ហាង បណ្ណាគារ ឬតូបផ្សេងៗ ដែលអាចរកទិញសម្ភារៈបុណ្យណូអែល
- 2015-12-07 17:39:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាង បណ្ណាគារ ឬតូបផ្សេងៗ ដែលអាចរកទិញសម្ភារៈបុណ្យណូអែល
ចន្លោះមិនឃើញ
ក្នុងឱកាសបុណ្យណូអែល ដែលនឹងប្រារព្ធធ្វើនៅរៀងរាល់ថ្ងៃទី២៥ ខែធ្នូ យុវជនមួយចំនួនមុខជានឹងតុបតែងថ្នាក់រៀន កន្លែងធ្វើការ ឬកន្លែងជប់លៀង ដោយដាក់ដើមឈើ និងសម្ភារៈផ្សេងៗទាក់ទងនឹងបុណ្យគ្រឹស្ដស្មាសនេះមិនខាន។ ចុះបើគេចង់ទិញសម្ភារៈគ្រឹស្ដស្មាស តើទៅទិញនៅឯណា?
ខាងក្រោមនេះជាហាង បណ្ណាគារ ឬតូបមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលកំពុងដាក់លក់សម្ភារៈគ្រឹស្ដស្មាស៖
ពិភពម៉ូត ហាងនេះតែងដាក់លក់សម្ភារៈតុបតែងបុណ្យណូអែល ដូចជារូបតុក្កតាតាណូអែល សត្វរមាំង ពុកមាត់តាណូអែល សំលៀកបំពាក់តាណូអែល វត្ថុអនុស្សាវរីយ៍ ជាពិសេសដើមឈើណូអែល (ទាំងគ្មានព្រឹល និងមានព្រឹល)។ យុវវ័យទាំងឡាយអាចទិញ ជាពិសេសវត្ថុអនុស្សាវរីយ៍ណូអែល ជាកាដូជូនមិត្តភ័ក្ដិ ដែលមានតម្លៃចាប់ពីប្រហែលជាមួយដុល្លារឡើងទៅ។ (ផ្ទះលេខ៤០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្បែរសាលា ACE)
បណ្ណាគារ អន្តរជាតិ iBC ជាធម្មតាមានលក់សម្ភារៈសិក្សា និងសម្ភារៈការិយាល័យរហូតដល់ទៅជាងពីររយមុខឯណោះ ហើយនៅក្នុងឱកាសបុណ្យណូអែលនេះ iBC ក៏មានដាក់លក់សម្ភារៈសម្រាប់តុបតែងបុណ្យណូអែលដ៏សម្បូរបែប រាប់ទាំងដើមឈើណូអែលផងដែរ។ ដើមឈើណូអែលដែលធំជាងគេមានកម្ពស់៥ម៉ែត្រ តម្លៃជាង៦០០ដុល្លារ។ ក្រៅពីនេះ យុវវ័យអាចទិញសម្ភារៈផ្សេងៗ ជាពិសេសសម្ភារៈសិក្សា និងការិយាល័យខ្ចប់ជាកាដូជូនមិត្តភ័ក្ដិក្នុងឱកាសបុណ្យណូអែល។ (iBC មានបីទីតាំងក្នុងរាជធានីភ្នំពេញ វិថីព្រះមុនីវង្ស, ផ្លូវកម្ពុជាក្រោម, និងផ្លូវម៉ៅសេទុង)
បណ្ណាគារ វេង ហេង ជាបណ្ណាគារដែលមានដាក់លក់នូវកាដូអនុស្សាវរីយ៍ រួមនឹងសម្ភារៈសិក្សា ប៉ុន្តែក្នុងឱកាសបុណ្យអូអែល បណ្ណាគារនេះនឹងដាក់លក់រូបតាណូអែលតូចៗ កែវទឹកអនុស្សាវរីយ៍ គ្រឿងអលង្ការកាឡៃ ទឹកអប់ Gadget គ្រឿងអេឡិចត្រូនិក និងរបស់របរជាច្រើនទៀត។ (ផ្ទះលេខ៩៣ ផ្លូវ១៦៤ ក្រោយសាលាវិទ្យាល័យបាក់ទូក)
បណ្ណាគារ PBC ក្រៅពីសម្ភារៈការិយាល័យ និងសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់ បណ្ណាគារ PBC គ្រប់សាខាកំពុងដាក់លក់សម្ភារៈផ្សេងៗទាក់ទងនឹងបុណ្យគ្រឹស្ដស្មាសនេះដែរ រាប់ទាំងខោអាវតាណូអែល ដើមឈើតាណូអែល និងគ្រឿងតុបតែងជាច្រើនទៀត។ ឈើណូអែលអាចមានរហូតដល់កម្ពស់២.៧ម៉ែត្រ តម្លៃប្រហែល៧៥ដុល្លារ។ បើអ្នកចង់ជាវសម្ភារៈដើម្បីតុបតែងលម្អបុណ្យណូអែលនៅបណ្ណាគារ PBC អាចរកបានគ្រប់ទីតាំង (អគារ PBC លេខផ្ទះ៤៣៥ វិថីព្រះមុនីវង្ស, អគារ PBC ទល់មុខរដ្ឋសភាជាតិ)
កាច់ជ្រុងសាលាវិទ្យាល័យបាក់ទូក មានហាងចំនួនពីរបីដែលមានដាក់លក់កាដូអនុស្សាវរីយ៍ រាប់ចាប់ពី ខ្សែដៃជ័រ នាឡិកាជ័រ របស់របរតាំង សម្បកទូរសព្ទ សម្បកថែបប្លែត កាបូបស្ពាយ និងសម្ភារៈជាច្រើនទៀត ដែលមានតម្លៃថោក ចាប់ពី៤០០០រៀលក៏មាន។ (ក្បែរសាលាជ័យថាវី)
សាលាវិទ្យាល័យជាស៊ីម សន្ធមុខ រាល់ថ្ងៃធម្មតា តូបជាប់របងសាលាវិទ្យាល័យជាស៊ីម សន្ធមុខដាក់លាក់សម្ភារៈសិក្សាផ្សេងៗ និងតុក្កតាក្រណាត់។ ប៉ុន្តែក្នុងឱកាសបុណ្យណូអែល តូបភាគច្រើននៅទីនេះនឹងដាក់លក់កាដូគ្រឹស្ដស្មាសផ្សេងៗ សម្រាប់លក់ឲ្យយុវវ័យទិញយកទៅដោះដូរគ្នា ឬជូនមិត្តភ័ក្ដិថ្ងៃបុណ្យណូអែល ឬបុណ្យឆ្លងឆ្នាំ។ កាដូដែលគេគ្រោងដាក់លក់នាឱកាសបុណ្យណូអែលមានច្រើនប្រភេទ ប៉ុន្តែពុំមានដើមណូអែលទេ ហើយយុវវ័យអាចទិញឲ្យគេខ្ចប់ជាកាដូស្អាតៗតែប៉ុន្មាននាទីប៉ុណ្ណោះ។
តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ មាត់ទន្លេ ពីពីរទៅបីតូប (ម្ដុំផ្ទះលេខ១៩០) តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ (ផ្លូវមាត់ទន្លេ) មានដាក់លក់ខោអាវតាណូអែល ដែលគិតតាមតម្លៃទីផ្សារស្រុកខ្មែរ បើទោះបីទីតាំងលក់នេះស្ថិតក្នុងតំបន់ភ្ញៀវទេសចរដើរកម្សាន្តច្រើនក្ដី។
ហាង Memory Sweet ថ្វីត្បិតតែហាងខ្លះមានលក់ផលិតផលអេឡិចត្រូនិកក្ដី ប៉ុន្តែមិនប្រាកដថាមានការខ្ចប់ជាកាដូពិសេសជូនអតិថិជននោះទេ។ ប៉ុន្តែហាងលក់ផលិតផលផ្ទុកឯកសារ Memory, flash, Hardish, e-Reader យីហោ Memory Sweet ដែលឧស្សាហ៍បានភ្ញៀវមកជាវរបស់ទាំងនេះឲ្យមនុស្សសំខាន់ក្នុងថ្ងៃបុណ្យណូអែល បានត្រៀមលក់របស់របរខ្ចប់ជាកាដូក្នុងឱកាសបុណ្យណូអែលនេះ។ (ផ្ទះលេខ៦៨៩ Eo វិថីព្រះមុនីវង្ស ឬមួយទៀតផ្ទះលេខ១G២ ផ្លូវ ២៨៩ កាច់ជ្រុង ៥១៦ ទួលគោក រាជធានីភ្នំពេញ)
2$ ទាំងអស់ ជាតូបលក់សម្ភារៈប្លែកៗតាមរដូវកាល ដូចជាកន្លងទៅលក់របស់របរបុណ្យហាឡូវីន តែឥឡូវក៏កំពុងដាក់លក់ខោអាវតាណូអែលផងដែរ។ អាវតាណូអែលសម្រាប់បុរសតម្លៃ១០ដុល្លារ អាវសម្រាប់នារីតម្លៃ១៨ដុល្លារ និងអាវសម្រាប់កុមារពីអាយុ៦ទៅ៩ឆ្នាំតម្លៃ៦.៥ដុល្លារ។ (ផ្ទះលេខ៨៥E ផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ)
អត្ថបទ៖ មាស រ័ត្ន