កោះ​ឥណ្ឌូណេស៊ី​​​​ជាង​២០០០​ នឹង​ត្រូវ​បាត់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​

  • 2015-12-09 14:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​ការ​ប៉ាន់​ប្រមាណ​ ចំនួន​កោះ​​របស់​ប្រទេស​ឥណ្ឌូណេស៊ី​​មាន​ចន្លោះ​ពី​ ១៧៥០០ ទៅ ១៨ ៣០០​កោះ ​ប៉ុន្តែ​ចំនួន​ទាំង​នេះ​នឹង​ធ្លាក់​ចុះ​​នៅ​អនាគត​ឆាប់ៗ។ ​រដ្ឋាភិបាល​ជឿ​ថា​​កម្រិត​ទឹក​សមុទ្រ​​កំពុង​កើន​ឡើង ដោយសារ​បម្រែបម្រួល​អាកាសធាតុ នឹង​ធ្វើ​ឲ្យ​កោះ​​​​​ចំនួន​ជាង ២០០០ របស់​ខ្លួន​បាត់​មុខ​ពី​ផែនដី។

 

​មន្ត្រី​​ជំនាញ​​តំណាង​ឥណ្ឌូណេស៊ី​លោក Lin Che Wei ​បាន​ថ្លែង​សារ​ទាំង​នេះ​​​នៅ​ពេល​ចូលរួម​ប្រជុំ​​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។

 

 

ចំនួន​បាត់​បង់​ទាំង​នោះ​ ​ជា​ចំនួន​ដ៏​ច្រើន​សម្បើម ​​វា​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​​ប្រជាជន​រស់​នៅ​​ក្បែរ និង​ក្នុង​កោះ​ទេ ​ប៉ុន្តែ​​ថែម​ទាំង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល​ទៀត​ផង។ ​​​​​​​ឥណ្ឌូណេស៊ី ​​កំពុង​​ជំរុញ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន​ច្រើន ​ដែល​សីតុណ្ហភាព​ភពផែន​ដី​​នឹង​កើន​ឡើង ២​អង្សា​ នៅ​ពីរ​បី​ទសវត្ស​ទៀត។

 

​ឥណ្ឌូណេស៊ី​សន្យា​​កាត់បន្ថយ​​​ការ​បញ្ចេញ​ចោល​របស់​ខ្លួន​​ឲ្យ​បាន ២៩% ​នៅ​ឆ្នាំ ២០៣០ ប៉ុន្តែ​អ្នក​រិះគន់​ថា​ចំនួន​នេះ​​មិន​សំខាន់ ព្រោះ​ពួកគេ​មិន​​​បាន​គិតទៅ​លើ​ចំនួន​បំពុល​ដ៏​ខ្លាំង​ពី​ភ្លើង​ឆេះ​ព្រៃ​ឥណ្ឌូណេស៊ី​ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ​៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ jakarta.coconuts