Buriram បង្ហាញ​កីឡាករ​ថ្មី​២​រូប ម្នាក់​ជា​អតីត​កីឡាករ Crystal Palace ម្នាក់​មក​ពី​ Chonburi

  • 2015-12-07 17:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​ជើង​ឯក​លីក​កំពូល​ថៃ Buriram United បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​បាន​បង្ហាញ​មុខ​កីឡាករ​ចំណូល​ថ្មី​២​រូប​នៅ​មុន​ការ​ប្រកួត​ទល់​នឹង Saraburi នៅ​កីឡដ្ឋាន Thunder Castle របស់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ។ កីឡាករ​ទើប​ទិញ​ចូល​នោះ គឺ​កីឡាករ​ប្រេស៊ីល Andre Moritz ដែល​ជា​អតីត​កីឡាករ​ក្លិប Crystal Palace របស់​អង់គ្លេស​ និង​ម្នាក់​ទៀត​គឺ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ថៃ​ Adul Lahso មក​ពី​ក្រុម Chonburi FC។

 

Andre Moritz និង​លោក Newin Chidchob ប្រធាន​ក្លិប​ Buriram United

 

ខ្សែ​បម្រើ​វ័យ​២៩ឆ្នាំ​ Moritz គឺ​ជា​កីឡាករ​ដែល​ផ្លាស់​ពី​ក្លិប​នៅ​លីក​កំពូល​កូរ៉េខាងត្បូង (K-League) Pohang Steelers។ កីឡាករ​រូប​នេះ ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​ជា​ច្រើន ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស​ប្រេស៊ីល ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន (Internacional, Fluminense) មុន​ផ្លាស់​ទៅ​លេង​នៅ​ទួរគី អង់គ្លេស ឥណ្ឌា និង​កូរ៉េខាងត្បូង។ កីឡាករ​កម្ពស់ ១,៨៧ម៉ែត្រ​រូប​នេះ បាន​រួម​ចំណែក​ជួយ​ឲ្យ Crystal Palace ឡើង​ទៅ​លេង​ Premier League (២០១២-២០១៣) មុន​ផ្លាស់​ទៅ​លេង​នៅ Bolton Wanderers។

 

ចំណែក Lahso វិញ គឺ​ជា​ខ្សែ​បម្រើ​ការពារ​ជម្រើសជាតិថៃ វ័យ​២៩ឆ្នាំ​ដូច​ Moritz ដែរ។ កីឡាករ​រូប​នេះ គឺ​ជា key player របស់ Chonburi ដែល​ធ្លាប់​រួម​ចំណែក​ជួយ​ឲ្យ​ក្លិប​នៅ​ខេត្ត​ឈុនប៊ូរី​មួយ​នេះ​ឈ្នះ​ជើងឯក​លីក​កំពូល​ថៃ​ម្ដង និង​ពាន Kor Royal Cup ៣ដង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ Lahso ក៏​ធ្លាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​ថៃ​ លើក​ពាន AFF Suzuki Cup ឆ្នាំ​២០១៤ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ថែម​ទៀត​ផង។

 

Adul Lahso

 

បញ្ជាក់​ផង​ដែរ​ថា Moritz ដែល​នឹង​ពាក់​អាវ​លេខ​១១ គឺ​ជា​កីឡាករ​បរទេស​ទី​២​ដែល​ Buriram ទើប​ទិញ​ចូល​សម្រាប់​ត្រៀម​​រដូវ​កាល​ក្រោយ ពោល​គឺ​បន្ទាប់​ពីកីឡាក​រអ៊ុយរុយហ្គាយ Emiliano Alfaro។ ទាំង​ Moritz និង Lahso (នឹងពាក់អាវលេខ​៤) សុទ្ធ​តែ​មាន​ឈ្មោះ​លេង​នៅ AFC Champions League ឆ្នាំ​២០១៦ ហើយ​ក៏​ទំនង​ជា​អាច​ចូល​លេង​ក្នុង​ពាន Mekong Club Championship វគ្គ​ផ្ដាច់ព្រ័ត្រ ទល់​នឹង​ក្រុម​បឹងកេតអង្គរ​របស់​កម្ពុជា នា​ថ្ងៃ​ទី​២០ ធ្នូ​ខាង​មុខ​ផង​ដែរ៕​

 

Moritz ពេល​លេង​ឲ្យ Crystal Palace

Adul Lahso ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ថៃ​ពេល​លេង​នៅ AFF Suzuki Cup ឆ្នាំ​២០១៤

Adul Lahso

ចុចអាន៖ ក្លិប​២​នៅ​លីក​កំពូល​ជប៉ុន​ចាប់​អារម្មណ៍ Messi J របស់​ថៃ

ប្រែសម្រួល៖ សុវត្ថិ

ប្រភព៖ Football Forward Thailand

អត្ថបទថ្មី