ក្រុមកីឡាករ E-Sports កម្ពុជាចេញទៅការពារតំណែងជើងឯកនៅឥណ្ឌូណេស៊ី
- 2016-01-14 00:34:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកីឡាករ E-Sports កម្ពុជាចេញទៅការពារតំណែងជើងឯកនៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា E-Sports បានធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមុននេះបន្តិច ដើម្បីទៅការពារតំណែងជើងឯករបស់ខ្លួនជាមួយប្រទេស៥ ផ្សេងទៀតលើទឹកដីឥណ្ឌូណេស៊ី ដោយមានការជូនដំណើរពី ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
នៅឆ្នាំ ២០១៦នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូនកីឡាករ ២ក្រុមទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ដែលក្នុងនោះមានក្រុម Never Care ជាជើងឯកថ្នាក់ជាតិ និងក្រុម Five Military ជាជើងឯករងថ្នាក់ជាតិ ចម្រាញ់ចេញពីក្រុមជើងខ្លាំងទាំង ២៣ខេត្ត-រាជធានីក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ។
មុនពេលចេញដំណើរ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ អនុប្រធានទី១ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានផ្ដាំផ្ញើឲ្យកីឡាករទាំងអស់ចេះសាមគ្គីជាក្រុម និងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកមេដាយមាសជាថ្មីជូនជាតិ។ ឯកឧត្ដមបានមានប្រសាសន៍ថា បើទោះបីកម្ពុជាទើបលេចមុខថ្មីក្នុងប្រភេទកីឡានេះមែនពិត តែបង្ហាញពីភាពខ្លាំងធ្វើឲ្យប្រទេសដទៃទៀតភ្ញាក់ផ្អើល។
ចំពោះតំណាងកីឡាករ ដែលចេញទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រុមទាំងពីរបានត្រៀមខ្លួនរួចរាល់អស់ហើយ ចំណែកសមត្ថភាពឆ្នាំនេះក៏នៅតែខ្លាំងមិនចាញ់ឆ្នាំមុន។ យ៉ាងណាក្ដី កីឡាកររូបនេះបានអះអាងថា ប្រទេសម៉ាឡេស៊ីជាឧបសគ្គធំរបស់ខ្លួនក្នុងការឈានទៅគ្រងតំណែងជើងឯក ព្រោះវិស័យព័ត៌មានវិទ្យារបស់គេមានការរីកចម្រើនខ្លាំង។
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2016 នៅប្រទេសឥណ្ឌូណេស៊ីនេះមានប្រទេសចូលរួមចំនួន៦គឺម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ចិន កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ បើគិតជាក្រុមវិញមាន១៦ក្រុមគឺប្រទេសកម្ពុជាមាន២ក្រុម, ថៃមាន៣ក្រុម, ម៉ាឡេស៊ីមាន២ក្រុម, សិង្ហបុរីមាន២ក្រុម, ចិនមាន២ក្រុម និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី៥ក្រុម។
ជើងឯកទទួលមេដាយមាស ពានមួយ និងប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក ក្រុមលេខ២ទទួលមេដាយប្រាក់ ពានមួយ និងប្រាក់រង្វាន់៧០០០ដុល្លារអាមេរិក ក្រុមលេខ៣ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់៤០០០ដុល្លារអាមេរិក និងក្រុមលេខ៤ទទួលបាន២៥០០ដុល្លារអាមេរិក។ ចំពោះវិញ្ញាសាឯកត្តជនវិញលេខ១ទទួល៥០០ ដុល្លារអាមេរិក លេខ២ទទួល ៤០០ ដុល្លារអាមេរិក លេខ៣ទទួលបាន ៣០០ ដុល្លារអាមេរិក លេខ៤ទទួលបាន២០០ ដុល្លារអាមេរិក និងលេខ៥ទទួល១០០ ដុល្លារអាមេរិក។
អត្ថបទ៖ គង់ វិសាល