ថៅកែត្រី សាលម៉ុន ដែលមានចំណូល១លានកន្លះក្នុង១ឆ្នាំថា បុគ្គលិកល្អជួយអាជីវកម្មថ្កើង
- 2016-01-05 13:00:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៅកែត្រី សាលម៉ុន ដែលមានចំណូល១លានកន្លះក្នុង១ឆ្នាំថា បុគ្គលិកល្អជួយអាជីវកម្មថ្កើង
ចន្លោះមិនឃើញ
លោក ម៉ៅ វុត្ថា នាយកសាខាក្រុមហ៊ុននាំចូល ត្រីសាលម៉ុន បានបង្ហើបប្រាប់ពីជំហ៊ានជោគជ័យមួយថា ការជ្រើសរើសបានបុគ្គលិកល្អ (អត្តចរិតល្អ) គឺជាភ័ព្វសំណាងរបស់ក្រុមហ៊ុន ព្រោះអត្តចរិតល្អរបស់បុគ្គលិកជាផ្នែកមួយធ្វើឲ្យអាជីវកម្មជោគជ័យ។
ផ្ដើមពីចំណូល ៣០ ម៉ឺនដុល្លារ ក្នុង១ឆ្នាំ នៅឆ្នាំ២០១២ រហូតដល់ ១ លានកន្លះដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥នេះ ដែលជាចំណូលបានមកពីការលក់ត្រីសាលម៉ុន ម្ចាស់ភោជនីយដ្ឋាន Samon House ដែលទើបបើកហាងថ្មីមួយទៀត បាននិយាយថា អ្វីដែលជោគជ័យសព្វថ្ងៃនេះដោយសារតែលោករើសបានបុគ្គលិកល្អ។
បុគ្គលិកល្អ
បុគ្គលិកដែលលោកចង់បានគឺមានពីរប្រភេទ ទី១, បុគ្គលិកមានភាពស្មោះត្រង់ ទី២, បុគ្គលិកយល់ថា ក្រុមហ៊ុននេះជារបស់ខ្លួន។ ដូច្នេះទាំងអស់នេះគឺជាផ្នែកមួយនៃអត្តចរិតរបស់បុគ្គលិក ហើយបើមានបុគ្គលិកមានអត្តចរិតល្អគឺសេវាកម្មផ្ដល់ដល់អតិថិជននឹងល្អតាមនោះដែរ។ វុត្ថា និយាយ។
បុគ្គលិកមិនគួរយកធ្វើការ
លោក ម៉ៅ វត្ថា ដែលបានចាប់ផ្ដើមលក់ត្រីសាលម៉ុនដំបូងក្នុងឆ្នាំ ២០១២ បាននិយាយថា ជាបទពិសោធន៍បុគ្គលិក៥ យ៉ាង គឺមិនគួរយកមកធ្វើការនោះទេ។ ៥ យ៉ាងនោះរួមមាន៖
ទី១, គ្មានភាពស្មោះត្រង់ ទី២, ធ្វើការចុងដៃចុងជើង ទី៣, បុគ្គលិកធ្វើការតាមប្រាក់ខែ ខ្វះឆន្ទៈ ទី៤, បុគ្គលិកធ្វើការតែមុខថៅកែ ឬ មេ ហើយលួចសម្រាកក្រោយខ្នង ទី៥, បុគ្គលិកធ្វើការពីរ-បី កន្លែង (ប៉ុន្តែអាស្រ័យមើលទេពកោសល្យបុគ្គលិកប្រសិនបើបុគ្គលិកធ្វើបានគ្រប់ផែនការទោះពីរ-បីកន្លែងក៏មិនថ្វីដែរ)
បុគ្គលិកប៉ុន្មានជំពូកខាងលើនេះ គឺលោក វុត្ថា បានបញ្ជាក់ថា កាលពីបើករកស៊ីដំបូងធ្លាប់ជួបច្រើន តែលោកបានកែលម្អបន្ដិចម្ដងៗ ប៉ុន្ដែ បុគ្គលិកមិនព្រមកែគឺសម្រេចចិត្តបញ្ឈប់ពីការងារ។ "កាលខ្ញុំបើករកស៊ីដំបូងមានបុគ្គលិកអត្តចរិតមិនល្អ គឺគាត់មិនមានចរិតសុភាពរាបសារ ពេលភ្ញៀវកំពុងនិយាយគាត់លួចស្ដាប់ លួចដៀងភ្នែកមើលភ្ញៀវ ធ្វើបែបនេះនឹងធ្វើឲ្យភ្ញៀវមិនសប្បាយចិត្តទេ ខ្ញុំបានណែនាំពួកគាត់អំពីរឿងនេះ"។
លោក ម៉ៅ វុត្ថា បានសង្កត់ធ្ងន់ថា រាល់អាជីវកម្មជោគជ័យ គឺមិនអាចកាត់ផ្ដាច់ពីការខិតខំរបស់បុគ្គលិក ដូច្នេះ ប្រសិនបើបុគ្គលិកមានអត្តចរិតមិនល្អនឹងជះឥទ្ធិពលមិនល្អដល់អតិថិជន តែបើសិនជាបុគ្គលិកដែលមានអត្តចរិតល្អ បូករួមនឹង ផលិតល្អ និង សេវាកម្មល្អទៀត នោះជំហានជោគជ័យដើរទៅមុខជាលំដាប់៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា