និស្សិត​ខ្មែរ​​រៀន​ជំនាញ​នុយក្លេអ៊ែរ​​នៅ​ប្រទេស​បារាំង​

  • 2014-10-20 19:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន ​ ហ៊ុយ ស៊ីវអ៊ឺ ​វ័យ​២៣​ឆ្នាំ​ដែល​ជា​អតីត​និស្សិត​វិស្វកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ហើយ​បច្ចុប្បន្ន​ជា​និស្សិត​ថ្នាក់​អនុ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​ ល្បាញ​មួយ​របស់​ប្រទេស​បារាំង​ ប្រាថ្នា​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​នុយក្លេអ៊ែរ​ប្រើ​ប្រាស់​នឹង​គេ​នា​ថ្ងៃ​អនាគត។

 

នេះគឺ​ជា​ក្តី​ស្រមៃ​ដ៏​ធំ​ធេង​មួយដែល​​យុវជន​វ័យ​២៣​ឆ្នាំ​រូប​នេះ​​បាន​ប៉ង​ ប្រាថ្នា​ក្នុង​មួយ​ជីវិត​​របស់​គេ។ ទម្រាំ​​តែ​រូប​គេ​អាច​​ស្វែង​​រក​ការ​សិក្សា​​ជំនាញ​នេះ​បាន​ គេ​បាន​ភ្លក់​រស​ជាតិដាក់​ពាក្យ​សុំ​​អាហារូបករណ៍​ចំនួន​៤​ដង​​រួច​មក​ហើយ។

 

 

អាហារូបករណ៍ ​សិង្ហបុរី​ និង​ជប៉ុន​សុទ្ធ​តែ​ជា​គោល​ដៅ​របស់​និស្សិត​សិក្សា​ជំនាញ​វិស្វកម្ម​ស្រវា​ ចង់​ទៅ​សិក្សា​នៅ​ទី​នោះ។ ហ៊ុយ ស៊ីវអ៊ឺ​ បាន​ប្រាប់​ថា៖ “នៅ​ថ្នាក់​ទី​១០​ និង​ឆ្នាំ​ទី​១​ ខ្ញុំ​ធ្លាក់​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​សិង្ហបុរី​។ ក្រោយ​មក​ ងាក​ទៅ​រក​អាហារូបករណ៍​ជប៉ុន​វិញ​នៅ​ឆ្នាំ​ទី​១​ និង​ទី​២ ជាប់​បាន​ត្រឹម​វគ្គ​សម្ភាសន៍។ ជំនាញ​នីមួយៗ​មិន​មែន​មាន​តែ​ប្រទេស​មួយ​ទេ​ដែល​គេ​ផ្ដល់​អាហារូបករណ៍​នោះ​ ដូច្នេះ​មួយ​បរាជ័យ​ ត្រូវ​ស្វែង​រក​មួយ​ទៀត”។

 

នៅ​ឆ្នាំ​២០១១​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ​បាន​ចេញ​ជា​ផល​វិជ្ជមាន​។ ស៊ីវអ៊ឺ​ បាន​ទទួល​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ Ecole Polytechnique ​របស់​បារាំង​ដែល​ល្បី​បំផុត​ផ្នែក​វិស្វកម្ម។

 

មុន​ពេល​ទទួល​បាន​ អាហារូបករណ៍​នេះ​ ស៊ីវអ៊ឺ​ បាន​ប្រាប់​ថា​ រូប​គេ​បាន​ស្វះ​ស្វែង​រក​វិញ្ញាសា​ចាស់​ៗ​ពី​សិស្ស​ច្បង​ ស្វ័យ​សិក្សា​ និង​រៀន​ជា​ក្រុម។ ការ​សិក្សា​ភាសា​អង់គ្លេស​ និង​បារាំង ក៏​ជា​លក្ខខណ្ឌ​មួយ​មិន​អាច​ខ្វះ​បាន​ដែរ។ កត្តា​សំខាន់​មួយ​ទៀត​គឺ​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​គ្រូ​ ព្រោះ​គ្រូ​ជា​អ្នក​ចេញ​លិខិត​បញ្ជាក់​ ហើយ​ការ​សរសេរ ​Statement of Purposeក៏​ចាំ​បាច់​ត្រូវ​ការ​គ្រូ​ជា​អ្នក​ជួយ​កែ​សម្រួល​ឲ្យ​ដែរ។

 

បច្ចុប្បន្ន ​និស្សិត​រូប​នេះ​កំពុង​សិក្សា​ជំនាញ​ថាមពល​សម្រាប់​សតវត្ស​ទី​២១។ យុវជន​រូប​នេះ​បាន​បញ្ជាក់​ថា​ ជំនាញ​នេះ​សិក្សា​ពី​ការ​រុក​រក​ថាមពល​ថ្មី​ ការ​ប្រើ​ប្រាស់​ថាមពល​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ទាក់​ទង​នឹង​វារីអគ្គិសនី​ជា​ដើម។ ជំនាញ​នេះ​ជា​គោល​គ្រឹះ​មួយ​ជួយ​ពង្រឹង​ចំណេះ​ដឹង​សម្រាប់​រូប​គេ​ ព្រោះ​នៅ​ឆ្នាំ​ក្រោយ​គេ​នឹង​ចាប់​យក​ជំនាញ​ថាមពល​នុយក្លេអ៊ែរ​ហើយ។

 

ស៊ីវអ៊ឺ ​បន្ត​ទៀត​ថា៖ “ខ្ញុំ​ចង់​ឲ្យ​ប្រទេស​ខ្មែរ​មាន​នុយក្លេអ៊ែរ​ប្រើ​នឹង​គេ។ អ្នក​ខ្លះ​គ្រាន់​តែ​ឮ​ថា​នុយក្លេអ៊ែរ​ច្បាស់​ជា​គិត​ដល់​គ្រឿង​ផ្ទុះ​ ដូច​ជា​គ្រាប់​បែក​នុយក្លេអ៊ែរ​ ឬ​ក៏​គ្រឿង​អាវុធ​ផ្សែង​ពុល​អី​ជា​ដើម។ ត្រង់​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​គេ​ ថាមពល​នុយក្លេអ៊ែរ​នោះ​សំដៅ​លើ​ការ​បម្លែង​ថាមពល​នោះ​​យក​មក​ប្រើ​ប្រាស់​លើ ​ការ​ងារ​ប្រចាំ​ថ្ងៃ​ និង​ការ​​ផ្គត់ផ្គង់​ដំណើរ​​​ការ​រោង​ចក្រ​ជា​ដើម”។

 

ដោយ ​សារ​តែ​មើល​ឃើញ​ពី​ថាមពល​ប្រើ​ប្រាស់​ ជា​ពិសេស​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពឹង​ផ្អែក​លើ​ប្រទេស​ជិត​ ខាង​ ហើយ​ការ​ផ្គត់ផ្គង់​នោះ​នៅ​​មាន​កង្វះ​ខាត​​នៅ​ឡើង​ និង​ម្យ៉ាង​ទៀត​ នៅ​ស្រុក​ខ្មែរ​មាន​សាលា​នៅ​បាត់​ដំបង​បង្រៀន​ជំនាញ​នុយក្លេអ៊ែរ​នេះ​ដែរ​ ទើប​​យុវជន​រូប​នេះ​ចង់​ដាស់​គំនិត​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ចាប់​ អារម្មណ៍​លើ​មុខ​ជំនាញ​នេះ។

 

លើស ​ពី​នេះ​ទៅ​ទៀត​នោះ​ ស៊ីវអ៊ី​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា៖ “​តាម​ការ​ពិត​គ្មាន​និស្សិត​ខ្មែរ​សិក្សា​នៅ​បរទេស​ណា​ចង់​ធ្វើ​ការ​នៅ​ បរទេស​នោះ​ទេ​ ព្រោះ​វប្បធម៌​ និង​ភាសា​ខុស​គ្នា​ ពិបាក​នឹង​សម្រប​ខ្លួន​ធ្វើ​ការ​ជា​មួយ​គ្នា​ណាស់។ គេ​គ្រាន់​តែ​ឲ្យ​យើង​នូវ​តំណែង​ណា​មួយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​អាច​ឈាន​ដល់​តំណែង​ខ្ពស់​ធ្វើ​ជា​ប្រធាន​អី​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា​ អ្នក​ខ្លះ​នៅ​មិន​ត្រឡប់​មក​ស្រុក​វិញ​ ក៏​ព្រោះ​តែ​លក្ខខណ្ឌ​ការងារ ​ឱកាស​ការងារ​ និង​ប្រាក់​ខែ​មិន​សម​ស្រប​នឹង​ជំនាញ​របស់​គេ”។

 

បន្ទាប់​ពី​បញ្ចប់​ ការ​សិក្សា​នៅ​ប្រទេស​បារាំង​ យុវជន​រូប​នេះ​មាន​គម្រោង​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ ដើម្បី​យកចំណេះ​ដឹង​ពី​ការ​សិក្សា​នោះ​មក​ផ្សព្វផ្សាយ​ និង​អនុវត្ត​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន។

 

និស្សិត ​ថ្នាក់​អនុបណ្ឌិត​រូប​នេះ​បាន​ប្រាប់​ទៀត​ថា៖ “​ខ្ញុំ​ចង់​បង្កើត​រោង​ចក្រ​នុយក្លេអ៊ែរ​ ឬ​ក៏​ធ្វើ​ការ​នៅ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​នៅ​ស្រុក​ខ្មែរ។ ជឿ​ថា​នៅ​ថ្ងៃ​អនាគត ​ខ្មែរ​នឹង​មាន​ថាមពល​ប្រើប្រាស់​ផ្ទាល់​ខ្លួន ​មិន​ពឹង​ពាក់​គេ​ទៀត​ទេ”។

 

យ៉ាង​ណា​មិញ​ ស៊ីវអ៊ឺ ​មិន​ត្រឹម​តែ​ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​នោះ​ទេ​ រូប​គេ​ក៏​ជា​ប្រធាន​សមាគម​និស្សិត​ខ្មែរ​នៅ​សាកលវិទ្យាល័យ ​Ecole Polytechnique ​នោះ​ផង​ដែរ។ សមាគម​របស់​គេ​បាន​ចូល​រួម​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​ ដូច​ជា​ការ​បង្ហាញ​ពី​របាំ​ និង​ម្ហូប​ខ្មែរ​ដើម​ ដល់​និស្សិត​បរទេស​ដទៃ​បាន​ស្គាល់​ពី​ខ្មែរ។

 

ប្រធាន​សមាគម​នេះ​រូប​ នេះ​បាន​បញ្ជាក់​ថា៖ “​មាន​និស្សិត​បរទេស​ជា​ច្រើន​គេ​ថា​ធ្លាប់​ឮ​ឈ្មោះ​​ប្រទេស​ខ្មែរ​ដែរ​ ក៏​ប៉ុន្តែ​មិន​ដែល​ដឹង​ថា​ខ្មែរ​យើង​មាន​ប្រពៃណី​យ៉ាង​ម៉េច​នោះ​ទេ។ វា​ពិត​ជា​សំខាន់​មែន​ទែន​សម្រាប់​និស្សិត​ខ្មែរ​ដែល​បាន​ទៅ​សិក្សា​នៅ​ បរទេស​ គឺ​ពួក​គេ​មិន​ត្រូវ​ភ្លេច​ផ្សារ​ភ្ជាប់​ជើង​មេឃ​រវាង​ប្រទេស​យើង​ និង​គេ​ វប្បធម៌​យើង​ និង​គេ​ ព្រោះ​វា​ជួយ​ពង្រឹង​នូវ​មិត្តភាព​ និង​ការ​ផ្លាស់​ប្ដូរ​នូវ​វប្បធម៌”។

 

 

 

 

កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ នោះ​ យុវជន​រូប​នេះ​​ក៏​បាន​ចូល​រួម​ចំណែក​ចង​ក្រង​គេហទំព័រ​ប្រជុំ​វិញ្ញាសា​ និង​លំហាត់​ផ្សេងៗ​សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ប្រឡង​យក​អាហារូបករណ៍​ទៅ​ សិក្សា​នៅ​បរទេស​ ក៏​ដូច​ជា​ប្រទេស​បារាំង​ផង​ដែរ។

 

ចង់​មើល​​គេហទំព័រ​ប្រជុំ​វិញ្ញាសា ​និង​លំហាត់​​របស់​យុវជន​រូប​នេះ​ សូម​ចុច​ត្រង់​នេះ ​ជា​អ្វី​ដែល​ស៊ីវអ៊ឺ​អាច​ជួយ​ដល់​យុវជន​ជំនាន់​ក្រោយ​ ដោយ​សារ​ចង់​ឃើញ​សិស្ស​និស្សិត​ខ្មែរ​ក្លាយ​ជា​ធន​ធាន​មនុស្ស​អាច​ជួយ​ អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន។

 

ជា​ចុង​ក្រោយ​ គេ​បាន​ផ្ដែផ្ដាំ​ដល់​យុវវ័យ​គ្រប់​រូប​ថា​ ប្រសិន​បើ​គេ​បរាជ័យ​ មិន​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ទេ​ សូម​កុំ​អាក់​អន់​ស្រពន់​ចិត្ត​ ត្រូវ​ចេះ​សម្លឹង​រក​មើល​ឱកាស​ផ្សេង​ទៀត។ ការ​សិក្សា​មួយ​ដែល​ខ្លាំង​ ហើយ​ជោគ​ជ័យ​ គឺ​ទាមទារ​នូវ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឲ្យ​បាន​ច្រើន​ និង​ជៀស​វាង​ការ​ចំណាយ​ពេល​ឥត​ប្រយោជន៍​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម៕

 

អាន​អត្ថបទ​ជាច្រើន​ទៀត​ទាក់​ទង​និស្សិត​ខ្មែរ​​សិក្សា​ក្រៅ​បរទេស សូម​ចុច​ត្រង់​នេះ

 

អត្ថបទ៖ ផល្លា សុម៉ាលីណា

អត្ថបទថ្មី