​iCloud ​របស់​ Apple ​រង​ការ​វាយប្រហារ​នៅ​ចិន

  • 2014-10-22 17:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ចិន​​បាន​ព្យាយាម​​វាយប្រហារ​​យក​ User name ​និង​ password​ របស់​អតិថិជន​ Apple ​នៅ​ចិន​ ​ស្រប​ពេល​ដែល​ iPhone 6 ​ប្រកាស​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​លោក​នេះ។ ​​នេះ​បើ​តាម​របាយការណ៍​របស់​​គេហទំព័រ​ GreatFire.org ​ដែល​ជា​ភ្នាក់ងារ​ត្រួត​ពិនិត្យ​​ ​និង​ឃ្លាំ​មើល​អ៊ីនធឺណិត​នៅ​ចិន។​

 

​ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ​ខាង​លើ​បាន​លើក​ឡើង​ថា ​​គ្រប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ចិន​ដែល​មាន​បំណង​ចូល​ទៅ​កាន់​គេហទំព័រ​ iCloud.com ​​ត្រូវ​បាន​​ភ្ជាប់​ទៅ​កាន់​ Page ​ក្លែងក្លាយ​មួយ​​​ដែល​មើល​ទៅ​ដូចគ្នា​បេះបិទ​ទៅ​នឹង​ទំព័រ​ Log-in ​របស់​ Apple។ ​​​ចំពោះ​អ្នក​ដែល​ប្រើ​ Browser ​Google Chrome ​ឬ​ Firefox ​នឹង​ទទួល​បាន​ការ​ព្រមាន​ពី​​ភាព​មិន​អាច​ទុក​ចិត្ត​បាន​នៃ​ទំព័រ​នោះ​ តែ​ដោយ​ឡែក​សម្រាប់​ Browser Qihoo ​ដ៏​ពេញ​និយម​របស់​ចិន​​មិន​មាន​ការ​ដាស់​តឿន​បែប​នោះ​ឡើយ។

 

ការ​វាយប្រហារ​លក្ខណៈ (MiTM)

 

ការ​វាយប្រហារ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​វាយប្រហារ​ដោយ​មាន​មនុស្ស​ឈរ​កណ្ដាល​ (MiTM) ​ដែល​មាន​ន័យ​ថា ​​ក្រុម​ Hacker ​​បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​របស់​អ្នក​ប្រើប្រាស់​ទៅ​នឹង​ Page​ដើម​ ​និង​​បាន​បង្កើត​​ Page ​មួយ​ដូច​គ្នា​ទៅ​នឹង​ Page ​ដើម​​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ប្រើ​ ដើម្បី​ពួកគេ​អាច​លួច​យក​ទិន្នន័យ​នា​នា​បាន​ដោយ​ស្រួល។​

 

“នេះ​គឺ​ជា​ការ​វាយប្រហារ​ដ៏​អាក្រក់​ទៅ​លើ​ Apple ​ក្នុង​បំណង​ទាញ​យក​ username ​និង​ password ​​និង​រាល់​ទិន្នន័យ​ដែល​ផ្ទុក​លើ​ iCloud ​ដូចជា​ iMessage, រូបថត​ លេខ​ទំនាក់ទំនង ។ល។"។ ​​​នេះ​ជា​ការ​រៀបរាប់​របស់​គេហទំព័រ​ Great Fire។ ​ស្ថាប័ន​ឃ្លាំ​មើល​មួយ​នេះ​បន្ថែម​ថា ​បើ​អ្នក​ប្រើប្រាស់​នៅ​តែ​បំពាន​ការ​ព្រមាន​ និង​ចុច​ចូល​ទៅ​កាន់​វិបសាយ (បន្លំ) ​​ហើយ​វាយ​បញ្ចូល​ username ​និង​លេខ​សម្ងាត់​ ​នោះ​​ព័ត៌មាន​ទាំង​នេះ​នឹង​ត្រូវ​​​អាជ្ញាធរ​ចិន​ចាប់​យក​បាន។

 
 

Page សម្រាប់​ Log-in ចូល​ iCloud ​ស្រដៀង​គ្នា​នេះ ដែល​ Hacker បន្លំ​លួច​យក​ព័ត៌មាន​អ្នក​ប្រើប្រាស់

 

​​​​​​ការ​វាយប្រហារ​ស្រដៀង​គ្នា​នេះ​ធ្លាប់​បាន​កើត​ឡើង​ទៅ​​គេហទំព័រ​មួយ​ចំនួន​ដូចជា ​GitHub, Yahoo, Microsoft ​និង​ Google ​​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ ​​គេ​ជឿ​ថា ​​នោះ​ជា​ចេតនា​របស់​រដ្ឋាភិបាល​ចិន​ក្នុង​​​ទាញ​យក​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់​​របស់​ Apple ​ព្រោះ​កន្លង​មក​​មហាយក្ស​អាស៊ី​នេះ​ធ្លាប់​​បាន​​ហាម​ឃាត់​មិន​ឲ្យ​មាន​លក់​ iPhone ​ក្នុង​ទឹកដី​របស់​ខ្លួន​ដោយ​ដាក់​ការ​សង្ស័យ​ថា​ ​អាមេរិក​ប្រើ​​ផលិតផល​ Apple ​ដើម្បី​​លួច​យក​ព័ត៌មាន​សម្ងាត់​របស់​ចិន។ ​តែ​ក្រោយ​អនុញ្ញាត​ឲ្យ​ផលិតផល​ចុងក្រោយ​របស់​ Apple ​មាន​វត្តមាន​ក្នុង​ទឹកដី​របស់​ចិន​ ស្រាប់​តែ​មាន​ការ​វាយប្រហារ​បែប​នេះ​តែ​ម្ដង។

 

ទោះ​ជា​យ៉ាង​ណា​ ​ម្ដង​ជា​ពីរ​ដង​រដ្ឋាភិបាល​ចិន​តែង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ដោយ​និយាយ​ថា ​ខ្លួន​មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះ​ទេ៕

 

 អាន៖ ​ទូរសព្ទ​ណា​ខ្លះ​ដែល​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត​ 4K?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​ibtimes

អត្ថបទថ្មី