាយថា ៖ “អូយ! មិនដឹងមានឈុតចឹងៗធ្វើអីទេ។ និយាយតាមត្រង់ រឹងខ្លួនណាស់។ ខ្ញុំអៀន ចឹងមានតែអោនមុខចុះ ធ្វើមិនដឹងហ្មងទៅ។ជួនកាល យ៉ាប់ពេកដល់ថ្នាក់យកកំប៉ុងពោតលីងបាំងមុខក៏មាន ពេលខ្លះធ្វើជាទៅបន្ទប់ទឹកក៏មានដែរ"។ តាមពិត ឈុតស្នេហាចឹងៗ គេលេងមិនសូវយូរទេ តែពេលយើងមើលហ្នឹងមានអារម្មណ៍ថា ចង់ឲ្យវាទៅលឿនផុតៗ។ បើមើលជាមួយមិត្តភ័ក្ដិស្រីមិនសូវអៀនខ្លាំងពេកទេ តែដល់ជាមួយសង្សារប្រុសពិបាកដែរហ្នឹង។
“ខ្ញុំចូលចិត្តមើលរឿងខ្មោចច្រើនជាងព្រោះបានស្រែក មិនដូចមើលរឿងស្នេហាទេ មានឈុតអោបថើប ត្រជាក់ចុងដៃចុងជើង តែបើស្នេហាគ្រាន់តែ sweet cute cute ខ្ញុំចូលចិត្តជាង។ ណាមួយទៅជាមួយសង្សារ មិនដឹងគួរធ្វើម៉េចសមនោះទេព្រោះខ្លាចគេគិតមិនល្អចំពោះយើង បើញញឹមក៏មិនសម ធ្វើមុខក្រញូវក៏មិនត្រូវ"។ ណារីបន្ថែម។
ចុះអ្នកវិញ ធ្លាប់ទៅមើលកុនតែ២នាក់ជាមួយមនុស្សជាទីស្រលាញ់ដែរអត់? ហើយធ្វើម៉េចពេលដល់ឈុតស្នេហារ៉ូមែនទិកចឹងអី?
សូមអាន ៖ ទោះស្អាតសិចស៊ីយ៉ាងណា ប្រុសៗដឹងតែដាក់មេប្រូចពេលដឹងថានារីអាយុបង?
អត្ថបទ៖ លឹម សុនា