ក្មេងសោះតែមិនធម្មតា ធ្វើការសុទ្ធតែក្រុមហ៊ុនល្បីនៅជប៉ុន!
- 2014-09-29 15:38:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងសោះតែមិនធម្មតា ធ្វើការសុទ្ធតែក្រុមហ៊ុនល្បីនៅជប៉ុន!
ចន្លោះមិនឃើញ
ខណៈដែលនិស្សិតខ្មែររៀននៅបរទេសភាគច្រើន បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ នាំគ្នាសម្រុកមករកការងារក្នុងស្រុកតាមជំនាញនីមួយៗគរជើងគ្នា បែរជាកញ្ញា វិបុល សុធារី វ័យ២៤ឆ្នាំ បានហក់ចូលក្រុមហ៊ុនលំដាប់ស្តង់ដារអន្តរជាតិមួយនៅប្រទេសជប៉ុនទៅវិញ។
មានស្រុកកំណើតនៅខេត្តកំពត សុធារីបានជ្រើសរើសជំនាញសិក្សាភាសាជប៉ុនតាមការណែនាំរបស់ឪពុក ដោយមើលឃើញថា ភាសាបរទេសមួយនេះមិនទាន់មាននិស្សិតសិក្សាច្រើននៅឡើយ ហើយឱកាសការងារវិញក៏មានច្រើនទៀត។ រូបគេក៏បានចូលរៀនថ្នាក់អាហារូបករណ៍ភាសាជប៉ុនជំនាន់ទី៣នៅ វិទ្យាស្ថានភាសាបរទេសកាលពីឆ្នាំ២០០៨។
នៅពេលដែលមើលឃើញទីផ្សារការងារជប៉ុនក្នុងស្រុកខ្មែរកាន់តែរីករាល ដាល សុធារីបានសម្រេចចិត្តបោះបង់ចោលការសិក្សាអាហារូបករណ៍បរិញ្ញាបត្រ មួយទៀតជំនាញវិស្វកម្មអេឡិចត្រូនិក ដែលខ្លួនកំពុងសិក្សាក្នុងឆ្នាំទី៣នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បើទោះបីជាការងារផ្នែកភាសាជប៉ុននៅមានកម្រិតតិចតួចក៏ដោយ។
-អានអត្ថបទ៖ ក្មេងសោះឈ្នះអាហារូបករណ៍រៀនដល់បារាំង រើសបានជំនាញត្រូវប៉ាន់ទៀត!
កញ្ញា ថា៖ “ដោយសារឃើញឱកាសការងារវាល្អជាង ទើបសម្រេចឈប់មួយទៅ ហើយខំប្រឹងរៀនភាសាជប៉ុនឲ្យខ្លាំង។ ជារៀងរាល់ឆ្នាំពេលរៀនចប់ មានក្រុមហ៊ុនជប៉ុនជាច្រើនចុះមកជ្រើសរើសអ្នកសិក្សាទៅចូលធ្វើ ការ ហើយប្រាក់ខែដំបូងមិនតិចជាង៣០០ដុល្លារទេ”។
នៅឆ្នាំ ២០១២ ពេលបញ្ចប់សញ្ញាប័ត្របរិញ្ញាបត្រជប៉ុនភ្លាម សុធារីបានចូលធ្វើការឲ្យក្រុមហ៊ុនជប៉ុនមួយនៅក្នុងស្រុកខ្មែរ។ មិនដល់កន្លះឆ្នាំផង និស្សិតរូបនេះបានស្រវាយកការងារក្រៅប្រទេសវិញ ព្រោះចង់ដឹងពីការប្រកួតប្រជែងការងារក្រៅប្រទេស និងចង់បង្ហាញពីសមត្ថភាពការងាររបស់គេផងដែរ។
សព្វថ្ងៃ យុវតីរូបនេះមានតួនាទីជាអ្នកបកប្រែឲ្យក្រុមហ៊ុន O.M.NET Cooperative Business Associationនៅទីក្រុងOsaka ប្រទេសជប៉ុន។ ចំពោះការដាក់ពាក្យចូលធ្វើការងារ រូបគេដឹងតាមរយៈគ្រូនៅដេប៉ាតឺម៉ង់ភាសាជប៉ុនប្រចាំវិទ្យាស្ថាន ភាសាបរទេស។
“គេត្រូវការតែអ្នកបកប្រែស្រីតែម្នាក់ទេ។ មាន១០នាក់ឈានដល់វគ្គសម្ភាសន៍ជុំទី១ ហើយសល់៤នាក់ទៅវគ្គសម្ភាសន៍ចុងក្រោយ។ គេសួរជាភាសាជប៉ុនទាំងអស់ ផ្ដោតសំខាន់លើការប្រើប្រាស់ភាសា ចំណាប់អារម្មណ៍ និងទំនួលខុសត្រូវចំពោះការងារ អាកប្បកិរិយា និងប្រវត្តិរៀនសូត្រ”។ សុធារី បញ្ជាក់។
-អានអត្ថបទ៖ យុវតីជាប់អាហារូបករណ៍រៀននៅបីប្រទេស ត្រៀមចាប់យកតំណែងនៅUN!
សុធារី បានបន្តទៀតថា ការងារនៅទីនោះគឺធ្វើពីថ្ងៃច័ន្ទដល់សៅរ៍ ចាប់ពីម៉ោង៨កន្លះព្រឹក ដល់ម៉ោង៥កន្លះល្ងាច។ ចំណែកឯប្រាក់ខែវិញគឺទទួលបានខ្ទង់១៧០០ដុល្លារជាង។ បន្ថែមពីនេះទៅទៀតនោះ នៅមានធានារ៉ាប់រងសុខភាព ធានារ៉ាប់រងការងារ និងថ្លៃស្នាក់នៅពាក់កណ្ដាល ត្រូវបានចេញដោយក្រុមហ៊ុនទៀតផង។
ដោយសារតែក្រុមហ៊ុននោះ ជ្រើសរើសសិក្ខាកាមពីស្រុកខ្មែរឲ្យទៅបម្រើការងារនៅតាម ក្រុមហ៊ុនផ្សេងៗក្នុងប្រទេសជប៉ុន សុធារីមិនត្រឹមតែមានតួនាទីជាអ្នកបកប្រែតែប៉ុណ្ណោះទេ ថែមទាំងជាអ្នកសម្របសម្រួលការងារឲ្យសិក្ខាកាមទាំងនោះទៀតផង។
កញ្ញា បញ្ជាក់ថា៖ “វាដូចជាខ្ញុំធ្វើការឲ្យក្រុមហ៊ុន២អីចឹង។ ខ្ញុំត្រូវដើរជាមួយសិក្ខាកាម ចាំជួយបកប្រែនិងដោះស្រាយបញ្ហាផ្សេងៗឲ្យពួកគាត់។ បើពួកគាត់ស្រីៗទាំងនោះធ្វើការងារបោកគក់ និងសម្អាតឲ្យមន្ទីរពេទ្យនៅទីក្រុងKyoto ដូច្នេះខ្ញុំត្រូវស្នាក់នៅKyoto ហើយពេលប្រជុំម្តងៗត្រូវទៅOsaka”។
ចំពោះការងារនៅក្នុង ក្រុមហ៊ុនលំដាប់ស្តង់ដារទាំងពីរនេះបានផ្ដល់នូវគន្លឹះការងារល្អ ៗសម្រាប់រូបគេ។ យុវតីវ័យ២៤ឆ្នាំរូបនេះបានលើកឡើងថា ការងារលំដាប់ស្តង់ដារក្នុងប្រទេសជប៉ុនទាមទារការប្រើប្រាស់ ភាសាជប៉ុនជាចាំបាច់ គួបផ្សំទាំងទំនួលខុសត្រូវខ្ពស់ និងឥរិយាបថល្អទៀតផង។
សុធារី បានប្រាប់ឲ្យដឹងថា៖ “ធម្មតាទេធ្វើការជាមួយជប៉ុន វាលំបាកបន្តិចហើយ ដោយសារតែវប្បធម៌វាខុសគ្នា។ ជប៉ុនទាមទារការគោរពពាក្យសម្ដី និងពេលវេលាណាស់ តែគេថា១ គឺ១ហើយ។ យើងត្រូវចេះសម្របខ្លួន។ នៅជប៉ុនគ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែមានពាក្យស្លោកមួយដើម្បី ក្រើនរំឭកដល់បុគ្គលិក នោះគឺរាយការណ៍ ទំនាក់ទំនង និងពិភាក្សាគ្នា។ វាមានន័យថា បុគ្គលិកល្អ ការងារល្អ លុះត្រាតែមានការប្រាស្រ័យទាក់ទងគ្នា”។
សម្រាប់អ្នកដែលប្រាថ្នាចង់បានការងារកម្រិតស្តង់ដារនៅប្រទេសជប៉ុន យុវតីវ័យវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងថា ម្នាក់ៗត្រូវមាន៥ចំណុចសំខាន់ៗគឺ៖ ១. ជំនាញច្បាស់លាស់ ២. ចេះភាសាជប៉ុនច្បាស់លាស់ ៣. បទពិសោធន៍ការងារ ៤. ហ្វឹកហាត់អត្តចរិត ឥរិយាបថ សីលធម៌ល្អ ៥. មិនត្រូវអាត្មានិយម
បន្ថែម ពីនេះទៅទៀតនោះ ការស្វែងរកការងារនៅក្រៅប្រទេស គឺទាមទារការប្រុងប្រយ័ត្នខ្ពស់ដោយសារមានករណីបោកប្រាស់ជា ច្រើន។ ចំពោះសិស្សនិស្សិតដែលចង់បានការងារនៅក្រៅប្រទេស ត្រូវចេះស៊ើបសួរព័ត៌មានលម្អិតពីអ្នកជំនាន់មុនៗ តាមរយៈសាលា និងលោកគ្រូអ្នកគ្រូជាដើម។
សុធារីបានបន្តទៀតថា៖ “បើគ្រូទាំងនោះជាជនជាតិមកពីប្រទេសនោះទៀត រឹតតែល្អ។ គាត់អាចប្រាប់យើងថា ក្រុមហ៊ុនដែលយើងចង់ទៅនោះវាយ៉ាងម៉េច ល្អឬក៏អត់។ ម្យ៉ាងទៀត គ្រូក៏អាចជួយណែនាំយើងដល់ក្រុមហ៊ុនទាំងនោះផងដែរ។ ដូច្នេះសិស្សត្រូវយល់ដឹងពីការបង្កើតទំនាក់ទំនងល្អជាមួយគ្រូ”។
-អានអត្ថបទ៖ ស្អាតហើយពូកែទៀតយកបានអាហារូបករណ៍ទៅអាមេរិក បារាំង និងកូរ៉េ!
សម្រាប់ សមាហរណកម្មអាស៊ានខាងមុខ យុវតីរូបនេះយល់ថា យុវជនកម្ពុជានឹងប្រឈមការលំបាកក្នុងការស្វែងរកការងារធ្វើដោយសារ តែគម្លាតនៃការអប់រំរវាងកម្ពុជា និងប្រទេសជាសមាជិកអាស៊ានដទៃទៀតខុសគ្នា។ ក៏ប៉ុន្តែ រូបគេនៅតែមានសុទិដ្ឋិនិយមថា យុវជនជំនាន់ក្រោយនឹងអាចប្រកួតប្រជែងជាមួយនឹងយុវជនប្រទេសដទៃទៀត បាន ដោយសាររូបគេបានលើកទឹកចិត្តឲ្យខិតខំរៀនសូត្រ មានជំនាញមួយច្បាស់លាស់ ចេះភាសាអង់គ្លេស ស្វែងយល់អ្វីដែលថ្មីៗពាក់ព័ន្ធនឹងបញ្ហាសង្គម ចេះប្រើប្រាស់កុំព្យូទ័រ ចូលរួមសកម្មភាពសង្គម និងប្រឹងប្រែងជម្នះរាល់ឧបសគ្គ៕
អត្ថបទ៖ ផល្លា សុម៉ាលីណា