រឿង​រ៉ាវ ​ប៊ុត សីហា ឆ្មើង​ឆ្មៃ​មិនគោរព​ការងារ​ ប្រភព​ថា​​ទះ​ដៃ​តែ​ម្ខាង​មិន​ឮ​

  • 2015-12-02 16:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ជិត​ស្និទ្ធបំផុត​​​នឹង​ ប៊ុត សីហា ម្នាក់​ប្រាប់​ថា​ បើ​ទះ​ដៃ​តែ​ម្ខាង​មិន​ឮ​នោះ​ទេ ចំពោះ​រឿង​ដែល​​ថា​​ម្ចាស់​លាភី The Voice Cambodia រដូវ​កាល​ទី​១​មាន​ចរិត​ឆ្មើង​ឆ្មៃមិន​គោរព​ការងារ​​ និង​​ពេល​វេលា​​ទើប​បណ្តាល​ឲ្យ​បទ​ចម្រៀង​ចេញ​យឺត ព្រម​ទាំង​​មិន​មាន​សិទ្ធិ​ច្រៀង​ក្នុង​ហង្សមាស​តទៅ​ទៀត។ ទាំង​​អស់​នោះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ។

 

ការ​អះ​អាង​ពី​ប្រភពបន្ត​ថា​​​៖ “​ខ្ញុំ​ស្គាល់​ និង​រាប់​អាន​គាត់​តាំង​ពី​ពេល​គាត់​កំពុង​ប្រឡង​ The Voice​ មក​ម្ល៉េះ​​ ពេល​ខ្លះ​អយុត្តិធម៌​សម្រាប់​គាត់​ពេក​ព្រោះ​គាត់​ជា​មនុស្ស​ស្លូត​ សុភាព​រាបសា​ ប៉ុន្តែ​ប្រិយមិត្ត និង​បណ្ដា​សារ​ព័ត៌មាន​ជា​ច្រើន​​​តែង​តែ​គិត​មិនល្អ​លើ​គាត់​ ខ្ញុំ​មិន​មែន​កាន់​ជើង​គាត់​ទេ ប៉ុន្តែ​ជា​ការ​ពិត"។

 

 

មួយ​រយៈ​មុនបណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​​​បាន​ចុះ​ផ្សាយ​ពី​បញ្ហា​ ប៊ុត សីហា ដោយ​លើក​​ពី​អាជីព​របស់​លោក​ហាក់​ទៅ​មុខ​មិន​រួច​ ព្រោះ​តាំង​ពី​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​របស់​ហង្សមាស​មក មិន​សូវ​មាន​បទ​ចម្រៀង​ច្រៀង​។ បញ្ហា​នេះ មិន​មែន​ដោយសារ​ខាង​ផលិត​កម្ម​ផ្អឹប​បទ​ចម្រៀង​លោក​ទុក​នោះ​ទេ គឺ​​មក​ពី​សីហា ខ្លួន​ឯង​ដើរ​ផ្លូវ​ខុស ​មិន​ទទួល​ខុស​ត្រូវ​លើ​ការងារ ​និង​មិន​គោរព​ម៉ោង​ពេល​វេលា​។

 

ព័ត៌មាន​ដែល​លេច​ឡើង ​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​ ខណៈ​មក​ទល់​បច្ចុប្បន្ន​សាមី​ខ្លួន​ នៅ​តែ​​មិន​ទាន់​ធ្វើ​ការ​បក​ស្រាយ​​​​ ហើយ​នៅ​ព្រឹក​នេះ​ទៀត Sabay នៅ​តែ​មិន​ទាន់​អាច​ទាក់​ទង​លោក​បាន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ប្រភព​កៀក​កិត​នឹង​ សីហា នៅ​តែ​អះ​អាង​ដដែលៗ​​ទៀត​ថា​ រឿង​រ៉ាវ​ទាំង​នេះ​បើ​ទះ​ដៃ​តែ​ម្ខាង​គឺ​មិន​ឮ​នោះ​ទេ ពោល​គឺ មាន​គេ​ចាំ​ចាប់​កំហុស​ ជយលាភី The Voice Cambodia រដូវ​កាល​ទី​១​រូប​នេះ ផ្សំ​នឹង​រូប​គេ​ មិន​សូវ​ចេះ​អែប​អប​គេ​ផង។

 

​ស្រីស្អាត​វ័យ​​​២១​ឆ្នាំ​រូប​នោះ​បន្ត​ទៀត​ថា​៖ " មនុស្ស​មិន​មែន​ល្អ​គ្រប់​ដប់​នោះ​ទេ ពេល​ដែល​គាត់​មក​លឿន​ ១០ ដង​មិន​ដែល​មាន​អ្នក​ណា​មើល​ឃើញ​នោះ​ទេ ប៉ុន្តែ​ពេល​ខក​ខាន​ម្តង​ម្កាល​វិញ​គេ​នាំ​គ្នា​ប្តឹង​ទៅ​មេ​ធំ​ ។គាត់​ជា​មនុស្ស​មិន​ចេះ​អែប​អប​គេ អត់​មាន​ខ្សែ ចឹង​គេ​មិន​សូវ​ចូល​ចិត្ត​គាត់​ទេ។ ​បើ​ឃើញ​ Fans វិញ​​មិន​បាច់​ដើរ​ទៅ​រក​ទេ គាត់​ដើរ​មក​រក​វិញ​ហ្មង​​ឲ្យ​តែ​គាត់​ធ្លាប់​ស្គាល់"។

 

 

​ចំពោះ​រឿង​ច្រៀង​ក្នុង​ផលិតកម្ម We Production  ប្រភព​ស្រីស្អាត​​ខាង​លើ​​បញ្ជាក់​​ ទាំង​ហង្សមាស​ និង​ We Production​ ប៊ុត សីហា សុទ្ធ​តែ​ច្រៀង​ទាំង​អស់​​។ ​​ផលិត​កម្ម​ We Production ជា​ផលិត​កម្ម​ដែល​ដាក់​តារា The Voice ទាំង​១៥​​នាក់​ច្រៀង​រួម​គ្នា​ ដូច្នេះ​ សីហា ត្បិត​ជាប់​ពាន​​មែន​ តែ​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​១៥​នាក់​នោះ​ដែរ​។

 

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ ប្រភព​ជិតស្និទ្ធ ប៊ុត សីហា រឿង​លោក​មាន​បទ​ចម្រៀង​ទាំង​ក្នុង​ ហង្ស​មាស និង We Production មន្រ្តី​មួយ​រូប​នៅ​ក្នុង​ ហង្ស​មាស លោក អ៊ិន ទីតូ បាន​ឆ្លើយ​តប​ថា​ជា​ការពិត​។

 

ទីតូថ្លែង៖ “បាទ​ សីហា គាត់​ច្រៀង​ទាំង​ក្នុង​ ហង្សមាស និង We Production ហើយ​ថ្មីៗ​នេះ​គាត់​ទើប​តែ​ចេញ​បទ​ចម្រៀង​ មួយ​អាល់ប៊ុម​ ម្នាក់​ឯង​១០​បទ​ផង​ដែរ"។

 

មិន​តែ​ប៉ុណ្ណោះ រឿង​រ៉ាវ ប៊ុត សីហា ឆ្មើង​ឆ្មៃ​មិន​គោរព​ការងារ​ និង​ពេលវេលា អ៊ិន ទីតូ ប្រាប់​ថា មិន​មែន​ដូច​ដែល​គេ​លើក​ឡើង​កន្លង​នោះ​ទេ។ លោក​ បន្ត​​ថា សីហា ជា​មនុស្ស​ធម្មតា​ៗមិនដែល​ឃើញ​វាយឬក​អ្វី​នោះ​ឡើយ​។ ចំពោះ​រឿង​ពេល​វេលា​ការងារ​ លោក​បញ្ជាក់​យ៉ាង​ខ្លី "មិន​មាន​បញ្ហា​ចោទ​ទេ ណាមួយ​ផ្ទះ​ សីហា នៅ​ឆ្ងាយ ជួន​ខក​ម្ដង​ម្កាលជា​រឿង​ធម្មតា​​ប៉ុណ្ណោះ"៕

 

អត្ថបទ៖ ថា ម៉ាលីដា រូប​ថត៖ ហ្វេសប៊ុក ប៊ុត សីហា