មហិច្ឆតាសាមញ្ញ ៦ យ៉ាងដែលអ្នកភ្នំពេញភាគច្រើនប្រាថ្នាចង់បានក្នុងជីវិត
- 2015-11-10 14:50:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហិច្ឆតាសាមញ្ញ ៦ យ៉ាងដែលអ្នកភ្នំពេញភាគច្រើនប្រាថ្នាចង់បានក្នុងជីវិត
ចន្លោះមិនឃើញ
រស់នៅក្នុងទីក្រុងសម័យបច្ចេកវិទ្យា អ្នកភ្នំពេញភាគច្រើនតែងកំណត់គោលដៅដែលខ្លួនឯងចង់បានក្នុងជីវិតនេះ។ បើតាមការធ្វើបទសម្ភាសន៍ជាមួយប្រិយមិត្ត Sabay មហិច្ឆតា 6 យ៉ាងខាងក្រោមនេះគឺជាអ្វីដែលអ្នកនៅភ្នំពេញភាគច្រើន ត្រូវតែធ្វើអោយបានមុនបច្ឆិមវ័យ។
១. កសាងគ្រួសារ
កញ្ញា ស្រេង សុខអេង និស្សិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានប្រាប់អោយ Sabay ដឹងថាគោលដៅដំបូងគេគឺចង់បានគ្រួសារតូចនិងកក់ក្ដៅមួយ។ ការកសាងគ្រួសារមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែនេះជាជំហានទីមួយ ដែលមនុស្សគ្រប់គ្នាតែងតែធ្វើនៅចន្លោះ ២២-៣០ ឆ្នាំ។ សុខអេងបានបន្តទៀតថា នៅចន្លោះអាយុនេះមនុស្សភាគច្រើន មិនទាន់មានជំនួញនៅក្នុងដៃនៅឡើយទេ ពោលគឺនៅធ្វើការអោយគេនៅឡើយ។ «ប៉ុន្តែរឿងបង្កើតគ្រួសារ ម្នាក់ៗសុទ្ធតែបានគិតទុកជាជំហានដំបូង!»។ កញ្ញាបានថ្លែងយ៉ាងដូច្នេះ។
(រូបតំណាង)
២. មានផ្ទះផ្ទាល់ខ្លួន
លោក វេន វ័តឌីជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងបានអោយដឹងថា លោកមកនៅភ្នំពេញរយៈពេល ១០ ឆ្នាំហើយ ស្រុកកំណើតរបស់លោកនៅខេត្តកំពង់ធំ តែលោកគ្មានបំណងទៅរស់នៅទីនោះវិញទេ។ ពោលគឺលោកបានទិញផ្ទះល្វែងផ្ទាល់ខ្លួនសម្រាប់ភរិយានិង កូនតូចពីរនាក់។ លោកបានថ្លែងថា « បើសួរថាមានលុយទិញផ្ទះគឺគ្មានទេ តែរាល់ថ្ងៃបង់រំលោះតើ! ហើយមួយទៀតនេះជាវិធីដ៏ពេញនិយមសម្រាប់អ្នកដែលទើបតែកសាងគ្រួសារ»។
ងាកមកអ្នកនាង លីន ថាលីនបានប្រាប់ Sabay ថាអ្នកនាងបានរៀបការក្នុងឆ្នាំ ២០១២ ដោយស្នាក់នៅផ្ទះជាមួយឪពុកម្ដាយ ខណៈនោះអ្នកនាងនិងស្វាមីក៏បានសន្សំលុយ ដើម្បីទិញផ្ទះផ្ទាល់ខ្លួនមួយ។ បីឆ្នាំក្រោយមក ការខិតខំសន្សំនេះបូករួមនឹងការជួយពីឪពុកម្ដាយទាំងសង្ខាងខ្លះ អ្នកនាងក៏បានរើទៅនៅផ្ទះល្វែងផ្ទាល់ខ្លួនជាមួយនឹងស្វាមី។
«ភាគច្រើនអ្នកការហើយថ្មីថ្មោងមិនសូវមានលទ្ធភាពទិញផ្ទះភ្លាមនោះទេ បើមិនបង់រំលស់ ទាល់តែឪពុកម្ដាយជួយ អញ្ចឹងបន្ទាប់ពីរៀបការរួចម្នាក់សង្វាតសន្សំលុយទិញផ្ទះហើយ!»។ អ្នកនាងបានបន្ថែម។
(រូបតំណាង)
៣. មានរថយន្តគ្រួសារមួយ
ហេតុអ្វីអ្នកភ្នំពេញមិនទិញរថយន្តមុនទិញផ្ទះ? លោក ហួង សុខេង បានឆ្លើយថា «បើទិញឡានមុន ទិញហើយដាក់ណា? មានផ្ទះណាដាក់? អញ្ចឹងមានតែទិញផ្ទះមុន!» ។ ប្រធានផ្នែកលក់នៅក្រុមហ៊ុន គ្រឿងសំណង់រូបនេះបានអោយដឹងទៀតថា មានផ្ទះគ្មានឡាន វាប្រសើរជាង មានឡានតែជួលផ្ទះគេ។ ដូច្នេះទាំងរូបលោកក្ដី កាលណាទិញផ្ទះបានហើយត្រូវតែទិញឡានតូចមួយ តម្លៃត្រឹម ៥ ទៅ ៦ពាន់ដុល្លារក៏បានដែរ សម្រាប់ដឹកគ្រួសារថ្មីថ្មោងទៅលេងស្រុកកំណើត ឬ ទៅដើរលេងតាមខេត្តនានា។
ចំណែកលោកស្រី ទៀង អាជីវករលក់សំលៀកបំពាក់នៅផ្សារពោធិ៍ចិនតុង បានប្រាប់អោយដឹងថា សព្វថ្ងៃលោកស្រីនិងគ្រួសារកំពុងពិចារណាទិញរថយន្តមួយគ្រឿង សម្រាប់ដឹកកូនៗ ទៅសាលា ឬ ទៅតាមខេត្តនានា។ លោកស្រីរស់នៅភ្នំពេញតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ បានលើកឡើងថា «កំពុងគិតគូរទិញឡានជិះគ្រាន់នឹងហែកឋិន ទៅខេត្ត តែទើសតម្លៃតិច!»។
(រូបតំណាង)
៤. មានរបស់ទាន់សម័យក្នុងផ្ទះយ៉ាងតិចមួយ
លោក ហេង សៅឌី បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង រស់នៅភ្នំពេញរយៈពេល១៥ ឆ្នាំបានឱ្យដឹងថា ការរស់នៅក្នុងសង្គមស៊ីវិល័យទាមទារឱ្យជីវិតក៏ស៊ីវិល័យដែរ ដោយសារតែផ្ទះល្វែងឬផ្ទះតូចល្មមជាជម្រើសទូទៅរបស់គ្រួសារនិមួយៗហើយ ដូច្នេះងាកទៅក្នុងផ្ទះវិញគេត្រូវតែមានរបស់ដែលទាន់សម័យដូចជា ទូរទឹកកក ម៉ាស៊ីន បោកខោអាវ ម៉ាស៊ីនដាំបាយ ឬ ក៏ម៉ាស៊ីនដុតនំជាដើម។
«ឬមិនអញ្ចឹង ទេក៏មាន smart phone ទាន់ស៊េរីអីមួយគ្រឿងដែរ!» លោកសៅឌីបានបន្ថែម។
(រូបពី Godrejinterio)
៥. មានអាជីវកម្មផ្ទាល់ខ្លួនមួយ
ងាកមកលោក ចិន្តានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រាប់ឱ្យដឹងថា សម្រាប់រូបលោកដែលទើបនឹងមកពីខេត្តសៀមរាបបានបួនឆ្នាំ លោកគ្មានគំនិតចង់ធ្វើការឱ្យគេរហូតទេ។ «សម្រាប់គំនិតខ្ញុំហ្មង ខ្ញុំចង់បើកហាងលក់របស់ញ៉ាំមួយកន្លែង ទោះមិនមែនជាលក្ខណៈធំអីក៏ដោយតែក៏សប្បាយចិត្តជាងធ្វើការឱ្យគេ!»។
លោក ឡេង ហ៊ាង ម្ចាស់ក្រុមហ៊ុនរចនាប្លង់ដែលទើបតែដំណើរការបានជាងមួយឆ្នាំបានឱ្យដឹងថា លោកមករស់នៅភ្នំពេញនៅឆ្នាំ ១៩៩៦ មកម្ល៉េះ បន្ទាប់ពីចប់ថ្នាក់មហាវិទ្យាល័យលោកក៏បានធ្វើការអោយគេសិនដើម្បីដកបទពិសោធន៍ ទើបតែពាក់កណ្ដាលឆ្នាំ ២០១៤ លោកបានចូលហ៊ុនបើកដំណើរការក្រុមហ៊ុនរចនាប្លង់ ដោយចូលហ៊ុនជាមួយមិត្តភ័ក្ដិ។ លោកហ៊ាង បានបន្តឱ្យដឹងទៀតថាគំនិតចង់បើកអាជីវកម្មផ្ទាល់ខ្លួនមួយនេះ មានតាំងពីលោកនៅជាសិស្សវិទ្យាល័យម្ល៉េះ។
(រូបថតពី សង្វារ សំកុល)
៦. បានទៅលេងក្រៅប្រទេសយ៉ាងតិចម្ដង
ងាកមកកញ្ញា គឹមហួយ បុគ្គលិកធនាគារវិញបានប្រាប់ថា សម្រាប់គោលដៅរបស់កញ្ញាទៅថ្ងៃអនាគតបន្ទាប់ពីកសាងគ្រួសារ មានផ្ទះសម្បែង រថយន្តផ្ទាល់ខ្លួន និង មានមុខរបរដោយខ្លួនឯងហើយ កញ្ញាចង់ទៅដើរលេងនៅក្រៅប្រទេសជាមួយគ្រួសារ។ «មិនបាច់ទៅឆ្ងាយៗពេកទេ ត្រឹមប្រទេសជិតខាងដូច ថៃ ដូចសិង្ហបុរីអីក៏បានដែរ នេះសម្រាប់គំនិតខ្ញុំផ្ទាល់!»។ គឹមហួយបានបន្ថែម។
(រូបតំណាង)
ចុះចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ?
អត្ថបទ៖ ណេង ណេង