ចង់បានរបស់អីមួយ ស្រីៗច្រើននិយាយពាក្យទាំងនេះ
- 2015-11-02 18:09:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានរបស់អីមួយ ស្រីៗច្រើននិយាយពាក្យទាំងនេះ
ចន្លោះមិនឃើញ
មនុស្សស្រីខុសពីមនុស្សប្រុសត្រង់ចូលចិត្តលាក់អារម្មណ៍។ បើចង់បានអ្វីមួយ ពេលដើរផ្សារ ឬ ទៅណាមកណាជាមួយមិត្តប្រុសនាងច្រើនតែនិយាយ និង បញ្ចេញកាយវិការដូចខាងក្រោម៖
១. រអ៊ូរឿងតម្លៃ
លោក សាន់វិបុល បានប្រាប់ឱ្យដឹងថា មិត្តស្រីរបស់លោក ឱ្យតែចង់បានរបស់អ្វីមួយតែងតែរអ៊ូថាវាថ្លៃ។ «ដូចកាលទៅផ្សារលើកមុនគាត់ចង់បានស្បែកជើងនោះតែគាត់ថាថ្លៃពេកមិនចង់បានទេ តែក្នុងចិត្តគាត់ស្រឡាញ់បាត់ទៅហើយ! អញ្ចឹងខ្ញុំត្រូវទិញឱ្យគាត់!»។ ចំណែកកញ្ញា វ៉េង លីនណា ជាសិស្សនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឱ្យដឹងថា ពេលដែលកញ្ញាចង់បានរបស់អ្វីមួយ នាងមិនដែលហាមាត់សុំមិត្តប្រុសទិញទេ នាងនិយាយតែពីតម្លៃថា របស់នោះថ្លៃពេកប៉ុណ្ណោះ ជួនកាលក៏បានរបស់នោះដូចការរំពឹងទុក តែជួនកាលក៏មិនបានព្រោះតែវាថ្លៃលើសសមត្ថភាពមិត្តប្រុសរបស់នាង។
(រូបតំណាង)
២. សម្លឹងមើលយូរ ហើយដើរចេញ
លោក ហេង ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបានឱ្យដឹងថា មិត្តស្រីរបស់លោកបើស្រឡាញ់អីហើយ គឺសម្លឹងមើលឡើងយូរ ហើយក៏ដើរចេញទៅ ពេលដែលលោកសួរនាំ នាងឆ្លើយថាមិនស្រឡាញ់។ លោកហេង បន្តថា «ស្រីៗតែស្រឡាញ់របស់អីហើយគឺចូលចិត្តមើលដោយពិនិត្យ បើមិនស្រឡាញ់ទេសូម្បីតែក្រឡេកភ្នែកក៏មិនខ្ចីផង»។
អ្វីដែលលោកដឹងថាមិត្តស្រីរបស់លោកស្រឡាញ់របស់មិនហ៊ានប្រាប់គឺនៅពេលដែលលោក ទិញរបស់នោះឱ្យនៅថ្ងៃកំណើតនាងបែរជាសួរថា «ម៉េចដឹងខ្ញុំស្រឡាញ់អាហ្នឹង?»។ «និយាយថាអត់ស្រឡាញ់ទេតែពេលលួចទិញឱ្យបែរជារំភើប!»។ លោកហេងក៏បានបន្ថែមដែរថា នេះជាអត្តចរិតរបស់មនុស្សស្រីដែលមិនហ៊ានទារសង្សារព្រោះខ្លាចអស់លុយ។
៣. រំលឹកពីរបស់នោះញឹកញាប់ «ឱ្យតែគាត់ស្រឡាញ់អីមួយហើយ ទៅណាក៏និយាយពីរបស់ហ្នឹងដែរ! ជួនក៏សរសើរជួនក៏រិះគន់!» នេះជាការលើកឡើងរបស់ លោក វីន បុណ្ណរ័ត្ន។ លោកបានបន្តឱ្យដឹងទៀតថា មិត្តស្រីរបស់លោកចង់បានម៉ូតូមួយគ្រឿង ហើយពេលដែលមានអ្នកផ្សេងជិះម៉ូតូនោះ នាងប្រាកដជានិយាយពីម៉ូតូមួយនោះថា វាស៊ីសាំង រាងអត់ស្អាត ឯ ជួនកាលទៀតនាងក៏សរសើរថា អ្នកជិះម៉ូតូបែបនោះឡូយ ។
លោករ័ត្នក៏បានបន្ថែមដែរ លោកមិនគិតថា នេះជារឿងខុសឆ្គងនោះទេ តែនារីដែលមានចរិតបែបនេះគឺគួរឱ្យស្រឡាញ់ សុខចិត្តនិយាយពីវាមិនថាល្អអាក្រក់ តែមិនរំអុកមិត្តប្រុស ឱ្យទិញឱ្យឡើយ។
ចុះចំណែកប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ?
អត្ថបទ៖ ណេង ណេង