សរ សី ស៊ូ​សម្រក់​ញើស​ឈាម​លើ​សង្វៀន គ្រាន់​បើ​ជាង​​ធ្វើ​សំណង់​សម្រក់​ទឹក​ភ្នែក

  • 2015-12-02 23:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពេល​ធ្វើ​​សំណង់ លី​ឥដ្ឋ លី​ស៊ីម៉ង់​ម្ដងៗ ខ្ញុំ​ចង់​ស្រក់​ទឹក​ភ្នែក​អាណិត​ខ្លួន​ឯង... ធ្លាប់​ជា​កីឡាករ​មាន​ឈ្មោះ​ម្នាក់​ដែរ បែរ​ជា​ទៅ​ធ្វើការ​ឡើង​ឈឺ​ពេញ​ខ្លួន បាន​លុយ​ជាង២​ម៉ឺន... សុខ​ចិត្ត​ឡើង​វ៉ៃ​បែក​ឈាម ក៏​គ្រាន់​បើ​ជាង​ធ្វើ​សំណង់​ដែរ»។ កីឡាករ សរ សី និយាយ​ប្រាប់ Sabay ទាំង​ញើស​ជោក​ពេញ​​ខ្លួន​ពេល​កំពុង​ហាត់​ប្រដាល់។

 

កីឡាករ សរ សី

 

ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​ដែល​ត្រូវ​ចិញ្ចឹម​កូន ៣​នាក់ និង​ក្មួយ ២​នាក់​ក្នុង​បន្ទុក សរ សី បាន​ឆ្លៀត​ពេល​ពី​ការ​ហ្វឹក​ហាត់ ទៅ​ធ្វើ​ការងារ​សំណង់​គ្រាន់​បាន​ប្រាក់​គ្រប់​គ្រាន់​មក​ផ្គត់​ផ្គង់​គ្រួសារ។ យ៉ាង​ណា​មិញ ការងារ​ជា​កម្មករ​សំណង់​បាន​ធ្វើ​ឲ្យ​កីឡាករ​ចាស់​វស្សា​រូប​នេះ មាន​ការ​តូច​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​ស្រក់​ទឹក​ភ្នែក ទើប​សម្រេច​ចិត្ត​លែង​ធ្វើ។

 

សរ សី បាន​ប្រាប់ Sabay ថា បើ​ទៅ​ធ្វើការ​សំណង់​បាន​កម្រៃ ២៥០០០​រៀល​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ឈឺ​ខ្លួន​ទៀត។ ក្រោយ​កាត់​ថ្លៃ​​សាំង ថ្លៃ​បាយ​រួច ទឹក​ប្រាក់​ទាំង​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​ប្រពន្ធ​កូន​ឡើយ។ កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ឡើង​ប្រកួត​ម្ដង​បាន​ប្រហែល ៥០ ទៅ ៦០​ម៉ឺន​រៀល​ដែរ និង​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ទោះ​បី​ហត់​បន្តិច​ក្ដី។

 

បច្ចុប្បន្ន សរ សី កំពុង​​រស់​នៅ​ម្ដុំ​ផ្លូវ​បំបែក​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល​ជា​​មួយ​​ប្រពន្ធ​ កូន​​៣​នាក់​ ក្មួយ​២​នាក់​ និង​​ម្ដាយ​​មេម៉ាយ​​ម្នាក់​ទៀត។ រាល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ រូប​គេ​ត្រូវ​រ៉ាប់រង​ទាំង​អស់ ព្រោះ​ក្មួយ និង​កូន​សុទ្ធតែ​បាន​រៀន​គ្រប់​គ្នា លើក​លែង​កូន​ពៅ​ដែល​មាន​អាយុ​ទើប​បាន​ជាង ១​ឆ្នាំ។

 

ចោល​ការងារ​សំណង់​មែន​ពិត ប៉ុន្តែ សរ សី មិន​អាច​ចោល​ចិត្ត​តស៊ូ​បាន​ទេ ព្រោះ​អាជីព​ប្រដាល់​​រក​ប្រាក់​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​ឡើយ។ ពេល​គ្មាន​កម្មវិធី​ប្រកួត រូប​គេ​បាន​ដើរ​រាយ​មង និង​សន្ទូច កាប់​អុស ព្រម​ទាំង​ការងារ​ជា​ច្រើន​ទៀត។ នា​ថ្ងៃ​អនាគត សរ សី បាន​បញ្ជាក់​ថា ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​ប្រដាល់ ឬ​ចៅក្រម៕

 

ទស្សនា​វីដេអូ៖

 

 

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី