តំបន់​ទេសចរណ៍ ១០​​កន្លែង​ទាក់​ទាញ​បំផុត ​នៅ​​ម៉ាឡេស៊ី

  • 2016-01-15 22:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជាទូទៅ​ប្រិយ​មិត្ត​ ធ្លាប់​ស្គាល់​ប្រទេស​ម៉ាឡេស៊ី ​​​តាម​រយៈ​ប៉ម Twin Tower ​ដ៏​ខ្ពស់​​ត្រដែត​លើ​អាកាស​​ ​ដែល​ជា​និមិត្ត​រូប​ប្រទេស​​ និង​ជា​តំបន់​ទេសចរណ៍​​ដ៏​ពេញ​និយម​បំផុត​នៅ​ទីក្រុង​កូឡាឡាំពួរ។

 

 

​​ក្រៅ​ពី​នេះ ​ម៉ាឡេស៊ី ​មាន​ទីកន្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ផ្សេង​ទៀត ​ដូច​ជា​ព្រៃ​ភ្នំ ប្រភេទ​ស្វា Orangutans ​​​​​ថ្ម​ក្រានីត​ស្រួច​ៗ ​កោះ​ស្អាតៗ រមណីយដ្ឋាន​ប្រណិត​ៗ​ ​ទីក្រុង​សម័យ​អាណានិគម និង​តំបន់​​ជនជាតិ​ភាគ​តិច​​ជាច្រើន​ផ្សេង​ទៀត។

 

​​ភ្ញៀវ​ទេស​ចរ​​​បរទេស​ជិត​ ២លាន​នាក់​ទៅ​ទស្សនា​ម៉ាឡេស៊ី ​ក្នុង​ឆ្នាំ ២០១០ ​ដែល​ភាគ​ច្រើន​​​មក​ពី​ប្រទេស​ក្បែរ​ខាង ​ដូច​ជា​សិង្ហបុរី ​និង​ឥណ្ឌូណេស៊ី ​ហើយ​ចំនួន​​អ្នក​ទេសចរ​បរទេស​ផ្សេង​ទៀត​​ក៏​មាន​ច្រើន​ដែរ។ ខាង​ក្រោម​នេះ​ ​ជា​តំបន់​ទេសចរណ៍​កំពូល​គេ​ ១០កន្លែង​ ដែល​មាន​អ្នក​ទស្សនា​យ៉ាង​ច្រើន​​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។

 

១០. ​​តំបន់​ខ្ពង់រាប Cameron

 

 

Cameron ​ជា​តំបន់​ដី​ទួល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​បំផុត​ នៅ​ម៉ាឡេស៊ី ​ដែល​បាន​អភិវឌ្ឍ​ដំបូង​នៅ​ឆ្នាំ ១៩២០ ​ដោយ​ប្រទេស​អង់គ្លេស។ ​ទី​នេះ​មាន​ពលរដ្ឋ​រស់​នៅ​​ប្រមាណ ៣៤ ០០០​នាក់ ដែល​​មាន​ជនជាតិ​ ម៉ាឡេ ចិន ឥណ្ឌា និង​​ក្រុម​ជនជាតិភាគតិច​​ជាច្រើន​ទៀត​​។ ​​​ភាព​ល្បីល្បាញ​នៅ​ទី​នេះ ​គឺ​​ផ្លូវ​ដើរ​កាត់​តាម​ដំណាំ​តែ ​​ដ៏​ខៀវ​ស្រងាត់ ​ឆ្ពោះ​ទៅ​កាន់​​ទឹក​ធ្លាក់​​​មួយ​កន្លែង។

 

 

៩. ​ទីក្រុង​បុរាណ Georgetown

Georgetown មាន​ទីតាំង​​នៅ​ភាគ​ឦសាន​ ​​កោះ​ Penang ​ដែល​ប្រជាជន​​នៅ​ទី​នោះ​ភាគ​ច្រើន​មាន​ដើម​កំណើត​​ចិន។ ​ដោយ​សារ​​ការ​គ្រប់​គ្រង​តឹង​តែង​ តូប​ ឬ​ហាង​​​​នានា​សម័យ​អាណានិគម​​អង់គ្លេស​ ​​អាច​រក្សា​រូប​រាង​​បាន​យ៉ាង​ល្អ។ ​ក្រុង​​នេះ ​ត្រូវ​គេ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា ​មាន​ស្ថាបត្យកម្ម ​ ​និង​វប្បធម៌​​​ដ៏​ល្អ ​តែ​មួយ​គត់​នៅ​អាស៊ីអាគ្នេយ៍។

 

 

៨. ឧទ្យាន​ជាតិ​ Taman Negara

 

Taman Negara ជា​តំបន់​ព្រៃ​ត្រូពិក​ចំណាស់​ជាង​គេ​បំផុត​ក្នុង​លោក ​​និង​មាន​ដើម​ឈើ​​ធំៗ ​ទឹក​ជ្រោះ ​ផ្លូវ​កាត់​ព្រៃ​​​​ដ៏​វែង។ ផ្លូវ​ដើរ​​តាម​ស្ពាន​យោល​ ​​ជា​ច្រើន​ខ្សែ អាច​នាំ​ភ្ញៀវ​ទេសចរ ​ដើរ​មើល​ព្រៃ​ព្រឹក្សា ​ដោយ​មិន​បាច់​មាន​អ្នក​នាំ​ផ្លូវ។ ​Taman Negara ​គឺ​ជា​ឋានសួគ៌​​​របស់​ប្រភេទ​សត្វ​​ជិត​ផុតពូជ ​ដូច​ជា​ដំរី​អាស៊ី ខ្លា ​ខ្លារខិន ​និង​ដំរីទឹក ​តែ​ចំនួន​ទាំង​នោះ​​មាន​កម្រិត​ទាប។ ​ក្រៅ​ពី​នេះ អ្នក​ទេសចរ ​អាច​មើល​បក្សី​ ​ក្ដាន់ ត្រកួត ​ពស់​​​ជាច្រើន។

 

 

៧. ​កូន​កោះ Pulau Tioman

 

Tioman ​គឺ​ជា​កោះ​តូច​មួយ​​ស្ថិត​នៅ​តាម​​​ឆ្នេរ​ឧបទ្វីប​ម៉ាឡេស៊ី។ ​ក្នុង​ឆ្នាំ ១៩៧០ ទស្សនាវដ្ដី Time Magazine ​បាន​ចាត់​ថ្នាក់​​ Tioman ជា​កោះ​ស្អាត​ជាង​គេ​បំផុត​មួយ​ក្នុង​លោក។ ទេសភាព​​នៅ​ទី​នេះ​ ​អម​ដោយ​ផ្កា​ថ្ម​ដ៏​ច្រើន​ ​ព្រៃ​ក្រាស់​ ទឹក​ថ្លា​គួរ​ឲ្យ​ចង់​ងូត​។

 

 

៦.ភ្នំ Kinabalu

 

 

Kinabalu ​មាន​​កម្ពស់ ៤ ០៩៥​ ម៉ែត្រ​ ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​​នៅ​លើ​កោះ​ Borneo និង​មាន​​រុក្ខជាតិ​ដុះ​ចម្រុះ​គ្នា ៦០០​ប្រភេទ ​សត្វ​បក្សី ៣២៦ប្រភេទ ​និង​ថនិកសត្វ ​១០០​ប្រភេទ។ អ្នក​ទេសចរ​​អាច​ឡើង​ដល់​កំពូល​ភ្នំ​យ៉ាង​ងាយ​​ស្រួល ​ដោយ​មិនបាច់​ប្រើ​ឧបករណ៍​ជំនួយ ​និង​​មាន​​ស្ថានភាព​ល្អ​ប្រសើរ​ តែ​ត្រូវ​អម​ដំណើរ​ដោយ​អ្នក​នាំ​ផ្លូវ​គ្រប់​ពេល។

 

 

៥. ​អគារ​ភ្លោះ Petronas Twin Towers

 

​អគារ​​នេះ​​ស្ថិត​នៅ​ទីក្រុង​កូឡាឡាំពួរ ​​ធ្លាប់​ក្លាយ​ជា​អគារ​ខ្ពស់​បំផុត​ក្នុង​លោក ​តែ​ត្រូវ​អគារ​ Taipei 101 ជាន់​របស់​​កោះ​តៃវ៉ាន់​ វ៉ា​ដាច់​ដំបូង​នៅ​ឆ្នាំ ២០០៤។ ​ទោះ​ជា​យ៉ាង​ណា ​អគារ​នេះ ​នៅ​តែ​ជាប់​ឈ្មោះ​ជា​អគារ​ភ្លោះ(ពីរជាប់គ្នា​)​ ខ្ពស់​បំផុត​​ក្នុង​លោក ដោយ​មាន​កម្ពស់​ ៨៨ជាន់ សង់​ពី​បេតុង ​ដែក​ថែប និង​ផ្ទៃ​ខាង​ៗ​​កញ្ចក់ ជាមួយ​រចនាបថ​បែប​សិល្បៈ​ឥស្លាម។ Petronas Twin Tower មាន​ស្ពាន​អាកាស ​​​មួយ​នៅ​ជាន់​ទី ៤១ និង​៤២។

 

 

៤. ​ប្រជុំ​កោះ Langkawi

 

 

Langkawi ​​ជា​ទីកន្លែង​ល្បី​ឈ្មោះ​បំផុត​​សម្រាប់​លំហែកាយ​​ថ្ងៃ​ឈប់សម្រាក ​និង​មាន​​កូន​កោះ​ចំនួន ៩៩​ ក្នុង​សមុទ្រ Andaman ​ជាប់​ព្រំ​ដែន​ថៃ។ ទេស​ភាព​ទី​នេះ​​មាន​ឆ្នេរ​ខ្សាច់​ពណ៌ស វែងអន្លាយ ​ព្រៃ​ភ្នំ​គ្រប់​ដណ្ដប់​ដោយ​ទួល ​និង​ផ្ទាំង​ថ្ម​តូច​ធំ។ ប្រជាជន​​​រស់​នៅលើ​​​កោះ​​មាន​ចំនួន ៦៥ ០០០នាក់។

 

 

៣. កោះ Perhentian

 

កោះ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ ​ភាគ​ឦសាន​ម៉ាឡេស៊ី នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​ថៃ​ឡើយ។ សម្រស់​កោះ​បាន​​អន្ទង​ចិត្ត​អ្នក​ទស្សនា​តាម​រយៈ​​​ឆ្នេរ​ដ៏​ស្រស់​ស្អាត ​ទឹក​ថ្លា​ខៀវ ​​មុជទឹក នឹង​ថ្លៃ​ស្នាក់​នៅ​​សមរម្យ។

 

 

២. ​​​សួន​សត្វ ​Sepilok ​​Orang Utan

 

​​

សួន​សត្វ​​នេះ​បាន​បើក​​​​ដំណើរ​ការ ​នៅ​ឆ្នាំ ១៩៦៤​ ​​សម្រាប់​ជួយ​សង្គ្រោះ​​កូន​ស្វា​​​កំព្រា​​ ពី​កន្លែង​កាប់​ឈើ​ ចម្ការ និង​ការ​ប្រមាញ់​នានា ​ដែល​អ្នក​ទេសចរ​​ចូល​ចិត្ត​ទៅ​កម្សាន្ត។

 

 

១. រូង​ភ្នំ Mulu

 

 

រូងភ្នំ​ Mulu ​​ស្ថិត​នៅ​ឧទ្យាន​ជាតិ​ Gunung Mulu ​លើ​កោះ Borneo ​ដែល​សម្បូរ​ទៅ​ដោយ​រូង​ភ្នំ​​ប្លែក​ៗ មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​កន្លែង​ រួម​ជាមួយ​ព្រៃ​ភ្នំ។ ​រូង​ដ៏​ធំ​ជាង​គេ ​អាច​ផ្ទុក​​យន្តហោះ​ Boeing 747 ​មិន​មាន​​ស្លាប​បាន​ចំនួន ៤០គ្រឿង៕

 

ចុចអាន៖ តំបន់​ទេសចរណ៍​១០កន្លែង ​ទាក់ទាញ​បំផុត​នៅ​វៀតណាម

 

ប្រែ​សម្រួល៖​ឡេង ភារុណ ប្រភព៖ Touropia

អត្ថបទថ្មី