Apple.com ផ្តល់​ដំណោះស្រាយ​គ្រប់​បញ្ហា អ្នក​ប្រើប្រាស់ Apple កម្ពុជា​ភាគ​ច្រើន​មើល​រំលង

  • 2015-11-26 18:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple.com ជា​វិបសាយ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ Apple ដែល​អតិថិជន​ទូទាំង​ពិភពលោក​អាច​ចូល​ទៅ​មើល​ផលិតផល​ថ្មីៗ សេវា​កម្ម​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់ (Accessories) សេវាកម្ម​ជួសជុល ជា​ពិសេស​ក៏​មាន​ការ​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​ ២៤ ម៉ោង។

 

លោក​ អ៊ុក​ សេរីវុឌ្ឍ តំណាង​ក្រុមហ៊ុន​ iOne ជា​ក្រុមហ៊ុន​ចែក​ចាយ​ផលិតផល Apple នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា Apple.com ជា​វិបសាយ​ផ្លូវការ​ដ៏​ធំ​របស់​ក្រុមហ៊ុន Apple ដែល​​មាន​ផ្ដល់​នូវ​ដំណោះស្រាយ​គ្រប់​បញ្ហា​មិន​ថា​ផ្នែក​បច្ចេកទេស​និង​​ការ​ស្វែង​រក​ពី​ផលិតផល​សេវា​ផ្សេងៗ​ ដែល​ប្រើប្រាស់​ផលិតផល Apple នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគ​​ច្រើន​មើល​រំលង។

 

លោក​ថា លក្ខណៈ​ពិសេស​របស់​វិបសាយ​នេះ មាន​ផ្តល់​សេវា​កម្ម​​និង​​ដំណោះស្រាយ​ជា​ច្រើន​ដល់​អតិថិជន​ដូច​ជា របៀប​បង្កើត Apple ID របៀប​ស្វែង​រក​ព័ត៌មាន​ថ្មីៗ (Apple Info) សេវាកម្ម​សម្រាប់​ការ​អប់រំ (Apple & Education) សេវាកម្ម​គ្រឿង​បន្លាស់ (Accessories) ការ​ស្វែង​រក​ការងារ​ធ្វើ​ជា​ដើម។

 

"ឧទាហរណ៍​ពេល​យើង​ភ្ជាប់ Wi-Fi មាន​បញ្ហា ​តើ​យើង​គួរ​ទៅ​រក​អ្នក​ណា​ដោះស្រាយ? ​ក្នុង​វេបសាយ​នេះ​នឹង​ផ្តល់​ដំណោះស្រាយ​ដែល​អ្នក​ប្រើប្រាស់​នឹង​អាច​ទទួល​បាន​ចម្លើយ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត"។

 

លោក​បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​អាច​ចូល​ឆែករក​​មើល​បញ្ហា​លើ​វេបសាយ​នេះ​​ដោយ​ខ្លួន​ឯង អតិថិជន​អាច Chat សួរ​នាំ​បាន​ព្រោះ​មាន​បុគ្គលិក​បម្រើការ​ជា​ប្រចាំ​។

 

នៅ​តំបន់​អាស៊ីអាគ្នេយ៍ Apple.com មាន​ជា​ច្រើន​ភាសា​ដូចជា​ថៃ វៀតណាម ឥណ្ឌូណេស៊ី ប្រ៊ុយណេ​ជា​ដើម។ ប៉ុន្តែ​ពេល​អនាគត តាម​បុគ្គលិក​ក្រុមហ៊ុន iOne ឲ្យ​ដឹង​ថា​ Apple នឹង​មាន​ការ​អភិវឌ្ឍន៍​ដាក់​សេវាកម្ម​ជា​ភាសាខ្មែរ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​អាច​ស្វែង​រក​សេវាកម្ម​និង​ប្រើប្រាស់​កាន់ ​តែ​ងាយស្រួល​ថែម​ទៀត។

 

លោក អ៊ុក សេរីវុឌ្ឍ​បាន​បន្ថែម​ថា អតិថិជន​ក៏​អាច​ទាក់​ទង​មក​កាន់ Service Store ​របស់​ក្រុមហ៊ុន​ដែល​ជា​តំណាង​ផ្លូវការ​របស់ Apple នៅ​ពេល​មាន​បញ្ហា​ណាមួយ ដែល​ក្រុមហ៊ុន​​មាន​បុគ្គលិក​​ជំនាញ​នឹង​​​ជួយ​ដោះស្រាយ​ជូន​ជា​និច្ច​​។ រាល់​ការ​ទទួល​បាន​សេវាកម្ម​និង​ការ​ផ្តល់​ដំណោះស្រាយ​នានា​ក្នុង​វេបសាយ​នេះ លុះត្រា​តែ​ជា​ផលិតផល​ Apple សុទ្ធ។

 

 

តើ​ប្រិយមិត្ត​កំពុង​ប្រើប្រាស់​​ផលិតផល​របស់ Apple ហើយ​ធ្លាប់​មាន​បញ្ហា​និង​បាន​ស្វែង​រក​ការ​ដោះស្រាយ​ពី​វេបសាយ​របស់ Apple?

 

អត្ថបទ៖ រក្សា
អត្ថបទថ្មី