ចូលចិត្ត​លេង​ភ្លើង​​ឡាន​​ញឹកញាប់ ប្រយ័ត្ន​ខុស​បច្ចេកទេស​នាំ​ទុក្ខ​ធំ​ដាក់​ខ្លួន

  • 2016-02-15 16:12:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​មួយ​ចំនួន ពិសេស​ស្ទាវៗ​តែង​ចូលចិត្ត​លេង​ភ្លើង​ឡាន​អួត​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ពេល​ខ្លះ​​​មិន​ដឹង​ថា​ការ​​លេង​ភ្លើេង​​ខុស​បច្ចេកទេស នាំ​ឱ្យ​មាន​គ្រោះ​ថា្នក់​ផ្សេងៗ​ពេល​ធ្វើ​ដំណើរ។

 

 

និយាយ​ពី​ការ​តុបតែង​ភ្លើង​ឡាន​ខុស​បច្ចេកទេស លោក វង្ស គីម ហួត ម្ចាស់​ហ្ការ៉ាស់​ច្នៃ​ឡាន​ល្បី​ឈ្មោះ VKH នៅ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា គ្រោះ​ថា្នក់​ជា​យថាហេតុ​ដែល​កើត​ឡើង​ដោយ​សារ ការ​ត​ភ្លើង​ខុស​ក្បួន​ខ្នាត​ត្រឹមត្រូវ​នោះ គឺ​អាច​ធ្វើ​ឱ្យ​រថយន្ត​ឆេះ​ពេល​ត្រូវ​បើកបរ​ផ្លូវ​ឆ្ងាយ​ជា​ដើម។

 

បើ​តាម​បទ​ពិសោធន៍​បើក​ហ្ការ៉ាស់​ច្នៃ​ឡាន​រយៈ​ពេល​ជាង ១០ឆ្នាំ​មក​នេះ ​លោក​គីម ហ៊ួត បាន​បង្ហើប​ព័ត៌មាន​រសើប​មួយ​ថា ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​រថយន្ត​ឆេះ​ពេល​ត្រូវ​បើកបរ​ផ្លូវ​ឆ្ងាយ នោះ​គឺ​ដោយ​សារ​ជាង​ត​ភ្លើង​រថយន្ត​មួយ​ផ្នែក​តូច ប្រើ​ខ្សែ​ភ្លើង​ត​តាម​ផ្ទះ​មក​តុបតែង​ភ្លើង​រថយន្ត​ឱ្យ​អតិថិជន។

 

ម្ចាស់​ហ្ការ៉ាស់​រូប​នេះ​បន្ត​ថា ខ្សែ​ភ្លើង​ត​តាម​ផ្ទះ​ទាំង​នោះ​ពុំ​អាច​ស៊ូ​នឹង​កម្តៅ​បាន​យូរ​អង្វែង​នោះ​ទេ ហើយ​នៅ​ពេល​រថយន្ត​បើក​ក្នុង​រយៈ​ពេល​យូរ​ នោះ​នឹង​អាច​ធ្វើ​ឱ្យ​ជ័រ​ខ្សែ​ភ្លើង​រលាយ​ឆេះ​តែ​ម្តង ដែល​ធ្វើ​ឱ្យ​មាន​គ្រោះ​ថា្នក់​ដល់​អ្នក​ដំណើរ​ក្នុង​រថយន្ត។

 

ក្រៅ​ពី​ព័ត៌មាន​រសើប​យក​ខ្សែ​ភ្លើង​ត​ផ្ទះ​មក​តុបតែង​លេង​ភ្លើង​រថយន្ត ការ​លេង​ភ្លើង​ស៊ីញ៉ូ​ខុស​មាត្រ​ដ្ឋាន​ចរាចរណ៍ ក៏​នាំ​បញ្ហា​ផង​ដែរ។ លោក ហ៊ួត​ថា ភ្លើង​ស៊ីញ៉ូ​រថយន្ត​ខ្លះ ដូចជា​ភ្លើង​ស្តុប​ក្រហម​សម្រាប់​សម្គាល់​ពេល​រថយន្ត​ត្រូវ​ឈប់ តែ​ម្ចាស់​ឡាន​បែរ​ជា​លេង​ភ្លើង​​ឬ​ដូរ​ពណ៌​​ទៅ​វិញ។

 

​ជាង​តុបតែង​ភ្លើង​ឡាន ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​និង​បច្ចេកទេស​ត្រឹម​ត្រូវ​ក្នុង​ការ​ត​ភ្លើង​រថយន្ត​ឱ្យ​ភ្ញៀវ ហើយ​ក៏​មាន​តួនាទី​ផ្តល់​យោបល់​ដល់​ម្ចាស់​រថយន្ត​ផង​ដែរ មុន​ពេល​​​ពួកគេ​​សម្រេច​ចិត្ត​លេង​ភ្លើងឡាន​ មិន​មែន​ធ្វើ​យក​តែ​លុយ​ឱ្យ​រួច​តែ​ពី​ដៃ​នោះ​ទេ។ ថៅ​កែ​ហ្ការ៉ាស់​ច្នៃ​ឡាន​​វ័យ ៣៤ឆ្នាំ​រូប​នេះ​ក្រើន​រំលឹក​​ចុង​ក្រោយ៕

 

អាន៖ វិធីសាស្ត្រ​ធ្វើ​ឲ្យ​រថយន្ត​​មិន​សូវ​ស៊ី​សាំង​

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី