ខាងស្រីមានជាង រង្គោះរង្គើស្នេហាអត់?
- 2016-01-15 15:41:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាងស្រីមានជាង រង្គោះរង្គើស្នេហាអត់?
ចន្លោះមិនឃើញ
ស្នេហាមិនប្រកាន់អ្វីឡើយ តាំងពីរូបរាង បុណ្យសក្ដិ ទ្រព្យសម្បត្តិ ប៉ុន្តែប្រិយមិត្តខាងបុរសនៅតែមិនហ៊ានដាក់ចិត្តស្រឡាញ់នារីដែលមានជាង ព្រោះបារម្ភខ្លាចស្នេហាមិនរលូន។ តើវាពិតជារង្គោះរង្គើដល់ស្នេហាមែនឬ?
លោក អេង សុភក្ដិ បានប្រាប់ថា សម្រាប់លោកផ្ទាល់មិនហ៊ានស្រឡាញ់មនុស្សស្រី ដែលមានជាងនោះទេ ទាល់តែមើលពីគ្រួសារគេសិន ព្រោះជួនកាល កូនៗ ស្រឡាញ់គ្នាស្មោះ ប៉ុន្តែគ្រួសារខាងស្រីអាចរើសអើងក៏ថាបាន។ ការដែលឪពុកម្ដាយខាងស្រីមិនពេញចិត្តហើយ វាពិបាកដល់ថ្ងៃក្រោយទៀត ទោះបីជារៀបការហើយក៏ដោយ។
ចំណែកបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ក៏បានទទួលស្គាល់ថា ខាងស្រីមានទ្រព្យច្រើនជាងធ្វើឱ្យស្នេហារង្គោះរង្គើបាន។ លោកផ្ទាល់បានរៀបការជាមួយនឹងកូនស្រីថៅកែពេជ្រម្នាក់ មានកូនជាមួយគ្នាដល់ទៅពីរនាក់ តែទីបំផុតនៅតែលែងលះគ្នា ដោយលោកអះអាងថាគំនិតលោកប្រហែលជាខ្លីជាងអតីតភរិយា ហើយគ្រប់យ៉ាងក្នុងគ្រួសារនាងគឺជាអ្នកសម្រេច ម្យ៉ាងទៀតគ្រួសាររបស់នាងក៏មិនពេញចិត្តតាំងតែពីទាក់ទងគ្នាដំបូងមកម្ល៉េះ។ ទីបំផុតលោកក៏ត្រូវរស់នៅបែកពីកូនដែរ។
(រួបតំណាង)
លោក ស៊ីន ដានី អ្នករស់នៅកំពង់ចាម បានប្រាប់ថា «ជឿ! តែកាលណាគេមានជាង គេគ្រប់គ្រងយើងហើយ»។ លោកដានីបានប្រាប់ទៀតថា លោកមានបងប្រុសជីដូនមួយម្នាក់ រៀបការជាមួយប្រពន្ធមានជាង ហើយគ្រួសារខាងស្រីទទួលស្គាល់ត្រឹមសាមីខ្លួនខាងប្រុសប៉ុណ្ណោះ ចំណែកបងប្អូនសាច់ញាតិ ល្មមៗមិនឱ្យទាក់ទងរាប់រកឡើយ។ ងាកមកកញ្ញា ងួន វីណាស៊ី និស្សិតអក្សរសាស្ត្រអង់គ្លេស វិញប្រាប់ថា សម្រាប់កញ្ញាជាមនុស្សស្រីផ្ទាល់ កញ្ញាមិនប្រកាន់ថាដៃគូស្នេហាក្រ ឬ មានជាងឡើយ សំខាន់ឱ្យតែចេះស្មោះ ចេះយល់ចិត្ត។ ណាស៊ីបន្តទៀតថា ខាងប្រុសមិនដល់ថ្នាក់ក្រជាងខាងស្រីខ្លាំង ដល់ថ្នាក់ហៅលែងឮទេ បើចាញ់តិចតួចពេលការហើយ ខំប្រឹងរកលុយឱ្យមានទៅគឺចប់ហើយ៕
ចុះចំណែកប្រិយមិត្តយល់យ៉ាងណា?
អត្ថបទ៖ ណេង ណេង