ក្មេង​ឃ្វាល​គោ​​​ច្រៀង​ល្បី​ពេញ​ Youtube​ រៀន​​ដល់​​អូស្ត្រាលី​ផង!

  • 2014-10-06 19:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែ​អាយុ​១៣​ឆ្នាំ​សោះ​ កុមារ​កម្ពុជា​មួយ​រូប​បាន​ធ្វើ​ឲ្យ​ខ្លួន​ល្បី​លើ​ឆាក​អន្តរ​ជាតិ​ និង​​បី​ឆ្នាំ​ក្រោយ​មក​ គេ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​ថ្មី​ម្ដង​ទៀត​ នោះ​គឺ​ទទួល​បាន​អាហារូបករណ៍​ទាំង​វ័យ​ក្មេង​ ទៅ​សិក្សា​នៅ​សាលា​ល្បី​លំដាប់​អន្តរជាតិ​ ក្នុង​ប្រទេស​អូស្ត្រាលី។

 

ចន ​ចាន់​វិសាល​ អាយុ​១៧​ឆ្នាំ​ បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​វិទ្យាល័យ​ នៅ​សាលា​ Prince Alfred College ​ក្នុង​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន​គេ​កំពុង​រៀន​ថ្នាក់​ទី​១១​ ជាមួយ​នឹង​សិស្ស​បរទេស​ជា​ច្រើន​ ជាពិសេស​សិស្ស​អូស្ត្រាលី​តែ​ម្ដង។

 

 

វិសាល​បាន​ថ្លែង​ប្រាប់​ពី​អូស្ត្រាលី​មក​ថា​ រូប​គេ​បាន​ជាប់​អាហារូបករណ៍​មក​រៀន​នៅ​ប្រទេស​នេះ​ គឺ ដោយសារ​មាន​គេ​ទាក់​ទង​ទៅ​អង្គការ​ដែល​​ខ្លួន​រស់​នៅ​ ប៉ុន្តែ​អាច​មក​ពី​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​ល្បាញ​របស់​ខ្លួន​ធ្លាប់​ឡើង​ ច្រៀង​បទ​ “Tell Me Why”​ ជា​ភាសា​អង់គ្លេស​ លើ​ឆាក​អន្តរជាតិ​ ឲ្យ​ជន​បរទេស​រាប់​រយ​នាក់​​ស្ដាប់​កាល​ពី​ឆ្នាំ​២០០៩​ដែរ។

 

យុវជន​រូប​នេះ​មាន​បង​ប្អូន​សុទ្ធ​តែ​ប្រុស​ៗ​ចំនួន​បួន​នាក់​ ហើយ​ខ្លួន​គឺ​ជា​កូន​ច្បង​ក្នុង​គ្រួសារ​មួយ​ ឯ​ខេត្ត​កំពង់ចាម​ ដែល​មាន​​ម្ដាយ​ជា​ស្ត្រី​មេ​ម៉ាយ។ វិសាល​ត្រូវ​ម្ដាយ​បញ្ជូន​ទៅ​ឃ្វាល​គោ​ក្របី​ឲ្យ​គេ ​តាំង​ពី​អាយុ​១០​ឆ្នាំ​ម្ល៉េះ​ដោយសារ​តែ​ភាព​ក្រី​ក្រ។

 

វិសាល​ថា៖ “ម្ដាយ​របស់​ខ្ញុំ​បាន​យក​ខ្ញុំ​ និង​ប្អូន​ប្រុស​របស់​ខ្ញុំ​ពីរ​​រូប​ទៀត​ឲ្យ​ទៅ​នៅ​ជាមួយ​អង្គការ​​ Sunrise Children’​s Village​ ឯ​ខេត្ត​កណ្ដាល​ឯណោះ។ គាត់​មិន​ដែល​មក​លេង​យើង​ទេ​ ដោយសារ​គាត់​ក្រ​ពេក​ គ្មាន​សោហ៊ុយ​នឹង​ធ្វើ​ដំណើរ​មក​ មាន​តែ​យើង​ទេ​ទៅ​លេង​គាត់​ឯ​ស្រុក​ ពេល​បុណ្យ​ទាន​ម្ដង​ៗ”។

 

ពេល​ទៅ​ដល់​អង្គការ​នោះ​ភ្លាម​ វិសាល​ដែល​បាន​រៀន​ថ្នាក់​ទី​៥​ទៅ​ហើយ​នៅ​ស្រុក​កំណើត​ បាន​បន្ត​រៀន​ថ្នាក់​ចំណេះ​ដឹង​ទូទៅ​នេះ​ទៀត។ លើស​ពី​នេះ​ គេ​បាន​រៀន​កុំព្យូទ័រ​ ជា​ពិសេស​​ភាសា​អង់គ្លេស​តែ​ម្ដង។ ពេល​ទំនេរ​ កុមារ​រូប​នេះ​បាន​រៀន​ច្រៀង​បទ​ភាសា​អង់គ្លេស និង​បាន​អនុវត្ត​និយាយ​ភាសា​អង់គ្លេស​ជាមួយ​នឹង​ជន​បរទេស​ ដែល​ទៅ​ទស្សនកិច្ច​នៅ​អង្គការ​របស់​ខ្លួន​ទៀត​ផង។ ពេល​ខ្លះ​ គេ​បាន​ច្រៀង​ជា​ភាសា​អង់គ្លេស​ឲ្យ​ជន​បរទេស​ទាំង​នោះ​ស្ដាប់​ទៀត​ផង។

 

ដោយ ​មើល​ឃើញ​ពី​ទេពកោសល្យ​ច្រៀង​ភាសា​អង់គ្លេស​បាន​យ៉ាង​ច្បាស់​ វិសាល​ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​នាំ​មុខ​ (Main Vocalist)​ នៅ​ពេល​អង្គការ​ Sunrise Children’​s Village ទៅ​សម្ដែង​នៅ​Opera ​House​ នៅ​ទី​ក្រុង​ Sydney ​ប្រទេស​អូស្ត្រាលី​​ ក្នុង​ឆ្នាំ​២០០៩។ វិសាល​ ដែល​មាន​អាយុ​ទើប​១៣​នៅ​ឡើយ​ ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ហ៊ោ​កញ្ជ្រៀវ​ ក្រោយ​ពី​គេ​ច្រៀង​បទ​ “Tell Me Why”​ចប់។

 

យុវជន ​រូប​នេះ​ថា៖ “ពេល​ដែល​សម្ដែង​នៅ​មុខ​ជន​បរទេស​រាប់​រយ​នាក់​កាល​ណោះ​ ខ្ញុំ​ភ័យ​ណាស់។ ខ្ញុំ​ធ្លាប់​តែ​សម្ដែង​តែ​មុខ​មនុស្ស​ពីរ​ ឬ​បី​នាក់​ ហើយ​មិន​ជា​ផ្លូវ​ការ​អីចឹង​ទេ។ ដើម្បី​បំបាត់​ភាព​ភ័យ​នេះ​ ខ្ញុំ​បាន​លួច​បិទ​ភ្នែក​ខ្លះ​ដែរ​ ពេល​ច្រៀង”។

 

 

វិសាល​បន្ថែម​ថា៖ “នៅ​ពេល​ច្រៀង​ចប់​ភ្លាម​ ខ្ញុំ​ឮ​គេ​ទះ​ដៃ​អបអរ​យ៉ាង​កង​រំពង​បែប​ហ្នឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​ និយាយ​ពី​អារម្មណ៍​របស់​ខ្ញុំ​យ៉ាង​ម៉េច​ទេ​ពេល​ហ្នឹង​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​រំភើប​ណាស់”។

 

 

បទ​ចម្រៀង​ “Tell Me Why”​ ច្រៀង​ដោយ​វិសាល​ក៏​បាន​បង្ហោះ​លើ​ Youtube​ ផង​ដែរ​ និង​មាន​មនុស្ស​ចូល​បើក​មើល​ពុំ​សូវ​ដាច់​។

 

http://youtu.be/RmyxnyF7T2s

 

កាល ​ពី​ឆ្នាំ​ទៅ​មិញ​ វិសាល​ត្រូវ​បាន​គេ​ទាក់​ទង​​ផ្ដល់​អាហារូបករណ៍​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​មួយ​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ឈ្មោះ​ថា​ Prince Alfred College។ យុវជន​​នេះ​បាន​​រៀន​នៅ​ថ្នាក់​ទី​១០​ទៅ​ហើយ​ក្នុង​ស្រុក​ខ្មែរ​ ប៉ុន្តែ​ពេល​ប្ដូរ​ទៅ​សិក្សា​នៅ​បរទេស​ គេ​បាន​បន្ថយ​មក​រៀន​នៅ​ថ្នាក់​ទី​៩​វិញ​ ដើម្បី​ទុក​ពេល​មួយ​ឆ្នាំ​រៀន​ភាសា​អង់គ្លេស​បន្ថែម។ បច្ចុប្បន្ន​ វិសាល​រៀន​ថ្នាក់​ទី​១១​ហើយ ​នៅ​ក្នុង​ប្រទេស​នោះ។

 

វិសាល​បញ្ជាក់​ បន្ថែម​ថា៖ “ការ​សិក្សា​នៅ​ទី​នេះ​គឺ​ស្រដៀង​នឹង​យើង​ដែរ​ ដូច​ជា​​មាន​ភូមិ​វិទ្យា​ ជីវវិទ្យា​ រូបវិទ្យា​ គណិតវិទ្យា​អីចឹង។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ខ្ញុំ​បាន​រៀន​ភ្លេង​បន្ថែម​ទៀត។ ខ្ញុំ​រៀន​ឧបករណ៍​ភ្លេង​ប៉្យាណូ​ ប៉ុន្តែ​ខ្ញុំ​ក៏​អាច​លេង​ស្គរ​ និង​ហ្គីតា​បាន​ដែរ”។

 

អាហារូបករណ៍​នេះ​បាន​រ៉ាប់រង​គ្រប់​បែប​យ៉ាង​​ ទាំង​ការ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ​ ការ​ហូប​ចុច​ និង​អ្វី​ៗ​ផ្សេង​ទៀត។ គេ​បាន​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ថ្មី​ ក្នុង​ទឹក​ដី​ប្រទេស​អភិវឌ្ឍន៍​មួយ​នេះ។ នៅ​ពេល​រៀន​ចប់​វិទ្យាល័យ​ វិសាល​ថា​ គេ​នឹង​ទទួល​បាន​អាហារូបករណ៍​បន្ត​ទៅ​ថ្នាក់​ឧត្ដម​ទៀត។

 

 

យុវជន ​រូប​នេះ​ថា៖ “ពេល​ចូល​វិទ្យាល័យ​ ខ្ញុំ​ត្រូវ​រង់​ចាំ​មើល​ជំនាញ​របស់​ខ្ញុំ​សិន។ បើ​ខ្ញុំ​បាន​ពិន្ទុ​ល្អ​ផ្នែក​ភ្លេង​ ខ្ញុំ​ចាប់​យក​ជំនាញ​តន្ត្រី​ ប៉ុន្តែ​បើ​ខ្ញុំ​ពូកែ​ខាង​គណិត​ ខ្ញុំ​នឹង​ចាប់​យក​ជំនាញ​ស្ថាបត្យកម្ម”។

 

នៅ ​ពេល​រៀន​ចប់​ និង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ យុវជន​រូប​ឲ្យ​ដឹង​ថា​ គេ​អាច​នឹង​ជួប​ការ​លំបាក​បន្តិច​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ នោះ​គឺ​ចង់​បើ​អាជីវកម្ម​មួយ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​គេ​ថា​ ដំបូង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ឲ្យ​គេ​សិន​ ទម្រាំ​តែ​មាន​ដើម​ទុន​ ទើប​បង្កើត​អ្វី​មួយ​ដោយ​ខ្លួន​ឯង។ តែ​បើ​ទោះ​បី​មិន​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​ក្ដី​ យុវជន​រូប​នេះ​ថា​ ​គេ​នឹង​មិន​បាក់​ទឹក​ចិត្ត​ជា​ដាច់​ខាត។ យុវជន​រូប​នេះ​ថា​ កុមារ​ក្រី​ក្រ​ ឬ​កុមារ​កំព្រា​ក្នុង​ស្រុក​ខ្មែរ​ក៏​គួរ​តែ​មាន​គំនិត​ មិន​បាក់​ទឹក​ចិត្ត​ដូច​​រូប​គេ​ដែរ។

 

វិសាល​ថា៖ “ខ្ញុំ​គិត​ថា​ កុមារ​កម្ពុជា​កុំ​មាន​ការ​អស់​សង្ឃឹម។ បើ​អ្នក​តស៊ូ​ ខិត​ខំ​រៀន​សូត្រ​ អ្នក​អាច​កែ​ប្រែ​ជីវិត​របស់​អ្នក​បាន។ ក្រ​ តែ​កុំ​បាក់​ទឹក​ចិត្ត!”៕

 

-ចង់​ដឹង​ថា​ យុវជន​ខ្មែរ​ណា​ខ្លះ​បាន​អាហារ​រូប​ករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ​ចុច​ត្រង់​នេះ

 

អត្ថបទ៖ មាស រ័ត្ន

អត្ថបទថ្មី