បុរស​ចាស់​ជាង​គេ​លើ​លោក បាន​ស្លាប់​ហើយ នៅ​អាយុ​១១២​ឆ្នាំ

  • 2016-01-19 22:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​មាន​​វ័យ​ចាស់​ជាង​​លើ​ពិភព​លោក បាន​​ទទួល​មរណភាព​​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ នៅ​អាយុ​១១២​ឆ្នាំ​ ក្នុង​ទី​ក្រុង ណាហ្គូយ៉ា ប្រទេស​ជប៉ុន។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​​ប្រទេស​ជប៉ុន។

 

លោក​តា Yasutaro Koide កើត​នៅ​ថ្ងៃ​ទី ១៣ ខែ​ មិនា ឆ្នាំ ១៩០៣ ត្រូវ​បាន​ឲ្យ​ឈ្មោះ​ជា​ផ្លូវ​ការ​​ដោយ​​ស្ថាប័ន​កំណត់​ត្រា​ពិភព​លោក Guinnessថា ជា​បុរស​ចំណាស់​ជាង​គេ​លើ​លោក កាល​ពី​ខែ​​សីហា​កន្លង​ទៅ។ នា​ពេល​នោះ លោក​តា​ត្រូវ​បាន​​​គេ​​ស្រង់​ពាក្យ​សម្ដី​ណែនាំ​របស់​លោក​តា ថា មិន​​ជក់​បារី មិន​ផឹក​សុរា មិន​ធ្វើ​អ្វី​​ហួស​​កម្រិត និង​ចុង​ក្រោយ " រស់​នៅ​ដោយ​ភាព​សប្បាយ​រីករាយ" ។

 

មន្ត្រី​អាជ្ញាធរ​​បាន​ឲ្យ​ដឹង​ថា លោក​តា​ចាស់​ជាង​គេ​លើ​លោក បាន​ស្លាប់​ ដោយ​​​​ខ្សោយ​បេះ​ដូង និង​ជំងឺ​រលាក​សួត ( Pneumonia ) ក្នុង​ថ្ងៃ​អង្គារ​នេះ។

 

មក​ទល់​ពេល​នេះ​ គេ​​មិន​ទាន់​ដឹង​ថា​មាន​នរណា​អាច​ជំនួស​តំណែង​​​ជា​បុរស​ចាស់​ជាង​គេ​លើ​លោក ជំនួស​លោក​តា នៅ​ឡើយ​ទេ។

 

តំណែង​​មនុស្ស​ចាស់​ជាង​គេ​លើ​លោក គឺ​​​កាន់​កាប់​ដោយ លោក​យាយ​ជន​ជាតិ​អាម៉េរិកាំងSusannah Mushatt Jones វ័យ​ ១១៦ ឆ្នាំ។ លោក​យាយ​ជន​ជាតិ​អាមេរិក​បាន​ទទួល​តំណែង​ក្រោយ លោក​យាយ​ជន​ជាតិ​ជប៉ុន Misao Okawa បាន​​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​មុន​ក្នុង​ជន្មាយុ​ ១១៧ ឆ្នាំ។

 

មនុស្ស​ចាស់​ជាង​គេ​ដែល​នៅ​រស់​យូរ​ជាង​គេ ដោយ​យោង​តាម​ ស្ថាប័ន Guinness គឺ​​លោក​យាយ Jeanne Calment មក​ពី​ប្រទេស​បារាំង ដែល​រស់​នៅ​ដល់​អាយុ ១២២ ឆ្នាំ និង ១៦៤ ថ្ងៃ។ លោក​យាយ​បាន​ស្លាប់​ក្នុង​​ខែ​មេសា ឆ្នាំ ១៩៩៧៕

 

ចុចអាន៖ បុរស​​​ចំណាស់​​​ ជិះ​​ម៉ូតូ​​​៩ខែ ​​ឆ្លង​ពី​ចិន​​ដល់​​កម្ពុជា និង​៣ប្រទេស​ផ្សេង​ទៀត

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC​​​​​​

អត្ថបទថ្មី