E-Sports កម្ពុជាធ្វើសន្និសីទបញ្ជូនក្រុមកីឡាអេឡិចត្រូនិកកម្ពុជាទៅ MATIC 2016
- 2016-01-12 20:40:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
E-Sports កម្ពុជាធ្វើសន្និសីទបញ្ជូនក្រុមកីឡាអេឡិចត្រូនិកកម្ពុជាទៅ MATIC 2016
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអេឡិចត្រូនិកបានរៀបធ្វើសន្និសីទសារព័ត៌មានស្តីពីបញ្ជូនក្រុមកីឡាករអេឡិចត្រូនិកជម្រើសជាតិកម្ពុជាទៅចូលរូមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2016 (Mission Against Terror International Championship) នៅប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១៣ ដល់ទី១៨ ខែមករា ឆ្នាំ២០១៦។
ថតរូបជុំគ្នា
នៅក្នុងសន្និបាតវិសាមញ្ញដែលមានទាំងសន្និសិទផងកាលពីព្រឹកមិញមានការចូលរួមដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលទើបត្រូវបានតែងតាំងជាអនុប្រធានទីមួយរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក ជី សិលា ជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ព្រមទាំងសមាជិកគណៈកម្មការប្រតិបត្តិទាំងអស់នៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
ក្នុងពិធីនេះ ឯកឧត្តម វ៉ាត់ ចំរើន បានផ្តាំផ្ញើដល់ក្រុមកីឡាករដែលទៅចូលរួមប្រកួត MATIC 2016 ត្រូវប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ និងស្មារតីជាក្រុមក្នុងការចូលរួមប្រកួតដើម្បីឈានទៅរកភាពជោគជ័យ និងនាំមកនូវមុខមាត់ជូនប្រទេសជាតិ។ ឯកឧត្តមសង្ឃឹមថា ក្រុមកីឡានឹងធ្វើបានល្អ ហើយអាចរក្សាការពារតំណែងជើងឯកឆ្នាំចាស់របស់ខ្លួនបាន។
ឯកឧត្តមបន្តថា កីឡាអេឡិចត្រូនិកកម្ពុជា(E-Sport) គឺជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរួមចំណែកក្នុងសកម្មភាពកីឡាទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីលើកកិត្តិសមុខមាត់ប្រទេសកម្ពុជា។ កីឡាប្រភេទថ្មីនេះ បានអភិវឌ្ឍខ្លួនឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្ដែទន្ទឹមជាមួយគ្នានេះ ក៏មានមនុស្សមួយចំនួន នៅយល់ច្រឡំ E-Sport នេះដែរ ដោយពួកគេបែរជាលើកឡើងថា E-Sports ជាកីឡាបង្វក់ក្មេងៗ ឬជាល្បែងខុសច្បាប់ទៅវិញ។ កីឡា E-Sport មានក្បួនខ្នាតច្បាប់លេងត្រឹមត្រូវ ដោយមានការគ្រប់គ្រងច្បាស់លាស់ពីសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី។ កីឡានេះ មិនមែនដូចការលើកឡើងថា ជាកីឡាបង្វក់ក្មេងៗ ឬជាល្បែងខុសច្បាប់នោះទេ ផ្ទុយទៅវិញ កីឡានេះ បានរួមចំណែកយ៉ាងសំខាន់ ដែលធ្វើយុវជនទទួលបានចំណេះដឹងបច្ចេកវិទ្យា ពិសេសជំនាញកុំព្យូទ័រ និងភាសាបរទេសតែម្ដង។
ឯកឧត្តម វ៉ាត់ ចំរើន (ឆ្វេង) និង លោក ជី សិលា (ស្តាំ)
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2016 នៅប្រទេសឥណ្ឌូណេស៊ីនេះមានប្រទេសចូលរួមចំនួន៦គឺម្ចាស់ផ្ទះឥណ្ឌូណេស៊ី ចិន កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ បើគិតជាក្រុមវិញមាន១៦ក្រុមគឺប្រទេសកម្ពុជាមាន២ក្រុម, ថៃមាន៣ក្រុម, ម៉ាឡេស៊ីមាន២ក្រុម, សិង្ហបុរីមាន២ក្រុម, ចិនមាន២ក្រុម និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី៥ក្រុម។
ការប្រកួតនេះមានកីឡាអេឡិចត្រូនិក២វិញ្ញាសាដែលត្រូវបានដាក់ឲ្យប្រកួតគឺវិញ្ញាសាប្រកួតជាក្រុម (៥នាក់) និងវិញ្ញាសាឯកត្តជន។
សម្រាប់ប្រាក់រង្វាន់វិញគឺក្រុមជើងឯកទទួលមេដាយមាស ពានមួយ និងប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក ក្រុមលេខ២ទទួលមេដាយប្រាក់ ពានមួយ និងប្រាក់រង្វាន់៧០០០ដុល្លារអាមេរិក ក្រុមលេខ៣ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់៤០០០ដុល្លារអាមេរិក និងក្រុមលេខ៤ទទួលបាន២៥០០ដុល្លារអាមេរិក។ ចំពោះវិញ្ញាសាឯកត្តជនវិញលេខ១ទទួល៥០០ ដុល្លារអាមេរិក លេខ២ទទួល ៤០០ ដុល្លារអាមេរិក លេខ៣ទទួលបាន ៣០០ ដុល្លារអាមេរិក លេខ៤ទទួលបាន២០០ ដុល្លារអាមេរិក និងលេខ៥ទទួល១០០ ដុល្លារអាមេរិក។
ការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC បានប្រព្រឹត្តទៅចំនួន៥លើកហើយគិតទាំងឆ្នាំ២០១៦នេះ។ កាលពីឆ្នាំ២០១៥កន្លងទៅក្រុមកម្ពុជា Secret ជាម្ចាស់ជើងឯកដែលទទួលបានមេដាយមាស ពាន និងប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក។ ដូច្នេះសម្រាប់ឆ្នាំនេះ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាត្រូវការពារតំណែងជើងឯកឆ្នាំចាស់របស់ខ្លួន។ ក្រុមកីឡាករជម្រើសជាតិកម្ពុជានឹងចេញដំណើរទៅព្រឹកថ្ងៃទី១៣ ខែមករា ស្អែកនេះ៕
ក្រុមកីឡាករ
កីឡាករផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន
អត្ថបទ៖ ជាន ចាន់រ៉ា