តួ​ភេទ​ទី​ ៣ ​កាន់​តែ​មាន​ទីផ្សារ​សិល្បៈ?

  • 2014-10-25 16:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ភេទ​ទី​ ៣ កំពុង​ក្លាយ​ជាទី​ចាប់​អារម្មណ៍​​ក្នុង​ពិភព​សិល្បៈ​។ ក្នុង​ឈុត​ឆាក​កំប្លែង​ ភាពយន្ត​ ចម្រៀង​ខារ៉ាអូខេ និង ​កម្មវិធី​កម្សាន្ត​មួយ​ចំនួន នៃ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក មាន​ការ​បង្ហាញ​ទាំង​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ឬ ​ជួន​ការ​យក​បុរស​ពិត និង ​ស្រ្តី​ពិត​ឲ្យ​សម្ដែង​ជា​ភេទ​ទី ៣ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​​ទស្សនិកជន​ជន។

 

 

តើ​ឥទ្ធិពល​ក្រុម​ភេទ​ទី ​៣ ពិត​ជា​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​មែន​ទេ?

 

លោក រ៉ូលីន ឬ Miss Photo City ធ្លាប់​ទទួល​ស្គាល់​ថា លោក​មាន​កេរ្តិ៍​ឈ្មោះ​ដូច​សព្វ​ថ្ងៃ​ក៏​ដោយ​សារ​ការ​សម្ដែង​ជា​ភេទ​ទី​ ៣​នេះ​ដែរ ។ រ៉ូលីន​ ដែល​សម្ដែង​ម្ញ៉ិកម្ញ៉ក់ ជា​របៀប​មនុស្ស​ភេទ​ទី៣​ ក្នុង​កម្មវិធី " ពេញ​ចិត្ត​អត់ " របស់​My TV កំពុង​តែ​ទទួល​ការ​ពេញ​និយម​ព្រោះ​តែ​ធ្វើ​ឲ្យ​មហាជន​ខ្ទប់​សំណើច​មិនបាន។

 

"ខ្ញុំ​គិត​ថា គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការ​សម្ដែង​កម្សាន្ត​ប៉ុណ្ណោះ។ ប៉ុន្តែ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ដែរ​ថា ប្រាកដ​ជា​មាន​ការ​រិះគន់​ តែ​វា​មាន​ចំនួន​តិចតួច​ ជាង​អ្នក​គាំទ្រ​"។ រ៉ូលីន បញ្ជាក់​យ៉ាង​ដូច្នេះ។

 

ប៉ុន្ដែ ពិធី​ករ​សម្បូរ​វោហារ​លោក ដួង សុខគា បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​នាម​អ្នក​លេង​សម្ដី​មួយ​រូប​លោក​ព្យាយាម​សម្ដែង​ ដោយ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ភេទ​ទី​៣​នោះ​ឡើយ​កន្លង​មក។ ម្ចាស់​ពាន​កម្មវិធី​កំប្លែង​រូប​នេះ​បាន​បង្ហាញ​ជំហរ​ផ្ទាល់​ខ្លួន​ថា លោក​ក៏​គ្មាន​ចេតនា​រើស​អើង​ភេទ​នៅ​ក្នុង​សង្គម​នោះ​ដែរ។

 

ទាក់ទិនទៅនឹង​បញ្ហា​នេះ​ដែរ​ ផលិតករ​កម្មវិធី​ល្បី​ឈ្មោះ​ប្រចាំ​ CTN លោក សុវណ្ណរិទ្ធី ហៅ​តា​វ៉ិចទ័រ​បាន​និយាយ​ថា លោក​ក៏​ធ្លាប់​បង្កើត​ឲ្យ​មាន​ឈុត​ឆាក​ភេទ​ទី​៣ គឺ​ដោយ​សារ​តែ​លោក​ចង់​បង្ហាញ​ថា អ្នក​មាន​អត្តចរិត​បែប​នេះ ពូក​គេ​ក៏​មាន​សមត្ថភាព​ដូច​មនុស្ស​ទូទៅ​ដែរ។

 

លោក​និយាយ​​ថា៖ " យើង​មិន​ចង់​ឲ្យ​មាន​ការ​រើសអើង​នៅ​ក្នុង​សង្គម​នោះ​ទេ ហើយ​បើ​ពូក​គេ​មាន​សមត្ថភាព​សិល្បៈ​យើង​លើក​ទឹក​ចិត្ត"។ ម្យ៉ាង​ទៀត​លោក​ថា នេះ​ក៏​ជា​ទស្សនីយភាព​ប្លែក​មួយ​ដែរ សម្រាប់​អ្នក​ទស្សនា​ទាំង​ឡាយ ក្នុង​នាម​ជា​អ្នក​ផលិត​ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត។

 

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​​សង្គម លោក ប៉ូ សំណាង មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​ភេទ​ទី ៣​ ស្ដែង​ឲ្យ​ឃើញ​ពី​លទ្ធិប្រជាធិបតេយ្យ​មាន​ការ​រីក​ចំរើន​នៅ​កម្ពុជា និង ​មិន​មាន​ការ​រើសអើង​ភេទ ប៉ុន្តែ​ក៏​មាន​ចំណុច​មួយ​ចំនួន​ត្រូវ​តែ​មាន​ការ​ព្រួយ​បារម្ភ​ដែរ។ លោក​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ពាក្យ​សំដី​ដៀល​គ្នា​ទៅ​វិញ​ទៅ​មក បាន​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម ទាំង​នេះ​ជា​ក្ដី​កង្វល់​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​ការ​ផលិត​គិត​គូរ​ជា​ថ្មី​ពី​បញ្ហា​នេះ។

 

តើ​ប្រិយ​មិត្ត​មាន​យោបល់​យ៉ាង​ម៉េច​ដែរ​ ជុំវិញ​បញ្ហា​នេះ?

 

អត្ថបទ៖ សំ ជំនាញ