ទៀត​ហើយ ក្លឹប​ស៊ីម៉ាក់ ​សម្រេច​ដក​ខ្លួន​ចេញ​ពី​លីគ​កំពូល​កម្ពុជា​

  • 2016-01-20 20:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​​បាល់ទាត់​មជ្ឈមណ្ឌល​​​កម្ចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់​) ​បាន​ធ្វើ​សេចក្ដី​សម្រេច ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​លីក​កំពូល​កម្ពុជា​រដូវ​កាល​២០១៦ ​នេះ​ហើយ ដោយសារ​តែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ​មិន​អាច​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​ក្លឹប​បាន។

 

 

លោក កែវ សារិន ​អគ្គលេខាធិការ​ក្លឹប​ស៊ីម៉ាក់ ​បាន​បញ្ជាក់​ឱ្យ​ Sabay ដឹង​ថា​ ប្រធាន​ក្លឹប​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ ដើម្បី​ជួយ​ក្លឹប​ឱ្យ​បាន​ឈរ​ជើង​លេង​នៅ​លីគ​កំពូល​កម្ពុជា​បាន​ទៀត​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ប៉ុន្តែ​ដោយសារ​តែ​ការ​ចំណាយ​ច្រើន​លើសលប់​ពេក ​ទើប​មិន​អាច​ទប់​ទល់​បាន ត្រូវ​រំសាយ​ក្លឹប​បណ្ណោះ​អាសន្ន​សិន។

 

“រដូវកាល​ថ្មី យើង​ត្រូវ​នាំ​កីឡាករ​ថ្មី​មក​ចូល​ក្រុម ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ចំពោះ​ប្រាក់​ខែ​កីឡាករ ខណៈ​ដែល​ពេល​នេះ​ក្លឹប​មិន​មាន​ដៃ​គូ​សហការ​ផង​នោះ ទើប​យើង​គ្មាន​ចំណូល មាន​តែ​ចំណាយ។ ដូច្នេះ​ហើយ យើង​មិន​អាច​ទប់ទល់​បាន​ទេ មាន​តែ​ផ្អាក​រង់ចាំ​រក​អ្នក​ជួយ​ឧបត្ថម្ភ​សិន​ទើប​បាន។ អ្នក​ឧបត្ថម្ភ​ភាគ​ច្រើន​គេ​មើល​ឃើញ​តែ​ក្លឹប​ធំ​ៗ​នោះ​ទេ មិន​ចាប់​អារម្មណ៍​ក្លឹប​ថ្មី​ៗ​ឡើយ ដូច្នេះ​ហើយ​ទើប​មាន​ក្លឹប​មួយ​ចំនួន​ត្រូវ​រំសាយ​ចោល​សិន”។ សម្ដី​លោក កែវ សារិន ។

 

គិត​ត្រឹម​បច្ចុប្បន្ន​នេះ មាន​ក្លឹប​បាល់ទាត់​៣​ហើយ ដែល​សម្រេច​ចិត្ត​ដក​ខ្លួន​មិន​ចូល​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​សម្រាប់​រដូវ​កាល​២០១៦​ដែល​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។ ក្លឹប​ទាំង​៣​នោះ​គឺ បៀលប្រាយយូណាយធីត , គីរីវង់​សុខសែន​ជ័យ ​និង​ស៊ីម៉ាក់​នេះ​ឯង៕

 

អត្ថបទ៖ មុន្នី រម្យ