ស្រឡាញ់​បែប​ណា​ទើប​ត្រូវ​ចិត្ត​អូន?

  • 2016-02-04 16:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​មិន​យល់​ថា​ ហេតុអ្វី​មនុស្ស​ស្រឡាញ់​គ្នា​ចាំ​បាច់​ឈ្លោះ​គ្នា​ធ្វើ​អី? បើ​ចង់​បែក​គ្នា​ដដែល​ហេតុ​អ្វី​ ពី​ដំបូង​ស្រឡាញ់​គ្នា? រឿង​រ៉ាវ​និង​សំណួរ​ជា​ច្រើន​ កំពុង​តែ​ចាក់​ដោត​​​ពេញ​​ដោយ​ការ​ចង​ចាំ​របស់​ខ្ញុំ។

  ខ្ញុំ​បាន​ស្គាល់​នាង​ ព្រោះ​ពួក​យើង​​នៅ​ភូមិ​ជាមួយ​គ្នា។ អ្នក​ផ្សេង​ថា​នាង​ស្អាត តែ​សម្រាប់​ខ្ញុំ​ នាង​មិនសូវ​ស្អាត​ឡើយ​តែ​កិរិយា​មារយាទ​របស់​នាង​ល្អ។ នាង​​សុភាព​រាបសា​ ស្លូត​បូត ទោះ​រៀន​មិន​សូវ​ពូកែ​តែ​នាង​ពូកែ​កិច្ចការ​ផ្ទះ។អ្វី​ដែល​ខ្ញុំ​ស្រលាញ់​នោះ​គឺ​ការ​ចេះ​ទទួល​កំហុស​ ​ចេះ​សុំទោស​និង​កែប្រែ​វា​ឡើង​វិញ។

 

ដំបូង​ខ្ញុំ​គិត​ថា​ ស្រឡាញ់​នាង​លេង​ៗ ប៉ុន្តែ​ដោយ​សារ​ចំណុច​ល្អ​នាង​បែប​នេះ​ ទើប​ខ្ញុំ​ស្រឡាញ់​នាង​និង​ចង់​បាន​នាង​ជា​គូ​អនាគត​។ ពួក​យើង​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ឆ្នាំ​ ២០១៤ ហើយ​កាល​នោះ​ពួក​យើង​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់។

 

យាយ​ស្វិត នាង​តែង​តែ​ស្ដាប់​ខ្ញុំ​គ្រប់​ពេល ពេល​ដែល​ខ្ញុំ​ប្រាប់​ថា​មិន​ចូល​ចិត្ត​អ្វី​មួយ​នាង​នឹង​សម្រប​តាម​ខ្ញុំ​ មិន​ចូល​ចិត្ត​ពណ៌​សក់​របស់​នាង នាង​ក៏​ប្ដូរ​តាម​ខ្ញុំ​ដែរ។ ពួក​យើង​តែង​តែ​ជួប​គ្នា​រាល់ថ្ងៃ​ ទាល់​តែ​បាន​ជួប​មុខ​​គ្នា​រាល់​ថ្ងៃ​ទើប​ខ្ញុំ​សប្បាយ​ចិត្ត ​ធ្វើ​ការ​ងារ​ផ្សេង​កើត។ មាន​ពេល​មួយ​​ដែល​ខ្ញុំ​អត់​លុយ​នាង​បបួល​ខ្ញុំ​ញ៉ាំ​អី តែ​ខ្ញុំ​ប្រកែក​មិន​ទៅ​ព្រោះ​គ្មាន​លុយ ដោយ​យក​លេស​ថា​មិន​ស្រួល​ខ្លួន។ នាង​ក៏​សួរ​នាំ​ប្រុង​ទិញ​ថ្នាំ​​ឱ្យ​តែ​ខ្ញុំ​ប្រកែក ទើប​នាង​ទិញ​របស់​ញ៉ាំ​មក​ផ្ទះ​ខ្ញុំ។

 

ពេល​នោះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស​ខ្លួន​ឯង​ហើយ​ក៏​បាន​​ប្រាប់​ពី​មូល​ហេតុ​ទៅ​នាង​ថា «​បង​មិន​ទៅ​ព្រោះ​តែ​បង​អត់​លុយ»​។ ​បន្ទាប់​មក​នាង​ក៏​និយាយ​ថា «ហេតុ​អ្វី​បង​គិត​អញ្ចឹង? បើ​បង​អត់​លុយ​​អូន​អ្នក​ចេញ​ក៏​បាន​ដែរ មិន​មែន​ចាំ​បង​ឯង​អ្នក​ចេញ​រហូត​ណា!»។ នាង​និយាយ​បែប​នេះ​រឹតតែ​ធ្វើ​ឱ្យ​ខ្ញុំ​ស្រឡាញ់​នាង​លើស​ដើម​។

 

ពួក​យើង​​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ជាមួយ​គ្នា ទាំង​ការ​និយាយ​ទាំង​​ការ​ផ្ញើ​សារ។ ក្រោយ​មក​ខ្ញុំ​ដឹង​ថា​នាង​ធ្លាប់​រស់​នៅ​ជាមួយ​សង្សារ​ចាស់​នាង​រួច​ហើយ​មុន​ពេល​ជួប​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​​ប្រកាន់​ឡើយ​ ព្រោះ​ខ្ញុំ​ស្រឡាញ់​ចិត្ត​របស់​នាង​ មិន​មែន​សំដៅ​លើ​ខ្លួន​ប្រាណ​របស់​នាង​ឡើយ។ ហើយ​ពួក​យើង​ចាប់​ផ្ដើម​នៅ​ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ​ដែរ​ ប៉ុន្តែ​មិន​មែន​រស់​ក្នុង​ផ្ទះ​ជាមួយ​គ្នា​រហូត​ទេ​គ្រាន់​តែ​ចំណាយ​ពេល​១​ទៅ​៤​ម៉ោង​ក្នុង​មួយ​​ថ្ងៃ។ រយៈ​ពេល​មួយ​ឆ្នាំ​ជាង​ស្នេហា​យើង​ហាក់​ដូច​ជា​ផ្អែម​ល្ហែម រហូត​ដល់​ថ្នាក់​អ្នក​ផ្សេង​មិន​ជឿ​ថា​យើង​ធ្លាប់​ឈ្លោះ​គ្នា​ឡើយ។ ចាន​ក្នុង​រាវ​តែង​ប៉ះ​ទង្គិច ​ រយៈ​ពេល​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ​នាង​ហាក់​ដូច​ជា​ប្លែក​ណាស់។ ពី​មុន​ខ្ញុំ​ទូរសព្ទ​សួរ​នាំ​នាង​​ថា​នៅ​ណា? ហើយ​ញ៉ាំ​បាយ​ឬ​នៅ? ​​នាង​តែង​តែ​ឆ្លើយ​តប​ ​និយាយ​ពាក្យ​ល្អ​ដាក់​ខ្ញុំ តែ​ឥឡូវ​នាង​បែរ​ជា​និយាយ​ថា​ ហេតុ​អ្វី​ក៏​ខ្ញុំ​រំខាន​ម្ល៉េះ​រក​តែ​ធ្វើ​ការ​អ្វី​មិន​កើត?

 

នៅ​ពេល​ដែល​នាង​ឈ្លោះ​គ្នា​ជាមួយ​ខ្ញុំ​ធ្វើ​ចរិត​ប្លែក​ដាក់​ខ្ញុំ​ហើយ​បាន​បិត​ទូរសព្ទ​ ខ្ញុំ​ក៏​បាន​ទូរសព្ទ​ទៅ​សួរ​អ្នក​ផ្ទះ​នាង នាង​បន្ទោស​ថា​ហេតុ​អ្វី​ក៏​យក​រឿង​នាង​ដើរ​និយាយ​ក្រោយ​ខ្នង​អញ្ចឹង? ខ្ញុំ​ពិត​ជា​មិន​យល់​ថា​ហេតុ​អ្វី​សុខ​ៗ​នាង​ផ្លាស់​ប្ដូរ​ស្ទើរ​តែ ១០០ ភាគ​រយ​អញ្ចឹង? របស់​ដែល​ខ្ញុំ​ទិញ​ឱ្យ​នាង​ នាង​ធ្លាប់​ធ្វើ​ឱ្យ​បាត់ តែ​របស់​ដែល​សង្សារ​ចាស់​នាង​ឱ្យ​ នាង​ថែរក្សា​បាន​យ៉ាង​ល្អ។​  

(រូបតំណាង)

 

រាល់​ល្ងាច​នាង​តែង​តែ​មក​ជួប​មុខ​ខ្ញុំ តែ​ថ្ងៃ​មួយ​ខ្ញុំ​បាន​ណាត់​នាង​ញ៉ាំ​អី ពេល​ទៅ​ដល់​កន្លែង​ណាត់​នាង​ថា​ នាង​មិន​បាន​មក​ទេ នាង​ត្រូវ​ទៅ​ខួប​កំណើត​មិត្តភ័ក្ដិ។ ទាំង​ដែល​នាង​បាន​ណាត់​ជាមួយ​ខ្ញុំ​មុន​ហើយ។ប៉ុន្តែ​នាង​បាន​ប្រាប់​ខ្ញុំ​ថា​នាង​ទៅ​តែ​មួយ​ភ្លែត​ទេ​ហើយ​នាង​បាន​ប្រាប់​ខ្ញុំ​ថា​នាង​មិន​ចង់​ទៅ​ប៉ុន្មាន​ទេ ​ហើយ​នាង​ប្រាប់​ខ្ញុំ​ទៀត​ថា​នាង​នឹង​មក​ជួប​ខ្ញុំ តែ​អ្វី​ដែល​គួរ​ឱ្យ​ខឹង​ជាង​នេះ​ទៀត គឺ​ដល់​ពេល​នាង​ទៅ​ដល់​នាង​មិន​បាន​ call មក​ប្រាប់​ខ្ញុំ​ទេ​ ដល់​ពេល​ខ្ញុំ​ចាំ​យូរ​ពេក​ខ្ញុំ​ក៏​បាន call ​ទៅ​នាង។​

 

ខ្ញុំ៖ អូន​នៅ​ណា​? ​នាង៖ កំពុង​នៅ​ខួប​កំណើត​គេ! ស្មាន​តែ​ធ្វើ​ធំ​តាម​ពិត​មក​ញ៉ាំ​អី​នៅ​មាត់​ទន្លេ​សោះ!​

 

បន្ទាប់​មក​នាង​បាន​ប្រាប់​ខ្ញុំ​ថា​នាង​អត់​បាន​មក​ជួប​ខ្ញុំ​ទេ​ព្រោះ​ម៉ូតូ​បែក​កង់​ហើយ​នាង​ជិះ​ឡាន​មក​ជាមួយ​មិត្តភ័ក្ដិ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​អន់​ចិត្ត​ណាស់​ខ្ញុំ​បាន​ប្រាប់​នាង​ថា​ «បើ​គេ​ធ្វើ​តូច​ទេ​អូន​ឯង​ខ្ចី​ម៉ូតូ​របស់​មិត្តភ័ក្ដិ​អូន​ឯង​មក​ជួប​បង​តិច​មក​ព្រោះ​បង​នឹក​អូន​ឯង​ណាស់​!»។ តែ​នាង​បែរ​ជា​និយាយ​ថា «អត់​ទៅ​ទេ​!»។

 

ខ្ញុំ​ក៏​ខឹង​ហើយ​និយាយ​ថា​៖ «អូន​ឯង​សន្យា​ជាមួយ​បង​មុន​ហើយ​បាន​ប្រាប់​បង​ថា​អូន​មិន​ចង់​ទៅ​ទៀត​តែ​ពេល​នេះ​អូន​បែរ​មក​និយាយ​បែប​នេះ​ដាក់​បង​ទៅ​វិញ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អូន​ឯង​អោយ​បង​ចាំ​អស់​រយៈពេល​ ២​ម៉ោង​ទៀត!»។ ​ពេល​នោះ​ហើយ​ជា​ពេល​ដែល​ពួក​ខ្ញុំ​ក៏​បាន​ឈ្លោះ​ខ្លាំង​ហើយ​ក៏​បាន​បែក​គ្នា​លើក​ទី​មួយ។ ​

 

ប៉ុន្តែ​ដោយ​ក្ដី​ស្រលាញ់​និង​មិន​ទាន់​អស់​ចិត្ត​ ខ្ញុំ​បាន​តេ​ទៅ​នាង​ប៉ុន្តែ​នាង​បាន​បិទ​​ទូរសព្ទ​។ ថ្ងៃ​បន្ទាប់​ខ្ញុំ​ក៏​បាន​តេ​ទៅ​នាង​ទៀត​ប៉ុន្តែ​ទូរសព្ទ​របស់​នាង​នៅ​តែ​បិទ​ដដែល​ ទើប​ខ្ញុំ​សំរេច​ចិត្ត​តេ​ទៅ​អ្នក​ផ្ទះ​របស់​នាង ហើយ​អ្នក​ផ្ទះ​របស់​នាង​​ទៅ​ប្រាប់​អោយ​បើក​ទូរសព្ទ​ និង​ពន្យល់​ទើប​គេ​ព្រម​បើក។ ​ពេល​នោះ​ខ្ញុំ​បាន​និយាយ​និង​អង្វរ​អោយ​គេ​មក​ជួប​ខ្ញុំ​ហើយ​និយាយ​គ្នា​ពេល​នោះ​នាង​ក៏​បាន​យល់​ព្រម​ហើយ​ក៏​បាន​និយាយ​ត្រូវ​គ្នា​ជា​មួយ​ខ្ញុំ​វិញ។ ​

 

មិន​បាន​មួយ​ខែ​ផង​ពួក​ខ្ញុំ​ក៏​មាន​រឿង​ឈ្លោះ​គ្នា​មួយ​ទៀត​គឺ​ខ្ញុំ​ដឹង​ថា​គេ​មាន​ទំនាក់​​ទំនង​ជាមួយ​សង្សារ​ចាស់​របស់​គេ​គឺ​តាំង​ពី​ពេល​ដែល​ខ្ញុំ​ឈ្លោះ​គ្នា​លើក​ទី​មួយ​មក​ម្ល៉េះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​គេ​ថា​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​យូរ​នៅ​គេ​បាន​ប្រាប់​ខ្ញុំ​ថា​២​ទៅ​៣​ថ្ងៃ​ហើយ​គេ​ក៏​បាន​សុំទោស​ខ្ញុំ។ ​ដោយ​ក្ដី​ស្រលាញ់​ខ្ញុំ​ក៏​បាន​​លើក​លែង​ទោស​អោយ​គេ។ ដោយ​ពេល​វេលា​ផ្លាស់​ប្ដូរ​ មនុស្ស​ក៏​ផ្លាស់​ប្ដូរ​ដែរ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​គេ​មិន​ដែល​មើល​ឃើញ​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​ល្អ​ចំពោះ​គេ​ម្ដង​នោះ​ទេ​គេ​មើល​ឃើញ​តែ​រឿង​អាក្រក់​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ​ហើយ​គេ​បាន​តែ​លើក​ពី​ចំណុច ល្អ​របស់​សង្សារ​ចាស់​របស់​គេ​តែ​ប៉ុណ្ណោះ​​ ដោយសារ​តែ​មនុស្ស​ចង់​បែក​ទៅ​ហើយ​ខ្ញុំ​ធ្វើ​អ្វី​ក៏​ខុស​ដែរ រឿង​តូច​ធ្វើ​អោយ​ក្លាយ​ជា​រឿង​ធំ។ នៅ​ថ្ងៃ​ទី​២៣​ខែ​មករា ពួក​ខ្ញុំ​ក៏​បាន​ឈ្លោះ​គ្នា​ដោយ​គេ​លើក​យក​រឿង​ពី​មុន​យក​មក​និយាយ​និង​និយាយ​ថា «​ខ្ញុំ​ទាក់ទង​ជាមួយ​យើង​ជិត​២​ឆ្នាំ​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ចូល​ចិត្ត​យើង​នោះ​ទេ​សូម្បី​តែ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​​ក៏​គ្មាន​អ្នកណា​ចូល​ចិត្ត​អ្នក​ឯង​ដែរ!»​។

 

ហើយ​ពេល​នោះ​ពួក​ខ្ញុំ​ក៏​បាន​ឈ្លោះ​គ្នា​ម្ដង​ទៀត​ខ្ញុំ​ខឹង​នាង​ខ្លាំង​ណាស់ ទើប​ទូរសព្ទ​ទៅ​សួរ​នាង​តើ​នាង​អស់​ចិត្ត​ពី​ខ្ញុំ​ឬ​នៅ? បើ​អស់​ចិត្ត​ម៉េច​មិន​សុំ​ខ្ញុំ​បែក? នាង​ថា​នាង​បាន​សុំ​ខ្ញុំ​បែក​ច្រើន​ដង​ហើយ។ ខ្ញុំ​ឮ​ហើយ​ធ្វើ​អ្វី​មិន​ត្រូវ​ឡើយ​ ចុង​ក្រោយ​ពួក​យើង​និយាយ​ពាក្យ​បែក​​ដាក់​គ្នា ហើយ​ទី​បំផុត​ស្នេហា​នេះ​ចប់​ទាំង​ខ្ញុំ​មិន​ទាន់​បាន​ត្រៀម​ខ្លួន។

 

លុះ​ស្អែក​ឡើង​ លេខ​ទូរសព្ទ​ដែល​នាង​ធ្លាប់​ប្រើ​ គឺ​យក​អត្តសញ្ញាណប័ណ្ណ​​របស់​ខ្ញុំ​ទៅ​ទិញ ទើប​ខ្ញុំ​តេ​ទៅ​ក្រុម​ហ៊ុន​ឱ្យ​បិត​​លេខ​នោះ ព្រោះ​គ្មាន​ហេតុ​ផល​អី​ដែល​ខ្ញុំ​ត្រូវ​ឱ្យ​នាង​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ប្រាស់​ទៀត​ទេ។ ​រួច​ហើយ​នាង​ក៏​បាន​បង្ហោះ​ Status ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​ ទោះ​មិន​បញ្ចេញ​ឈ្មោះ​ក៏​ខ្ញុំ​ដឹង​ថា​នាង​សំដៅ​ដល់​អ្នក​ណា​ដែរ។

 

មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន block ខ្ញុំ​ចោល​ហើយ unblock សង្សារ​ចាស់​របស់​នាង​វិញ។ ហេតុ​ផល​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ហើយ​ថា នាង​ប្រហែល​មាន​ចិត្ត​ចង់​ត្រឡប់​ទៅ​រក​សង្សារ​ចាស់​របស់​នាង​វិញ។ ខ្ញុំ​ជឿ​ទៀត​ថា​​នាង​ប្រហែល​ជា​ចង់​បាន​សង្សារ​ដែល​មាន​រូប​រាង​សង្ហា​ជាង​ខ្ញុំ​ ព្រោះ​ខ្ញុំ​ធ្លាប់​​ឮ​សម្ដី​មួយ​ចំនួន​ដែល​ចេញ​ពី​មាត់​មិត្តភ័ក្ដិ​របស់​នាង​ថា «គួរ​តែ​រក​សង្សារ​ណា​ រូប​រាង​គ្រាន់​មើល​ជាង​ហ្នឹង​ទៅ!»។

 

បែក​គ្នា​រួច​នាង​មើល​ទៅ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​នាង​បង្ហោះ​ថា នាង​ឡើង​បី​គីឡូ​ ចំណែក​ ខ្ញុំ​វិញ​ពិបាក​ចិត្ត​​ស្រក់​ទឹក​ភ្នែក​ស្ទើរ​រាល់​ថ្ងៃ។ ខ្ញុំ​តែង​តែ​នឹក​ឃើញ​រាល់​អនុស្សាវរីយ៍​ដែល​ពួក​យើង​ធ្លាប់​មាន​ជាមួយ​គ្នា នាង​ចង់​មើល​រឿង​អ្វី​ខ្ញុំ download ទុក​ឱ្យ​នាង​មើល ពេល​នាង​ឈឺ​ប្រចាំ​ខែ​ក៏​ខ្ញុំ​រត់​ទៅ​ទិញ​របស់​មនុស្ស​ស្រី​ឱ្យនាង​ចង់​ញ៉ាំ​អ្វី​ខ្ញុំ​ទិញ​ហ្នឹង ថ្ងៃ​ខួប​កំណើត​ តែង​​មាន​កាដូ​​ឱ្យ​នាង​។ ចុះ​ហេតុ​អ្វី​ក៏​នាង​ដាច់​ចិត្ត​ម្ល៉េះ?

 

មនុស្ស​ប្រុស​ភាគ​ច្រើន​យក​ភាព​បរិសុទ្ធ​របស់​នារី​ជា​សំខាន់ តែ​សម្រាប់​ខ្ញុំ​ទទួល​យក​គ្រប់​បែប​យ៉ាង​របស់​នាង​រួម​ទាំង​ប្រវត្តិ​របស់​នាង​ ពី​មុន​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ខ្វល់​ សំខាន់​ខ្ញុំ​ស្រឡាញ់។ ខ្ញុំ​ធ្លាប់​ឈ្លោះ​គ្នា​ជាមួយ​ម៉ាក់ប៉ា ដោយ​សារ​តែ​នាង​ព្រោះ​ពួក​គាត់​មិន​ពេញ​ចិត្ត​នឹង​ប្រវត្តិ​របស់​នាង​ឡើយ​ តែ​ខ្ញុំ​ជម្នះ​រហូត​ដល់​ពួក​គាត់​លែង​ឃាត់។ ខ្ញុំ​ជឿ​ថា​បើ​នាង​តស៊ូ​ជាមួយ​ខ្ញុំ​ តែ​កន្លះ​ឆ្នាំ​ទៀត​ពួក​យើង​នឹង​បាន​រៀបការ​ជាមួយ​គ្នា​ រស់​នៅ​ជាមួយ​គ្នា​ពេញ​មុខ​ពេញ​មាត់​ជា​មិន​ខាន។

 

ឥឡូវ​នេះ​ខ្ញុំ​គិត​ថា អ្វី​ដែល​នាង​ធ្វើ​វា​សាហាវ​ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់! ហេតុ​អ្វី? ​ ខ្ញុំ​ដឹង​ថា នាង​បាន​ឆាត​ជាមួយ​សង្សារ​ចាស់​​នាង​​ ដោយ​មើល​ទៅ​សប្បាយ​ចិត្ត​ណាស់ សង្សារ​ចាស់​នាង​សួរ​ថា​ហេតុអ្វី​ក៏​សប្បាយ​ចិត្ត​ម្ល៉េះ​? នាង​ថា «មក​ពី​បាន​បែក​គ្នា​ជាមួយ​អា​ជ្រូក!»។ ពាក្យ​នេះ​ជា​ពាក្យ​ដែល​ខ្ញុំ​ស្អប់​បំផុត​ក្នុង​ឆាក​ជីវិត ហើយ​នាង​ក៏​ដឹង​ច្បាស់​ដែរ​ថា​ខ្ញុំ​ស្អប់​អ្នក​ណា​ដែល​ហៅ​ខ្ញុំ​បែប​នេះ តែ​ទី​បំផុត​នាង​ខ្លួន​ឯង​ប្រើ​ពាក្យ​បែប​នេះ​នៅ​ពី​ក្រោយ​ខ្នង​ខ្ញុំ។

ខ្ញុំ​គិត​ថា​ចង់​ឱ្យ​នាង​ត្រឡប់​វិញ​មុន​ថ្ងៃ ៨ កុម្ភៈ​ជា​ថ្ងៃ​ដែល​យើង​ស្រឡាញ់​គ្នា តែ​ពេល​នេះ​ខ្ញុំ​ដឹង ​ហើយ​ នាង​មិន​ចង់​មក​រក​ខ្ញុំ​វិញ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រង​ចាំ​ថ្ងៃ​នោះ​មក​ដល់ ។ តែ​ខ្ញុំ​នៅ​តែ​ឆ្ងល់​ចង់​សួរ​​ទៅ​មនុស្ស​ស្រី​គ្រប់​គ្នា​ថា បើ​អ្នក​ជា​នាង​វិញ​តើ​អ្នក​ធ្វើ​បែប​ណា? មនុស្ស​ប្រុស​ម្នាក់​ខំ​ស្មោះ​នាង​ប៉ុណ្ណឹង​ហើយ​ហេតុ​អ្វី​ក៏​នាង​ធ្វើ​បែប​នេះ? ពាក្យ​ចុង​ក្រោយ​ដែល​ខ្ញុំ​ចង់​និយាយ​ប្រាប់​នាង​ «បង​នៅ​ស្រឡាញ់​អូន​បារម្ភ​ពី​អូន ហើយ​បង​ចង់​និយាយ​ពាក្យ​ដែល​បង​ធ្លាប់​និយាយ​មុន​ពេល​ចូល​គេង​ good night ប្រពន្ធ​សំឡាញ់​ បង​ស្រឡាញ់​អូន!»៕

 

 

អត្ថបទ៖ តា​ម៉ាប់

ចុចអាន៖ កើត​មកជា​អ្នក​ក្រខុស​មែន​ទេ?

 

មាន​រឿងរ៉ាវ​ចង់ចែករំលែក សូមផ្ញើមកកាន់ e-mail: kong.chanvanneng@sabay.com 

ព័ត៌មាន​បន្ថែម​សូម​ទូរសព្ទមក​កាន់​លេខ ០១០ ៧០០ ៧២៧