អំពូល​ភ្លើងភ្លឺ​ពេល​ថ្ងៃ រួម​ចំណែកកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

  • 2016-02-16 16:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំពូល «Daytime Running Light» ឬ​ហៅ​កាត់​ថា DRL គឺជា​អំពូល​ភ្លើង​ពេល​ថ្ងៃ​ប្រភេទ LED (Light-Emitting Diode) ស្វ័យ​ប្រវត្តិ​ម្យ៉ាង​ដែល​ភ្លឺ​ដំណាល​ពេល​ដែល​ម៉ាស៊ីន​របស់​រថយន្ត​បញ្ឆេះ​ឡើង។ ​ពន្លឺ​នៃ​អំពូល DRL​ នេះ​​​វា​​នឹង​​ត្រូវ​ថយ​ពន្លឺ​វា​ដោយ​ស្វ័យប្រវត្តិ​បន្តិច​ទៅ​វិញ​នៅ​ពេល​ភ្លើង​មុខ​ត្រូវ​បាន​​បំភ្លឺ​ឡើង ដែល​​ធ្វើ​ឲ្យ​អ្នក​បើកបរ​​​​អាច​មើល​ឃើញ​គ្នា​ពី​ចម្ងាយ​​ជា​វិធីអាច​ជួយ​​កាត់​បន្ថយ​គ្រោះថ្នាក់​មួយ​ដ៏​ល្អ​បំផុត ដូចជា​ការ​បើកបរ​ក្នុង​ពេល​បញ្ច្រាស​ទិស​គ្នា​ ពេល​​មាន​ធូលី​ដី​ហុយខ្លាំង​ ពេល​ចុះ​អ័ព្ទ ពេល​មាន​ផ្សែង​ ពេល​ភ្លៀង​ធ្លាក់ ឬ​ពេល​​មេឃ ងងឹត ជាដើម។

 

 

លោក សូ ឌែនី ម្ចាស់​ហាងលេង​​រថយន្ត​យីហោ Car Lovers បាន​ប្រាប់​ថា​ អំពូល​ភ្លើង​ប្រភេទ DRL នេះ​ពុំ​មាន​ផល​រំខាន​ដែល​ធ្វើ​ឲ្យ​ចាំង​ភ្នែក​ដល់​អ្នក​បើកបរ​តាម​ទិសដៅ​ប្រឈម​គ្នា​នោះ​ឡើយ ដោយ​ហេតុ​ថា វា​មាន​មាត្រដ្ឋាន​តូច​ល្អិត​ដែល​រចនា​យ៉ាង​វិចិត្រ​នៅ​ក្នុង​ប្រអប់​​ចង្កៀង​មុខ។ វា​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​តិច​បំផុត ហើយ​មាន​កាំរស្មី​ត្រឹមតែ​​ជា​អំពូល​បំភ្លឺ​នៅ​ជុំវិញ​ខ្លួន​ឯង​ប៉ុណ្ណោះ ប៉ុន្តែ​វា​ផ្ដល់​លទ្ធភាព​ដល់​អ្នក​បើកបរ​បញ្ច្រាស​ទិស​គ្នា​អាច​មើល​ឃើញ​ រថយន្ត​យ៉ាង​ច្បាស់​ពី​ចម្ងាយ​អាច​​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​កម្រិត​ធំ។

 

លោកបន្ថែម​ថា អំពូល​ប្រភេទ​​នេះ​ត្រូវ​បំពាក់​​នៅ​លើ​រថយន្ត​ផលិត​នៅ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ដំបូង​គេ​ដូចជា អាល្លឺម៉ង់ ដាណឺម៉ាក ន័រវែស និង​ស៊ុយអែត ជាដើម។ ​រថយន្ត​ស៊េរី​ទំនើប​​ៗក្នុង​ប្រទេស​​កម្ពុជា​​​ បច្ចុប្បន្ន​នេះ​ក៏​មាន​បំពាក់​នូវ​ប្រភេទ​ភ្លើង​បែប​នេះ​ស្ទើរ​​តែ​គ្រប់​រថយន្ត​​ដែរ។

 

បន្ត​អាន៖  របៀប​ពិនិត្យ​មើល​អំពូលឡេស៊ែែរ​រថយន្ត​ពិត ឬ​ក្លែង​ក្លាយ

 

អត្ថបទ៖ រក្សា