កត្តា ៥ នេះហើយអាចបណ្ដាលឲ្យឡានឆេះ
- 2016-01-28 13:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តា ៥ នេះហើយអាចបណ្ដាលឲ្យឡានឆេះ
ចន្លោះមិនឃើញ
ការយល់ដឹងពីកត្តាដែលអាចបង្កគ្រោះថ្នាក់លើរថយន្តអាចជាចំណេះដឹងដ៏ល្អប្រសើរមួយសម្រាប់អ្នកប្រើប្រាស់រថយន្តមួយចំនួនដើម្បីអាចបង្ការគ្រោះថ្នាក់ទាំងនោះបាន។ ព្រឹកនេះ sabay សូមបង្ហាញជូនប្រិយមិត្តពីកត្តាមួយចំនួនអាចធ្វើឲ្យឡានឆេះ ដែលដកស្រង់ពីវិបសាយគ្រឿងយន្ត How Stuff Works៖
១. ប្រព័ន្ធប្រេងឥន្ធនៈធ្លាយ
ប្រេងឥន្ធនៈជាសារធាតុរាវក្នុងរថយន្តដែលបង្កគ្រោះថ្នាក់ខ្ពស់ជាងគេ ហើយបើវាមានការលេចធ្លាយចេញពីក្រៅម៉ាស៊ីនរថយន្តនោះគឺកាន់តែបង្កហានិភ័យខ្ពស់ជាងមុនទៅទៀត។ ដូចនេះដើម្បីបង្ការគួរត្រួតពិនិត្យរថយន្តឲ្យបានម៉ត់ចត់រាល់ការធ្វើដំណើរ។
២. ម៉ាស៊ីនឡានឡើងកម្ដៅខ្លាំង
ម៉ាស៊ីនឡានដែលឡើងកម្ដៅក្ដៅខុសពីធម្មតា អាចធ្វើឲ្យសារធាតុរាវមួយចំនួនដូចជា ប្រេងម៉ាស៊ីន ឬទឹកបញ្ចុះកម្ដៅ កើនឡើងសីតុណ្ហភាពទៅកាន់កម្រិតគ្រោះថ្នាក់ ហើយវាអាចនឹងចាប់ផ្ដើមហូរចេញមកក្រៅ។ នៅពេលដែលសារធាតុរាវទាំងនោះហូរធ្លាក់លើ ផ្នែកក្ដៅៗមួយចំនួនទៀតនៃរថយន្តជាពិសេសប្រព័ន្ធបញ្ចេញផ្សែង វាងាយនឹងបណ្ដាលឲ្យកើតមានអគ្គីភ័យណាស់។
៣. ឧបករណ៍បម្លែងកាតាលីករឡើងកម្ដៅខ្លាំង
ជាធម្មតាឧបករណ៍បម្លែងកាតាលីករតែងឡើងកម្ដៅដោយសារវាធ្វើសកម្មភាពខ្លាំងខុសពីធម្មតាដើម្បីដុតផ្សែងបំពុល ដែលនេះបណ្ដាលមកពីម៉ាស៊ីនឡានដំណើរការមិនស្រួល មិនអាចដុតប្រេងឥន្ធនៈបានល្អ និងធ្វើឲ្យសារធាតុជាច្រើនចូលទៅក្នុងប្រព័ន្ធបញ្ចេញផ្សែង។
៤. ហូរសារធាតុរាវ
សារធាតុរាវមួយចំនួន ដូចជាប្រេងសាំង ឬម៉ាស៊ូត, ប្រេងម៉ាស៊ីន, ប្រេងប្រអប់លេខ, ប្រេងចង្កូត, ប្រេងហ្វ្រាំង រួមទាំងប្រេងបញ្ចុះកម្ដៅម៉ាស៊ីន។ សារធាតុទាំងអស់នេះសុទ្ធតែអាចបង្កអគ្គីភ័យក្នុងកម្រិតខ្ពស់ ហើយប្រសិនបើវាហូរចេញពីរថយន្ត បូករួមទាំងរថយន្តស្រាប់តែជួបប្រទះការប៉ះទង្គិចទៀតអ្វីនោះ អគ្គីភ័យអាចកើតឡើងបានយ៉ាងងាយ។
៥. មិនបានថែទាំត្រឹមត្រូវ
ការធ្វេសប្រហែសក្នុងការថែទាំរថយន្តក៏អាចជាកត្តាបណ្ដាលឲ្យកើតមានអគ្គីភ័យ ដូចជាបន្តប្រើប្រាស់រថយន្តទោះបីជាមានគ្រឿងបន្លាស់មួយចំនួនខូចខាត ឬសន្ទះការពាររបូតដែលធ្វើឲ្យលេចធ្លាយប្រេងជាដើម។ ដូចនេះដើម្បីធានាសុវត្ថិភាពគួរណាតែត្រួតពិនិត្យរថយន្តឲ្យបានញឹកញាប់និងគ្រប់ជ្រុងជ្រោយ៕
ចុចអាន៖ ទម្លាប់អាក្រក់៦យ៉ាងរបស់អ្នកបើកបរ ធ្វើឲ្យឡានខូចដោយមិនដឹងខ្លួន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ HowStuffWorks