​រួម​គ្នា​ប្រើ​​ប្រាស់​អក្សរ​​ជាតិ​អស់​លទ្ធភាព​ ជា​​ការ​អំពាវ​នាវ​​ពី​អ្នក​បច្ចេកវិទ្យា​ខ្មែរ​

  • 2015-12-29 16:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​ភាសាជាតិ​បាន​ច្រើន​ជា​កត្តា​កំណត់​អត្តសញ្ញាណ​មួយ​ដ៏​ល្អ ព្រោះ​ភាសា​តំណាង​ឲ្យ​ប្រទេស ឬ​ជាតិ​សាសន៍​ទាំង​មូល។ អ្វី​ដែល​សំខាន់​របស់​ដែល​ជា​តំណាង​ជាតិ មិន​គួរ​ត្រូវ​បាន​បំភ្លេច​ចោល​នោះ​ទេ គួរ​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ជួយ​លើក​តម្កើងឲ្យ​អស់​លទ្ធភាព។

 

បុគ្គល​បច្ចេកវិទ្យា​​លេចធ្លោ​មាន​លោក ដាញ់ ហុង, លោក គ្រុយ វណ្ណា លោក ជី សុផាត បាន​អំពាវនាវ​ដល់​ពលរដ្ឋ​​ខ្មែរ​​​​រួម​គ្នា​ជួយ​គាំទ្រ​ការ​ប្រើប្រាស់​​អក្សរសាស្រ្ត​ជាតិ​ឲ្យ​កាន់​តែ​ច្រើន​​។

 

១) លោក ​ដាញ់ ហុង ស្ថាបនិកអក្សរ​​ខ្មែរ​យូនីកូដ

 

 

ស្ថាបនិក​ខ្មែរ​យូនីកូដ​​ធ្លាប់​លើក​ឡើង​​ដោយ​​ទទួល​ស្គាល់​ថា ភាសា​ខ្មែរ​មាន​ភាព​ស្មុគស្មាញ​ដោយ​សារ​តែ​មាន​ព្យញ្ជនៈ​និង​ស្រះ​ច្រើន​​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​មិន​សូវ​បាន​រលូន​។ យ៉ាងណា​លោក​​មើល​ឃើញ​ក្រុម​អ្នក​អភិវឌ្ឍ​កំពុង​ខ្នះខ្នែង​ក្នុង​ការ​អភិវឌ្ឍ​អក្សរខ្មែរ​ ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​កាន់​តែ​ងាយស្រួល​និង​​ប្រសើរ​ជាង​មុន​។

 

លោក​ថា ​ពលរដ្ឋ​​គួរ​ចាប់ផ្តើម​ប្រើប្រាស់​ភាសា​ខ្មែរ​ឲ្យ​បាន​ច្រើន​​មិន​ថា​លើ​អ៊ីនធឺណិត​និង​បណ្តាញ​សង្គម ដើម្បី​​លើក​កម្ពស់​អក្សរសាស្រ្ត​ជាតិ​ក៏​ដូចជា​បាន​ជួយ​​​លើក​ទឹកចិត្ត​ដល់​ក្រុម​អភិវឌ្ឍ​ដើម្បី​អាច​បន្ត​សាង​​សមិទ្ធផល​ថ្មី​​ៗជា​ប្រយោជន៍​ដល់​សង្គមនិង​ប្រទេស​ជាតិ។

 

២) លោក គ្រុយ វណ្ណា ជា​ស្ថាបនិក​ក្ដារចុច​ឆ្លាត​វៃ

 

 

ស្ថាបនិក​ក្ដារចុច​ឆ្លាត​វៃ​រូប​នេះ​ក៏​បាន​ឆ្លើយ​តប​ប្រធាន​បទ​នេះ​​ ដោយ​​​ជំរុញ​ឲ្យ​ពលរដ្ឋ​ជួយ​លើក​កម្ពស់​អក្សរសាស្ត្រ​ជាតិ​នៅ​​គ្រប់​កាលៈ​ទេសៈ​​។

 

លោក​ថា ក្រុម​លោក​បាន​អភិវឌ្ឍ​ក្តារ​ចុច​ឆ្លាត​វៃ​​បាន​ជា​ច្រើន​ជំនាន់ ក្នុង​គោល​បំណង​ជួយ​លើក​កម្ពស់​អក្សរសាស្ត្រ​ជាតិ និង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ។ ការ​គាំទ្រ​ជា​កម្លាំង​ជួយ​ជំរុញ​ដល់​ការអភិឌ្ឍន៍​ថ្មីៗ​ ​ដែល​មិន​អាច​ផ្តាច់​ចេញ​ពី​ការ​រួម​ចំណែក​របស់​ពលរដ្ឋ​គ្រប់​គ្នា។

 

៣) លោក ជី សុផាត ជា​អ្នក​រៀប​ចំ​ព្រឹតិ្តការណ៍ Barcamp

 

 

លោក​បាន​លើក​ឡើង​ថា ប្រជាជន​ខ្មែរ​មួយ​ចំនួន​​នៅ​តែ​មាន​ទំនោរ​ការ​ប្រើប្រាស់​​ភាសា​អង់គ្លេសឬ​អង់គ្លេស​សំនៀង​ខ្មែរ​​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ច្រើន​នៅ​ឡើយ។

 

​លោក​ថា ពលរដ្ឋ​​គ្រប់រូប​គួរ​តែ​ចូល​រួម​ប្រើប្រាស់​អក្សរ​ខ្មែរ​ឲ្យ​អស់​លទ្ធភាព​មិន​ថា​លំបាក​ឬ​ងាយស្រួល​យ៉ាង​ណា ដើម្បី​​​​​ជា​ការ​បង្ហាញ​ការ​គាំទ្រ​​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​អក្សរសាស្រ្ត​ខ្មែរ​​ឲ្យ​ល្អ​ប្រសើរ។

 

អីចឹង តោះ​! ទៅ​ចូល​រួម​ប្រើប្រាស់​ភាសាជាតិ​ឲ្យ​បាន​ច្រើន​ជាមួយ​ពួក​គាត់។

 

អត្ថបទ៖ រក្សា