នាយកប្រតិបត្តិក្លិប Chelsea ចង់ឱ្យ Mourinho កាន់តំណែង១០ឆ្នាំទៀត
- 2014-09-17 16:33:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកប្រតិបត្តិក្លិប Chelsea ចង់ឱ្យ Mourinho កាន់តំណែង១០ឆ្នាំទៀត
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្លិប Chelsea លោក Ron Gourlay សង្ឃឹមថាអ្នកចាត់ការ Jose Mourinho នឹងនៅក្លិបតោខៀវនេះ១០ឆ្នាំទៀតពីព្រោះលោកគិតថាមានតែអ្នកចាត់ការម្នាក់នេះទេដែលមានសមត្ថភាពអាចនាំតោខៀវឆ្ពោះទៅរកភាពជោគជ័យបាន។ នេះបើតាមសម្ដីលោក Gourlay និយាយនៅ London Evening Standard។
លោក Ron Gourlay ដែលទទួលតំណែងនាយកប្រតិបត្តិក្លិប Chelsea តាំងពីឆ្នាំ២០០៩ បានបញ្ចេញទស្សនៈថា៖ “ខ្ញុំសង្ឃឹមថាគាត់នឹងនៅChelsea ១០ឆ្នាំទៀត។ ការគ្រប់គ្រងក្លិបរបស់គាត់គួរឱ្យទុកចិត្តណាស់សម្រាប់ខ្ញុំ ព្រោះគាត់ស្គាល់ក្លិបច្បាស់ ហើយក៏ស្គាល់ខ្ញុំច្បាស់ដែរ។ Jose មានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយប្រព័ន្ធផ្សព្វផ្សាយតាមរបៀបផ្សេងពីអតីតអ្នកចាត់ការរបស់យើងមុនៗមួយចំនួន។ គាត់មិនត្រឹមតែដោះសម្ពាធចេញពីកីឡាករប៉ុណ្ណោះទេ តែថែមទាំងដោះសម្ពាធចេញពីក្លិបថែមទៀតផង។ គាត់អនុញ្ញាតឱ្យពួកយើងចាត់ចែងនិងនាំក្លិបឆ្ពោះទៅមុខ”។
រដូវកាល២០១៤-២០១៥ នេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងដោយសារលោកអាចនាំខ្សែប្រយុទ្ធមុតស្រួចដូចជា Diego Costa និងខ្សែបម្រើ Cesc Fabregas មករួមក្រុមបាន។ ម្យ៉ាងទៀតការជោគជ័យខ្លាំងមួយទៀតនោះគឺ ការប្រកួត៤ប្រកួតបើករដូវកាលក្របខ័ណ្ឌ Premier League នេះ Chelsea មិនទាន់ស្គាល់ពាក្យចាញ់ឬស្មើនោះទេពោលគឺឈរនៅកំពូលតារាងតែម្ដង។ យ៉ាងណាមិញ Jose Mourinho ដែលដឹកនាំក្រុមជោគជ័យខ្លាំងបំផុតនៅក្លិប FC Porto និង Inter Milan មិនធ្លាប់ដឹកនាំក្រុមមួយបានយូរឆ្នាំនោះទេ ប៉ុន្តែអ្នកគាំទ្រទាំងអស់សង្ឃឹមថាលោក Gourlay នឹងអាចបញ្ចុះបញ្ចូលអ្នកចាត់ការដ៏ជោគជ័យរូបនេះនៅ Stamford Bridge បានយូរ។
អ្នកចាត់ការម្ចាស់ពានរង្វាន់ FIFA World Coach of the Year 2010 រូបនេះកាលដឹកនាំក្លិប Chelsea លើកទី១ពីឆ្នាំ២០០៣ ដល់ ២០០៧ បានជួយក្លិបឈ្នះពានរង្វាន់ដូចជា Premier League ២ដង FA Cup ១ដង Football League Cup ២ដងនិង FA Community Shield ១ ដងហើយការចូលមកដឹកនាំក្លិបតោខៀវជាថ្មីនៅឆ្នាំ២០១៣កន្លងទៅ ក៏បានជួយក្រុមនេះឱ្យមានមុខមាត់ឡើងវិញដែរនៅរដូវកាលនេះក៏ដូច ជារដូវកាល២០១៣-២០១៤៕
ប្រែសម្រួល៖ សុខ មុន្នីរម្យ
ប្រភព៖ dailymail