តាមពិតខ្ញុំគិតតែម្នាក់ឯង
- 2016-02-23 17:14:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតខ្ញុំគិតតែម្នាក់ឯង
ចន្លោះមិនឃើញ
វាជារឿងរ៉ាវស្នេហាតែម្ខាងមួយដែលបានកើតឡើងនៅពេលដែលខ្ញុំរៀនគួរវ៉ាកងធំត្រៀមចូលថ្នាក់ទី១២នៅសាលាជ័យថាវី។ ខ្ញុំនិងម្នាក់នោះរៀននៅសាលាផ្សេងគ្នាប៉ុន្តែយើងបានជួបជុំគ្នានៅទីនេះ។ ថ្ងៃមួយដោយសារតែមេឃភ្លៀងហើយមិនអាចដើរទៅយកម៉ូតូដែលផ្ញើនៅខាងក្រៅសាលាបានខ្ញុំនិងមិត្តរបស់ខ្ញុំរួមទាំងសិស្សដ៏ទៃបាននាំគ្នាឈរចាំនៅកន្លែងផ្ញើម៉ូតូខាងក្នុង។
នេះជាពេលដែលខ្ញុំបានចាប់អារម្មណ៍ថាមានបុរសម្នាក់កំពុងតែសម្លឹងមកខ្ញុំ ប៉ុន្តែខ្ញុំក៏មិនគិតអ្វីច្រើនព្រោះគ្រាន់តែសម្លឹង។ ចៃដន្យអីខ្ញុំក៏បានឃើញគេនៅក្នុងថ្នាក់រៀនម្ដងទៀត។ តាមពិតពួកយើងរៀនថ្នាក់ជាមួយគ្នាគ្រប់មុខវិជ្ជាទាំងអស់។
ថ្ងៃមួយខ្ញុំនិងមិត្តភ័ក្ដិចាប់តុ បានអង្គុយនៅខាងមុខ ពេលម៉ោងចូលរៀនមុខវិជ្ជាទី២ ខ្ញុំក៏ឃើញមនុស្សម្នាក់នោះម្ដងទៀត។ ម្ដងនេះពួកយើងបានសម្លឹងមើលគ្នាយ៉ាងច្បាស់។ ពេលនោះខ្ញុំក៏គិតម្ដងទៀតថា ហេតុអីក៏ម្នាក់ហ្នឹងសម្លឹងខ្ញុំទៀតហើយ មិនគិតអ្វីច្រើនក៏អង្គុយរំលឹកមេរៀនព្រោះជិតដល់ម៉ោងចូលរៀន។
មនុស្សម្នាក់នោះ និងមិត្តភ័ក្ដិរបស់គេអង្គុយតុ នៅខាងក្រោយ ខ្ញុំជារៀងរាល់ថ្ងៃរហូតដល់ចប់វ៉ាកង។ ខ្ញុំចាប់ផ្ដើម ចាប់អារម្មណ៍កាយវិការរបស់ម្នាក់នោះកាន់តែខ្លាំង រាល់ពេលដែលគេឡើងមករៀនគីមី គឺយើងតែងតែប្រទះឃើញគ្នា និងមើលគ្នាជាញឹកញាប់ ពេលខ្លះខ្ញុំគិតថាគេដូចជាចង់ញញឹម។ មិត្តភ័ក្ដិគេជាមនុស្សកំប្លែង ពួកគេតែងតែនិយាយកំប្លែងដែលពេលខ្លះធ្វើអោយខ្ញុំនិងមិត្តរបស់ខ្ញុំ ទប់សើចមិនចង់បាន តែពួកខ្ញុំមិនដែលសើចនិងសំដីរបស់ពួកគេទេ កម្រនិងសើចអោយពួកគេដឹងណាស់ព្រោះគេនិយាយតែគេ យើងអត់ស្គាល់គេផងសើចទៅដូចខ្មាសគេ។ ខុសពីមិត្តរបស់គេ ខ្ញុំដូចជាកម្រលឺបុរសម្នាក់នោះនិយាយលេងសើចប៉ប្លេចប៉ប្លូចណាស់គេណាស់គ្រាន់តែសើចនិងនិយាយតខ្លះៗប៉ុណ្ណោះ។
ដោយសារតែយើងឃើញមុខគ្នា និងមើលមុខគ្នាសឹងតែរាល់ថ្ងៃ កាយវិការ និងទឹកមុខរបស់គេធ្វើអោយខ្ញុំគិតថាបុរសម្នាក់នោះចាប់អារម្មណ៍នឹងខ្ញុំ។ ប៉ុន្តែពេលវេលាវ៉ាកងក៏បញ្ចប់។
អំឡុងពេលរៀនថ្នាក់ទី១២ខ្ញុំមិនដែលទៅជ័យថាវីម្ដងណាទៀតឡើយ ទើបតែពេលចូលឆមាសទី២ទើបខ្ញុំដូរទៅរៀនគួរត្រៀមនៅជ័យថាវីម្ដងទៀត។ ចម្លែកអី! សិស្សរាប់ពាន់នាក់ទៅរៀនទីនោះ ហេតុអីក៏ខ្ញុំរៀនថ្នាក់ជាមួយម្នាក់នោះទៀតហើយ សូម្បីកន្លែងអង្គុយក៏ជិតគ្នាដដែល នេះប្រហែលជាព្រហ្មលិខិតកម្រិតអោយយើងជួបគ្នាម្ដងទៀតហើយមើលទៅ។
អារម្មណ៍របស់ខ្ញុំក៏ចាប់ផ្ដើមគិតរវើរវាយជាថ្មី។ ទម្លាប់នៅពេលជួបគ្នារបស់ពួកយើងគឺនៅតែដដែលគឺគ្រាន់តែសម្លឹងមើលគ្នាទៅវិញទៅមក។ ពេលវេលាក៏កាន់តែទៅមុខបេះដូងរបស់ខ្ញុំក៏ចាប់ផ្តើមចាប់អារម្មណ៍គេដោយមិនដឹងខ្លួន។ ប៉ុន្តែខ្ញុំក៏គិតថាគេក៏ចាប់អារម្មណ៍ខ្ញុំដូចគ្នា ប៉ុន្តែពួកយើងមិនដែលញញឹមដាក់គ្នាអោយចំ រឺក៏សារភាពនោះទេ។ រៀនត្រៀមបាក់ឌុបក៏បានបញ្ចប់ ប៉ុន្តែខ្ញុំមិនដែលបានទទួលការសារភាពពីគេទេ ហេតុផលនេះធ្វើអោយខ្ញុំគិតសារជាថ្មី រួចក៏ប្រាប់ខ្លួនឯងថាខ្ញុំគិតតែម្នាក់ឯង។ ប្រលងទី១២ក៏បានបញ្ចប់ ចាប់ពីពេលនោះទៅយើងក៏លែងបានជួបគ្នា។
តែព្រហ្មលិខិតនៅតែលែងសើចនឹងខ្ញុំ ខ្ញុំបានដាក់ពាក្យប្រលងចូលរៀននៅសាកលវិទ្យាល័យUCខ្ញុំក៏មិននឹកស្មានថាគេក៏ដាក់ពាក្យរៀននៅសាលានោះដែរ ចម្លែកអីថ្ងៃទៅប្រលងនៅសាលាបាក់ទូក សិស្សរាប់ពាន់នាក់ដើរអោយពេញតែសាលា ភ្នែកខ្ញុំក៏ក្រឡេកឃើញគេ តែពេលនោះគេទំនងជាឈរចាំមិត្តភ័ក្ដិមុនពេលចូលប្រលង។ អារម្មណ៍របស់ខ្ញុំជ្រួលច្របល់ បេះដូងក៏លោតញាប់ហើយមានអារម្មណ៍ថាភ័យនៅពេលដែលខ្ញុំបានឃើញគេម្ដងនេះ។ ពេលនេះហើយដែលធ្វើអោយខ្ញុំដឹងថាតាមពិតគេគឺជាសិស្សសាលា ព្រះស៊ីសុវត្ថិដោយសារតែឯកសណ្ឋានរបស់គេ។ ខ្ញុំមិនគិតអ្វីច្រើនក៏សម្រួលអារម្មណ៍ហើយប្រាប់ខ្លួនឯងថាគេមិនចាប់អារម្មណ៍ឯងទេកុំគិតច្រើនពេកកុំឆ្កួតតែម្នាក់ឯង រួចក៏ដើរយ៉ាងលឿនសំដៅទៅអគារប្រលង។ ងាកក៏មិនហ៊ានងាកព្រោះខ្លាចថាបើគេចាប់បានថាខ្ញុំចាប់អារម្មណ៍គេប្រាកដជាខ្មាសគេណាស់។ តែទោះមុខមិនហ៊ានងាកតែខ្ញុំបានលួចមើលគេតាមកន្ទុយភ្នែក ក៏ឃើញថាគេក៏ដូចជាឃើញខ្ញុំ ហើយសម្លឹងមកខ្ញុំដែរ។ ខ្លួនចង់ងាកទៅមើលគេដែរតែគិតថាកុំអី ប្រាប់ខ្លួនឯងថាគេគ្រាន់តែសម្លឹង អ្នកណាផ្សេងប៉ុណ្ណោះ ព្រោះបើគេចាប់អារម្មណ៍នឹងខ្លួនមែនគេសារភាពយូរហើយ។ ខ្ញុំក៏លេងគិតអីក៏សំដៅទៅបន្ទប់ប្រលងទៅ។
ពេលចេញពីប្រលង ដើរចុះជណ្ដើរខ្ញុំក៏លួចមើលតាមជាន់ដែរថាតើមានឃើញគេដែរឬអត់ ស្រាប់តែឃើញគេមែន យើងប្រលងនៅអគារជាមួយគ្នាទៀត។ ពេលខ្ញុំចុះមកឃើញគេកំពុងតែនិយាយលេងជាមួយនារីម្នាក់ទៀតសើចសប្បាយតែក៏ដូចជាកំពុងសម្លឹងទៅជណ្ដើរដូចជា ចាំមើលនរណាម្នាក់ តែដោយឃើញគេនិយាយជាមួយនារីដ៏ទៃ។ ខ្ញុំក៏មិនហ៊ានមើលយូរគ្រាន់តែក្រឡេកបន្តិចក៏ងាកមកវិញ។ ដូច្នេះហើយខ្ញុំក៏មិនបានដឹងពីការពិតថាតើហេតុអីក៏គេឈរទីនោះដែរ។ អារម្មណ៍ខ្ញុំចាប់ផ្តើមរញ៉េរញ៉ៃជាថ្មីនិយាយតែម្នាក់ឯងថា តិចគេឈរចាំខ្ញុំទេដឹង តែមិនអាចទេគេប្រហែលឈរចាំមិត្តភ័ក្ដិគេទេ តែចុះហេតុគេសម្លឹងមកខ្ញុំដូចជាខំរកមើលចឹង? គិតតែងឯងទៀតហើយមើលទៅ! រួចក៏ប្រាប់ខ្លួនឯងទៀតថា គេឈរនិយាយជាមួយសង្សារគេទេល្មមភ្ញាក់ខ្លួនហើយ បើគេចាប់អារម្មណ៍យើងមែនគេសារភាពយូរហើយ ហើយបើនារីម្នាក់នោះមិនមែនជាសង្សារគេទេ គេប្រាកដជាតាមមកហើយ។
(រូបតំណាង)
មេរៀនស្នេហ៍ ក្នុងការចងចាំ
ប៉ុន្តែគេមិនបានតាមមកទេ ថ្ងៃនោះហើយធ្វើអោយខ្ញុំភ្ញាក់ខ្លួនថាតាមពិតខ្ញុំគិតតែម្នាក់ឯង។ ខ្ញុំក៏ព្យាយាមបំភ្លេចគេ ហើយខ្ញុំក៏អាចធ្វើវាបាន ព្រោះថាពួកយើងមិនមែនជាអ្វីនឹងគ្នាទេ គ្រាន់តែជាcrush ដូច្នេះវាងាយស្រួលបំភ្លេចហើយក៏ប្រើពេលលឿនដែរ។
ភាពចៃដន្យបានកើតឡើងជាថ្មីនៅពេលថ្មីៗនេះ ខ្ញុំមានគណនី Instagramពីរ ហើយក៏មិនបានដឹងថាខ្ញុំនឹងម្នាក់នោះបានfollow គ្នានៅក្នុងគណនី ដែលមិនបានប្រើឈ្មោះពិតរបស់ខ្ញុំតាំងពីពេលណាដែរ។ ខ្ញុំ followគេតាំងពីឆ្នាំមុនប៉ុន្តែខ្ញុំទើបតែដឹងនៅពេលនេះ បើគិតទៅ១ឆ្នាំកន្លងហើយ ទើបខ្ញុំបានដឹង ដោយសារតែខ្ញុំចង់ដឹងថាមានណាគេfollowខ្ញុំខ្លះ រួចក៏ប្រទះគណនីមួយដែលមានឈ្មោះស្រដៀងនឹងម្នាក់នោះ ខ្ញុំក៏ចូលមើលហើយក៏ដឹងថាគឺគេមែន ប៉ុន្តែខ្ញុំជាអ្នកfollowមុន ដោយមើលតាមhistory។ ៥ឆ្នាំហើយដែលខ្ញុំមិនដែលគិតពីគេ ហើយក៏មិនដែលចង់ជួបសូម្បីនៅតាមផ្លូវ ឬកន្លែងណា តែម៉េចក៏មកជួបនៅក្នុង Instagramទាំងដែលខ្ញុំមិនដែលនឹងស្វែងរក។ មិនថាតែ Instagramរឺ ក៏ Facebook ខ្ញុំមិនដែលចង់ស្វែងរកគណនីរបស់ គេនោះ ទេបើទោះបីខ្ញុំចាំតែឈ្មោះមួយម៉ាត់ចុងក្រោយរបស់គេដែលធ្លាប់តែលឺមិត្តភ័ក្ដិគេហៅក៏ដោយ។ អ្វីៗទាំងអស់នេះធ្វើអោយខ្ញុំគិតថាវាពិតជាព្រហ្មលិខិតពិតមែន។ ខ្ញុំក៏ចាប់ផ្ដើមគិតពីគេម្ដងទៀត រួចក៏រកគណនី Facebookរបស់គេតាមឈ្មោះក្នុង Instagram របស់ គេក៏បានឃើញគេហើយក៏ដឹងថាគេបានជាប់អាហារូបករណ៍ទៅរៀនបរិញ្ញាបត្រនៅចិន។ គេពិតជាសិស្សពូកែម្នាក់ ហើយក៏រួសរាយដែរ។ ក្រោយចំណាយពេលប៉ុន្មានថ្ងៃ ខ្ញុំក៏សម្រេចចិត្ត Add friend ទៅគេប៉ុន្តែគេមិនបាន Confirmនោះទេ។ ប៉ុន្មានសប្ដាហ៍ក្រោយមកprofileរបស់គេក៏ចាប់ផ្ដើមដាក់ private ខ្ញុំក៏លែងឃើញpostថ្មីៗរបស់គេទៀតដែរ។ ដោយរង់ចាំជាច្រើនសប្ដាហ៍មិនឃើញconfirmខ្ញុំក៏សម្រេចចិត្ត cancel request។ មូលហេតុជាច្រើនដែលខ្ញុំគិតថាគេមិនconfirm ព្រោះប្រហែលជាគេមិនស្គាល់ខ្ញុំទេ ប៉ុន្តែហេតុអីអ្វីៗទើបតែមកក្លាយជាprivateនៅពេលខ្ញុំaddគេក្នុង Facebook ទៅវិញ? សូម្បីតែក្នុង Instagramក៏ទើបតែprivateដែរ។ នេះធ្វើអោយខ្ញុំគិតថាប្រហែលជាគេចំណាំមុខខ្ញុំប៉ុន្តែមិនចង់អោយខ្ញុំឃើញពីរឿងរ៉ាវរបស់គេ។ ប៉ុន្តែក៏អាចថាគេមិនស្គាល់ខ្ញុំតែម្ដង ហើយprofileគេដាក់private វាជារឿងធម្មតាទេសម្រាប់ភាពឯកជនរបស់មនុស្សម្នាក់ៗ ព្រោះសូម្បីតែខ្ញុំក៏ដាក់privateដែរ។
ក្រោយជួបរឿងរ៉ាវជាច្រើន និងភាពចៃដន្យជាច្រើនឥលូវនេះខ្ញុំដឹងយ៉ាងប្រាកដថា គេមិនបានចាប់អារម្មណ៍ខ្ញុំទេ គឺគ្រប់ពេលខ្ញុំគិតតែម្នាក់ឯង។ តែក៏ចង់និយាយថាហេតុអីពេលនោះកាយវិការរបស់អ្នកធ្វើអោយខ្ញុំច្រឡំយ៉ាងនេះ ខ្ញុំមិនមែនជាមនុស្សដែលឆាប់វាយតម្លៃទៅលើរឿងនេះដោយគ្រាន់តែទឹកមុខ ឬកាយវិការនោះទេ តែទឹកមុខរបស់អ្នកដូចជា ដូចពេកហើយ។ ហើយក៏ចង់សូមទោសដល់ម្នាក់នោះផងដែរ ករណីបើសិនជាគេចំណាំមុខខ្ញុំហើយមិនចង់អោយខ្ញុំឃើញ ឬក៏គិតថាការ Addរបស់ខ្ញុំរំខាន ក៏សូមទោសហើយក៏ពុំចាំបាច់ព្រួយបារម្ភពីរឿងហ្នឹងអី ព្រោះខ្ញុំនឹង មិនរំខានអ្នកទេ។ ជូនពរអ្នកជោគជ័យពេលរៀនអនុបណ្ឌិតចប់ត្រលប់មកខ្មែរវិញ៕
សូមទស្សនាវីដេអូសង្ខេប៖
https://www.youtube.com/watch?v=0B-QQ6lReoM
អត្ថបទ៖ រតនា
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com
ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ ០១០ ៧០០ ៧២៧