អ្នកដំណើរ១៨២នាក់លើកប៉ាល់ប្រណិត ឆ្លងមេរោគនៅអូស្ត្រាលី
- 2015-12-17 20:24:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដំណើរ១៨២នាក់លើកប៉ាល់ប្រណិត ឆ្លងមេរោគនៅអូស្ត្រាលី
ចន្លោះមិនឃើញ
អ្នកដំណើរប្រមាណ១៨២នាក់ ក្នុងចំណោម ៤៧០០នាក់ បានធ្លាក់ខ្លួនឈឺនៅលើកប៉ាល់ប្រណិតជិះកម្សាន្តឈ្មោះ Explorer of the Seas ដែលបានចូលចតនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីសុខាភិបាល New South Wales។
ប្រធានមន្ទីរសុខាភិបាលសាធារណៈ លោកវេជ្ជបណ្ឌិត Mark Ferson បានមានប្រសាសន៍ថាការផ្ទុះមេរោគឆ្លងនេះបានចាប់ផ្ដើមឈឺពីរបីថ្ងៃហើយ ក្រោយពីកប៉ាល់ចាកចេញពីទីក្រុងស៊ីដនី កាលពីថ្ងៃទី២ ធ្នូ និងរីករាលដាលយ៉ាងរហ័សបំផុត។
លោកប្រាប់ថា «វាប្រហែលមកពីមេរោគឆ្លងមួយប្រភេទឈ្មោះ Norovirus ដែលធ្វើឲ្យអ្នកដំណើររាក និងក្អួតចង្អោរ»។ ការផ្ទុះមេរោគទាំងនេះបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារវាមានភាពឆ្លងលឿន ដែលពិបាកគ្រប់គ្រង។
លោកបន្តថាការផ្ទុះមេរោគឆ្លងលើកប៉ាល់ចូលទីក្រុងស៊ីដនី បានកើតឡើង ៥ទៅ៦ដងហើយក្នុងឆ្នាំនេះ តែមិនមានទ្រង់ទ្រាយធំដូចលើកនេះឡើយ។ មេរោគ Norovirus បានបម្លែងខ្លួនប្លែកៗនៅប៉ុន្មានឆ្នាំចុងក្រោយ ដែលដូចទៅនឹងមេរោគផ្ដាសាយដែរ។
ចំណែកក្រុមហ៊ុន Royal Caribbean Cruises Ltd របស់កប៉ាល់ខាងលើ និងកន្លែងចំណត សន្យាពង្រឹងការបោសសម្អាត និងធ្វើអនាម័យនានា ដើម្បីការពារពីការឆ្លងជំងឺ ទៅកាន់កប៉ាល់ផ្សេងទៀត។ អ្នកដំណើរថ្មីដែលមានរោគសញ្ញាសង្ស័យណាមួយក្នុងរយៈពេលពីរបីថ្ងៃ ត្រូវទទួលបានការប្រឹក្សាពីក្រុមហ៊ុនផងដែរ៕
ប្រែសម្រួល៖ឡេង ភារុណ ប្រភព៖ abc