កម្មវិធី​ដែល​ ISIS ប្រើ​ទាក់​ទង​គ្នា​មាន​សុវត្ថិភាព​ជាង​កម្មវិធី​របស់​ Facebook ទៅ​ទៀត

  • 2015-11-19 21:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Telegram គឺ​ជា​កម្មវិធី​ទំនាក់​ទំនង​​មួយ​ដែល​ក្រុម​​​​ ISIS ប្រើ​ប្រាស់​សម្រាប់​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​។ កម្មវិធី​នេះ​ទៀត​សោត​ត្រូវ​បាន​អះអាង​ថា ​មាន​សុវត្ថិភាព​ជាង​កម្មវិធី​ WhatsApp កាន់​កាប់​ដោយ​ Facebook ទៅ​ទៀត។​​​​​

 

អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​ការ​ផ្ញើ​សារ​ រូប​ភាព​ និង​ឯកសារ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ពួក​គេ​ក៏​អាច​បង្កើត​ជា​ក្រុម​ Chat មួយ​ ដែល​​​អាច​ឲ្យ​សមាជិក​ចូល​រួម​បាន​ដល់​ទៅ​២០០​នាក់​ គេ​​អាច​ជ្រើស​ជា​ "special secret chats" ដែល​សារ​ រូបភាព​ និង​វីដេអូ​​នឹង​លុប​ចោល​ដោយ​ខ្លួន​ឯង​​ក្នុង​ពេល​កំណត់​ណា​មួយ។ សុវត្ថិភាព​ដ៏​ខ្ពស់​របស់​កម្មវិធី​នេះ​​ជា​ចំណុច​មួយ​​ដែល​ធ្វើ​ឲ្យ​ក្រុម​ ISIS ជ្រើស​រើស​កម្មវិធី​នេះ​សម្រាប់​​ទំនាក់​ទំនង​សមាជិក​ក្រុម​របស់​ខ្លួន​​ដែល​ស្ថិត​នៅ​ជុំ​វិញ​ពិភពលោក។

 

ក្រុម​ ISIS ក៏​បាន​ប្រើ​ប្រាស់​នូវ​កម្មវិធី​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​សារ​សំខាន់ៗ​នៅ​លើ​គណនី​​របស់​ខ្លួន​ផង​ដែរ។ ជាក់​ស្ដែង​ក្រុម​ ISIS បាន​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស​នៅ​​គណនី​របស់​ខ្លួន។​ មិន​តែ​ប៉ុណ្ណោះ​ក៏​​ប្រើ​ប្រាស់​ Telegram ដើម្បី​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​​បំផ្ទុះ​យន្តហោះ​រុស្សី​កាល​ពី​ថ្ងៃ​៣១​​ខែតុលា​កន្លង​ទៅ។

 

 

 

ក្រៅ​ពី​ក្រុម​ ISIS ក៏​មាន​ក្រុម​ភេរវករ​ផ្សេង​ទៀត​បាន​ប្រើ​ប្រាស់​ Telegram ដើម្បី​រៃ​អង្គាស​ថវិកា។ ពួក​គេ​​ស្នើ​សុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បរិច្ចាគ​ថវិកា​និង​ជា​អ្នក​សម្រេច​ថា​តើ​ថវិកា​របស់​ពួក​គេ​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​អ្វី។ ឧទាហរណ៍​អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​រើស​ថា​ថវិកា​របស់​ពួក​គេ​នឹង​ត្រូវ​ចំណាយ​លើ​អាវុធ​ប្រភេទ​ណា​មួយ។ នេះ​បើ​តាម​សម្ដី​របស់​លោក​ Laith Alkhouri អ្នក​ចាត់​ចែង​ការ​ស្រាវជ្រាវ​ប្រចាំ​នៅ​ Flashpoint Global Partners។

 

គួរ​បញ្ជាក់​ថា​ កម្មវិធី​​ Telegram ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​បង​ប្អូន​ប្រុស​ពីរ​រូប​មាន​ឈ្មោះ​ Nikolai Durov និង​ Pavel Durov ​កាល​ពី​ឆ្នាំ​២០១៣។ ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា​ Mark Zuckerberg របស់​ប្រទេស​រុស្សី៕​​​​​​​​​​​​

 

ចុច​អាន៖ លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

 

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNN​​​​​​​​​​​​​​​​​​​​