ស្ត្រីដែលថើបពស់ ត្រូវពស់ហក់ខាំនៅថៃ ទទួលសំណងជាង៣ពាន់ដុល្លារ
- 2016-01-11 18:28:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីដែលថើបពស់ ត្រូវពស់ហក់ខាំនៅថៃ ទទួលសំណងជាង៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
ស្ត្រីអ្នកទេសចរជនជាតិចិនម្នាក់ ត្រូវពស់ថ្លាន់ហក់ខាំច្រមុះកាលពីថ្ងៃទី ៩មករាកន្លងទៅ បន្ទាប់ពីនាងប៉ុនប៉ងថើបពស់ នៅពិធីតាំងបង្ហាញពស់ Snake Show នៅខេត្តភូកេត ប្រទេសថៃ ។ ពេលនេះក្រុមហ៊ុន សម្រេចចេញសងថ្លៃព្យាបាល ការឈឺចុកចាប់ និងជំងឺចិត្ត ប្រមាណ ៣ ៣០០ដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់អ្នកតំណាងកម្មវិធី Snake Show ។
សំណងនេះត្រូវបានតំណាងក្រុមហ៊ុន Pawai Odski បានបញ្ជាក់កាលពីរសៀលម្សិលមិញ នៅតំបន់ Chailong។ ពស់ថ្លាន់នេះមានអាយុ ៣ឆ្នាំ និងប្រវែង ១,៥ម៉ែត្រ ហើយវាតែងតែត្រូវអ្នកទេសចរជាច្រើនថតទុកជាអនុស្សាវរីយ៍។
ឧបទ្ទវហេតុនឹកស្មានមិនដល់ខាងលើ ត្រូវបានអ្នកដំណើរផ្សេងទៀតថតជាប់សកម្មភាពទាំងស្រុង រួចបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឲ្យមានការរិះគន់ដ៏ច្រើន។
អ្នកប្រើប្រាស់អ៊ីនធឺណិតខ្លះ និយាយថា ស្ត្រីជនជាតិចិននេះ សមតែពស់ចឹកបែបនេះ ដែលហ៊ានទៅជិតពស់ពេក និងថើបសត្វសាហាវថែមទៀត។ អ្នកខ្លះយល់ថា គ្រោះថ្នាក់នេះ គួរតែក្រុមហ៊ុនទេសចរណ៍ជាអ្នកទទួលបន្ទុក ដើម្បីធានាសុវត្ថិភាពជូនអតិថិជនខ្លួន។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីការិយាល័យទេសចរណ៍ និងកីឡាខេត្តភូកេតលោក Santi Pawai អះអាងថាករណីនេះជារឿងចៃដន្យ គ្មានការគ្រោងទុក ហើយពិធីតាំងបង្ហាញពស់ Snake Show ជាពិធីស្របច្បាប់ និងបានចុះបញ្ជីត្រឹមត្រូវ ដូច្នេះស្ត្រីនោះសមតែទទួលបានទឹកប្រាក់សំណង ដើម្បីបញ្ចប់រឿង៕
ចុចអាន៖ ខ្មែរថៃប្រទេសភូមិផងវប្បធម៌ស្រដៀងគ្នា តែនៅតែមានចំណុចខុសគ្នា
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Thephuketnews