ឆ្នេរខ្សាច់សក្បោះនៃភូមិភាគនិរតី
- 2016-02-10 12:23:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នេរខ្សាច់សក្បោះនៃភូមិភាគនិរតី
ចន្លោះមិនឃើញ
ធ្វើដំណើរប្រមាណដប់គីឡូម៉ែត្រទៅភាគខាងជើងនៃក្រុងព្រះសីហនុ ឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានឆ្នេរខ្សាច់មួយដ៏ស្រស់ស្អាត ឈ្មោះថា «ឆ្នេរព្រែកត្រែង» ឬ «ឆ្នេរសម្ដេចហ៊ុនសែន»។ ឆ្នេរសមុទ្រមានសភាពសក្បោះ និងមានភាពស្ងប់ស្ងាត់។
ឆ្នេរដ៏មានសម្រស់នេះហាក់មិនសូវមនុស្សម្នាច្រើនមកកម្សាន្តប៉ុន្មានទេនៅថ្ងៃធម្មតា បើប្រៀបធៀបនឹងឆ្នេរអូឈើទាល ឆ្នេរហាវ៉ៃ ឬឆ្នេរអូត្រេះជាដើម។ នេះប្រហែលជាដោយសារឆ្នេរព្រែកត្រែងនៅឆ្ងាយពីក្រុង ឬទីប្រជុំជន ដែលធ្វើគេពុំសូវស្គាល់ ឬចាប់អារម្មណ៍ពីទីនេះ។ ឆ្នេរព្រែកត្រែង មានទឹកសមុទ្ររាក់ ដែលល្អបំផុតសម្រាប់ទៅកម្សាន្តសប្បាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារដែលមានក្មេងតូចៗ ងាយស្រួលនឹងពួកគេហែលលេង។
ជាងនេះទៅទៀតឆ្នេរព្រែកត្រែង គឺមិនត្រឹមតែមានខ្សាច់សស្អាតប៉ុណ្ណោះទេ ក៏ប៉ុន្តែមានសន្តាប់ធ្នាប់ ម្លប់ឈើត្រជាក់ និងសួនច្បារថែមទៀត។ យ៉ាងណាមិញ ភាពមានសណ្តាប់ធ្នាប់នេះ ហាក់ត្រូវបានមើលឃើញតែមួយកំណាត់នៃឆ្នេរ រីឯផ្នែកម្ខាងទៀតនៃឆ្នេរហាក់ពោលពេញដោយសំរាម និងថង់ផ្លាស្ទិចដែលជាកាកសំណល់ប្រជាជន ឬអ្នកដំណើរទៅទីនោះ។
គួរឲ្យកត់សម្គាល់ថា កន្លែងដែលមានសំរាមច្រើនជាកន្លែងដែលមនុស្សទៅច្រើន រួមទាំងមានអ្នកលក់ដូរនៅក្បែរនោះផងដែរ។ ដូច្នេះ ប្រជាជនខ្មែរ និងទេសចរទាំងអស់គួរពិចារណាឡើងវិញនូវទង្វើររបស់ខ្លួនក្នុងការជួយថែរក្សាសណ្ឋាប់ធ្នាប់បរិស្ថាន ដែលវាជាផ្នែកមួយបង្ហាញអំពីភាពថ្លៃថ្នូរ និងគុណធម៌របស់ខ្លួន។
អត្ថបទ៖ កើត ចន្ទ្រា