TV5 ត្រៀមថត១៥រឿង មានក្រុមជំនាញកុនថៃមកជួយ
- 2016-01-11 18:53:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TV5 ត្រៀមថត១៥រឿង មានក្រុមជំនាញកុនថៃមកជួយ
ចន្លោះមិនឃើញ
លោក ស៊ិន សុផាត តំណាងឲ្យ ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានប្រាប់ Sabay ឲ្យដឹងថា នៅឆ្នាំ២០១៦នេះ ប៉ុស្ដិ៍លេខ៥ គ្រោងថតខ្សែភាពយន្តភាគរហូតដល់ទៅ១៥រឿង ដោយជំហានដំបូងមានក្រុមអ្នកជំនាញកុនថៃមកជួយផលិតតែម្ដង។
លោកបានថ្លែងឲ្យដឹងបែបនេះ គ្រាដែល ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ ធ្វើពិធីក្រុងពាលីរឿងដំបូងរបស់ខ្លួនមានឈ្មោះចំណងជើងថា "ភ្លើងស្នេហ៍ភ្លើងឫស្យា" នៅសណ្ឋាគារសូហ្វីតែល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ លោក ស៊ិន សុផាត បានបន្តឲ្យដឹងថា ការគ្រោងផលិតខ្សែភាពយន្តជាច្រើនរឿងបែបនេះ គឺធ្វើឡើង ដើម្បីធ្វើតាមប្រកាសរបស់ក្រសួងព័ត៌មាន បង្គាប់ឲ្យគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តបរទេស នៅម៉ោងមាស ៧:០០ ដល់ម៉ោង ៩:០០ ល្ងាច ។ ខ្សែភាពយន្តទាំងអស់ផលិតឡើង មិនមែនសម្រាប់ចាក់តែថ្ងៃចន្ទ ដល់ ថ្ងៃ សុក្រ ឡើយ ពោលគឺ គ្រោងចាក់ទាំង៧ថ្ងៃ តែម្ដង ។ " យើងមានក្រុមផលិតច្រើន ទាំង TV5 ផង ទាំងដៃគូយើងផង ក្នុង១អាទិត្យយើងមាន១៤ម៉ោង យើងគ្រោងចាក់រាល់ថ្ងៃតែម្ដង " លោក ស៊ិន សុផាត ថ្លែង។
លោក ស៊ិន សុផាត ដំណាងឲ្យ ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥
តំណាងប៉ុស្ដិ៍លេខ៥ មិនបានប្រាប់ពីចំណងជើង និងថវិកាគ្រោងចំណាយសម្រាប់ផលិតខ្សែភាពយន្តនោះឡើយ ដោយរង់ចាំផលិតចប់សិន ត្បិតកិច្ចការនេះ គឺជាជំហានដំបូង។ ដោយមិនលាក់លៀម លោក ស៊ិន សុផាត បានទម្លាយឲ្យដឹងថា ខ្សែភាពយន្តដែលគ្រោងផលិតនោះ មានមួយចំនួនបានដកស្រង់ចេញ ពីខ្សែភាពយន្តថៃ ប៉ុន្តែត្រូវបានក្រុមបច្ចេកទេសនៃ ស្ថានីយទូរទស្សន៍មួយនេះ យកមកកែសម្រួលខ្លះ ដើម្បីឲ្យត្រូវនឹងបរិបថវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ហើយចំពោះក្រុមបច្ចេកទេសថតវិញ ក៏ភាគច្រើនជាជនជាតិថៃផងដែរ។ "ដំបូងគេមកជួយយើងសិន នៅពេលដែលយើងធ្វើកើតនោះ គេហ្នឹងលែងដៃឲ្យធ្វើម្ដង ។ "ដូចអស់លោកបានដឹងហើយថា TV5 គឺជាទូរទស្សន៍ដែលមានភាគហ៊ុនខ្មែរ-ថៃ អីចឹងគេត្រូវតែជួយយើងក្នុងការផលិត" លោក ស៊ិន សុផាត លើកឡើង។
ងាកមករឿង "ភ្លើងស្នេហ៍ភ្លើង"ឫស្យា" ដែលជាខ្សែភាពយន្តដំបូងនេះវិញ ក៏ជាខ្សែភាពយន្តមួយដកស្រង់ចេញ ពីខ្សែភាពយន្តថៃផងដែរ។ ខ្សែភាពយន្តគ្រោងថត នៅសប្ដាហ៍នេះ ដោយមានទាំងអស់ចំនួន៣៥ភាគ។ តួឯកនៅក្នុងរឿងមួយនេះ មានតួឯករហូតដល់ទៅ៣នាក់ គឺ លោក អែត វីន កញ្ញា នីមុន្នី នាថ និង កញ្ញា យ៉ែម ស្រីពេជ្រ។ ទោះបីជាមានក្រុមអ្នកជំនាញថៃមកជួយផលិតបែបណាក្ដី លោក ស៊ិន សុផាត មិនគាំទ្រឲ្យតារា ក៏ដូចជាក្រុមអ្នកផលិតកុននៅកម្ពុជា ពឹងផ្អែកទៅលើភាគីថៃទាំងស្រុងឡើយ។ តំណាងប៉ុស្ដិ៍លេខ៥ បានសំណូមពរឲ្យ តារាសម្ដែង ក៏ដូចជាផលិតករខ្មែរទាំងអស់ ខិតខំរៀនសូត្រ ពីភាគីថៃឲ្យបានច្រើន ដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែងទីផ្សារអន្តរជាតិ៕