មេរៀន​ស្នេហ៍​ ក្នុង​ការ​ចងចាំ​

  • 2016-02-19 17:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​លាក់​​ទុក​ក្នុង​ចិត្ត​យូរ​ហើយ​គ្មាន​នរណា​ម្នាក់​ដែល​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ដឹង​នោះ​ទេ។ នៅ​ចុង​ឆ្នាំ​ ២០១០ ខ្ញុំ​បាន​ប្ដូរ​សាលា​មក​រៀន​នៅ​សាលា​ឯកជន​មួយ។ ជា​សិស្ស​ថ្មី​នៃ​ថ្នាក់​ទី ៩ របស់​សាលា​ថ្មី​ បាន​ទទួល​ការ​ធ្វើ​បាប​ពី​សំណាក់​មិត្ត​រួម​ថ្នាក់​ មាន​អារម្មណ៍​ថា​ឯកោ​ណាស់។​ ទោះ​បី​ជា​មាន​មិត្តភ័ក្ដិ​ចូល​ដំណាល​គ្នា តែ​គ្មាន​អារម្មណ៍​ថា​ទទួល​បាន​ការ​ការពារ​សោះ​ ប្រៀប​ដូច​ជា​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង នៅ​សាលារៀន​នេះ។

 

នៅ​ដើម​ឆ្នាំ ២០១១ មាន​បុរស​ម្នាក់​ (អ្នក​ទី​១) ត្រូវ​ជា​មិត្តភ័ក្ដិ​របស់មិត្ត​ខ្ញុំ​ដែល​រៀន​ភាសា​អង់គ្លេស​ជាមួយ​គ្នា ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ។ គាត់​ជា​មនុស្ស​ក្លាហាន​ ដោយ​សារ​តែ​កម្មវិធី​សិក្សា​ដូច​គ្នា សាលា​ដូច​គ្នា​ ទោះ​បី​បន្ទប់​និង​អគារ​ខុស​គ្នា​ក៏​ដោយ គាត់​ឧស្សាហ៍​មក​លួច​មើល​ខ្ញុំ​នៅ​ក្នុង​បន្ទប់​ រៀន​មិន​ថា​ជា​សាលា​ខ្មែរ ឬ សាលា​ចិន។

 

ក្រោយ​មក​ទៀត គាត់​ចាប់​ផ្ដើម​ដើរ​តាម​ពី​ក្រោយ​ ខ្ញុំ​ក៏​ដឹង​ថា​គាត់​កំពុង​តែ​តាម​ខ្ញុំ​ដែរ ជួន​កាល​ខ្ញុំ​ក៏​ងាក​ក្រោយ​សម្លក់​គាត់​វិញ តែ​គាត់​បែរ​ជា​ញញឹម​ដាក់​ខ្ញុំ​វិញ។ ខ្ញុំ​កាន់​តែ​គេច​គាត់​កាន់​តែ​តាម​ កាល​ដែល​ខ្ញុំ​គេច​មិន​បាន​មាន​ន័យ​ថា​មិន​ចូល​ចិត្ត​គាត់​ទេ តែ​ខ្ញុំ​អៀន ហើយ​ឱ្យ​តែ​ពេល​អៀន​គឺ​ចេះ​តែ​ចង់​គេច។

 

ក្រោយ​មក​គាត់​បាន​លេខ​ទូរសព្ទ​ខ្ញុំ​ពី​មិត្តភ័ក្ដិ​ខ្ញុំ គាត់​ចាប់​ផ្ដើម​ Message និង​និយាយ​លេង​ជាមួយ​ខ្ញុំ​។ យូរៗ​ទៅ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ មាន​ចិត្ត​ឱ្យ​គាត់​។ គាត់​នៅ​តែ​ដើរ​តាម​ខ្ញុំ​ដូច​រាល់​ដង​ ហើយ​ពួក​យើង​ក៏​ចាប់​ផ្ដើម​និយាយ​រក​គ្នា​នៅ​ខាង​ក្រៅ​ដែរ។ ក្រោយ​មក​ទៀត​យើង​ក៏​ចាប់​ផ្ដើម​និយាយ​ទូរសព្ទ​ជាមួយ​គ្នា។ មួយ​ថ្ងៃ​យើង​និយាយ​ទូរសព្ទ​ពី ១០ ទៅ ២០ នាទី។ រហូត​ថ្ងៃ​មួយ​ក្នុង​ខែ​មិថុនា គាត់​សុំ​ខ្ញុំ​ធ្វើ​សង្សារ​ពេល​នោះ ខ្ញុំ​មិន​ទាន់​​ឱ្យ​ចម្លើយ​គាត់​ទេ ប្រាប់​គាត់​ថា​សុំ​គិត​មើល​សិន។ ក្រោយ​មក​ខ្ញុំ​បាន​យល់​ព្រម​ធ្វើ​ជា​សង្សារ​ គាត់​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា។

 

បើ​និយាយ​ពី​ប្រវត្តិ​គ្រួសារ​វិញ គ្រួសារ​គាត់​ជា​អ្នក​មាន​ធនធាន ចំណែក​ខ្ញុំ​គឺ​អ្នក​មធ្យម។ នៅ​ពេល​ពួក​យើង​ញ៉ាំ​អាហារ​គឺ​គាត់​ជា​អ្នក​ចេញ​លុយ សូម្បី​តែ​ពេល​គាត់​ដឹង​ថា​ខ្ញុំ​ចូល​ចិត្ត​អ្វី​គឺ​គាត់​ទិញ​ឱ្យ​ភ្លាម​ដោយ​ខ្ញុំ​មិន​បាន​ទាម​ទារ។

 

ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​ ដែល​មាន​គំនិត​និង​ប្រកាន់​គោល​ជំហរ​មួយ គឺ​មិន​សប្បាយ​នៅ​ពេល​ដែល​ចាយ​លុយ​គាត់ ជា​ពិសេស​គឺ​ខ្ញុំ​ស្រឡាញ់​គាត់​ មិន​ចង់​ឱ្យ​គាត់​ចំណាយ​លុយ​នឹង​របស់​របរ​ដែល​គាត់​ទិញ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ដែរ​ថា​កុំ​ចាយ​លុយ​ច្រើន​មក​លើ​ខ្ញុំ ខ្ញុំ​មិន​ចូល​ចិត្ត តែ​ពេល​ខ្លះ​គាត់​មិន​ស្ដាប់​ខ្ញុំ​ទេ។

 

សេព​គប់​គ្នា​បាន​មួយ​អាទិត្យ​ជាង​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ពួក​យើង​ខុស​គ្នា​ខ្លាំង​ណាស់​ ទាំង​ការ​ចាយវាយ​ សំលៀក​បំពាក់​ រួម​ទាំង​ ការ​លេង​សើច។ ហេតុ​អ្វី​បាន​ជា​យើង​ខុស​គ្នា​ខ្លាំង​ម្ល៉េះ?

 

គ្រួសារ​ខ្ញុំ​មាន​វិបត្តិ​សេដ្ឋកិច្ច​តាំង​ពី​ឆ្នាំ​២០០៩ ដូច្នេះ​ការ​ចាយវាយ​ត្រូវ​ត្បិតត្បៀត​ សន្សំ​សំចៃ។ វា​កាន់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លួន​ឯង​ មាន​អារម្មណ៍​ថា​ នៅ​ពេល​ដើរ​ជាមួយ​គាត់​ខ្ញុំ​មិន​ស័ក្ដិសម​ជាមួយ​នឹង​គាត់​ទេ។

 

អាទិត្យ​ទី​ ២ ក៏​បាន​មក​ដល់​ ថ្ងៃ​មួយ​នោះ​ ខ្ញុំ​មិន​សូវ​ស្រួល​ខ្លួន ឈឺ​ក្បាល​ ក្ដៅ​ខ្លួន​ ខក​ខាន​មិន​បាន​ទៅ​រៀន​អង់គ្លេស។ ខ្ញុំ​បាន​ call ទៅ​គាត់​រួច​ផ្ដាំ​ឱ្យ​គាត់​ជួយ​ផ្ញើ​លេខ ទូរសព្ទ​សាលា​ដើម្បី​សុំ​ច្បាប់ គាត់​យល់​ព្រម។ ខ្ញុំ​ចាំ​គាត់​អស់​រយៈ​ពេល​ជាង ២០ នាទី​មិន​ឃើញ​សារ​ឬ​លេខ​គាត់​ call មក​ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ ពីរ​ទៀត​​ឱ្យ​គាត់​តែ​មិន​ឃើញ​គាត់​តប។ ពេល​នោះ​ខ្ញុំ​ចាំ​លែង​បាន​ខ្ញុំ​ក៏​call ទៅ​គាត់​ គាត់​លើក​ទូរសព្ទ​ហើយ​ប្រាប់​ថា​គាត់​កំពុង​តែ​ញ៉ាំ​អី​ជាមួយ​មិត្តភ័ក្ដិ​។ មូលហេតុ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង​ ហើយ​ក៏​ដាក់​ទូរសព្ទ​ចុះ​ឈប់​និយាយ​ជាមួយ​គាត់។

 

 

(រូបតំណាង)

 

 

ហេតុ​អ្វី​បាន​គាត់​ធ្វើ​ចឹង? ញ៉ាំ​អី​ជាមួយ​មិត្តភ័ក្ដិ​ក៏​ញ៉ាំ​ទៅ​តែ​ហេតុ​អ្វី មិន​ប្រាប់​ខ្ញុំ​មុន​ ខ្ញុំ​ខំ​ទន្ទឹង​រង់ចាំ​គាត់​យ៉ាង​អន្ទះសា ហើយ​ក៏​បារម្ភ​ខ្លាច​គាត់​មាន​រឿង​អី​កើត​ឡើង មាន​ដឹង​ថា​អារម្មណ៍​អ្នក​ដែល​ចាំ​ហ្នឹង​ភ័យ​ វា​ពិបាក​ប៉ុណ្ណា​អត់? ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​បែក​គ្នា​ទៅ​គាត់​សង្ឃឹម​ថា​គាត់​នឹង​មក​លួង​ខ្ញុំ​វិញ​ ព្រោះ​លើក​មុន​ខ្ញុំ​ក៏​ធ្លាប់​វិធី​នេះ​ហើយ បាន​ផល​រាល់​លើក តែ​លើក​នេះ​វិញ​ គាត់​បែរ​ជា​តប​វិញ​ថា «Okay»។

 

ឃើញ​ហើយ​ខ្ញុំ​យំ​ខ្លាំង​ណាស់ បន្ទោស​ខ្លួន​ឯង​ ហេតុ​អ្វី​និយាយ​ខុស​ពី​ចិត្ត ហេតុ​អ្វី​ខ្លួន​ឯង​ធ្វើ​ចឹង? ស្ដាយ​ក្រោយ​ណាស់​ដែល​ផ្ញើ​សារ​បែប​នោះ​ទៅ ខ្ញុំ​ក៏​ចង់​បក​ក្រោយ​ដែរ តែ​ក្នុង​ចិត្ត​គិត​ថា​ខ្លួន​ឯង​ជា​ស្រី​ត្រូវ​តែ​ចាំ​គាត់​មក​លួង​វិញ។ ស្អែក​ឡើង ខ្ញុំ​ដើរ​គេច​ពី​គាត់​ ចាំ​មើល​ថា​គាត់​មក​រក​ខ្ញុំ​អត់? គាត់​និង​ខ្ញុំ​គឺ​រឹង​ដូច​គ្នា សុខ​ចិត្ត​យំ​រៀង​ខ្លួន​ មិន​ខ្ចី​និយាយ​រក​គ្នា​ទេ។

 

១ ខែ​ក្រោយ​មក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ Message តាម​ Facebook ទៅ​គាត់​បន្តិច​ម្ដង​ៗ រហូត​សុំ​គាត់​ឱ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ ដោយ​សារ​តែ​ខ្ញុំ​ស្រឡាញ់​គាត់ តែ​គាត់​បាន​ប្រែប្រួល​ហើយ ការ​ឆ្លើយ​តប​របស់​គាត់​ខ្លីៗ ហើយ​មាន​រយៈ​ពេល​យូរ​ណាស់។ ពី​មុន​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ឆាប់​ស្រឡាញ់​ឆាប់​ណាយ តែ​ដោយ​សារ​គាត់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ទាំង​មិន​ដឹង​ខ្លួន​ រាល់​សកម្មភាព​របស់​គាត់​កាល​ពី​មុន​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ។​ វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ខ្ញុំ​ចាប់​ផ្ដើម​បាត់​បង់​គាត់​ហើយ។ នៅ​ពេល​ដែល​ខ្ញុំ​ពិបាក​ចិត្ត​នឹក​គាត់​ ខ្ញុំ​តែង​សរសេរ​អារម្មណ៍​ក្នុង​ចិត្ត​ ដាក់​លើ​ក្រដាស​ហើយ​ហូរ​ទឹក​ភ្នែក​។

 

ថ្ងៃ​ទី ២៩ តុលា ២០១១ ខ្ញុំ​បាន​ឆាត​ទៅ​គាត់​ ដើម្បី​សុំ​ឱ្យ​គាត់​ធ្វើ​ធម្មតា​វិញ​ បារម្ភ​ពី​ខ្ញុំ​ដូច​ដើម​វិញ​តែ.. គាត់​បាន​ឆ្លើយ​តប​វិញ​ថា «មិន​អាច​ទេ សុំទោស​ណា សុំ​ទោស!»។

 

ថ្ងៃ​ទី ៨ វិច្ឆិកា ឆ្នាំ ២០១១... ខ្ញុំ​chat ទៅ​គាត់​ថា​ខ្ញុំ​ប្ដូរ​លេខ​ទូរសព្ទ​ហើយ​ ។ គាត់​ប្រាប់​ខ្ញុំ​អោយ​កាត់​ចិត្ត​ ទោះ​បី​ខ្ញុំ​ប្រាប់​គាត់​វិញ​ថា​ខ្ញុំ​ធ្វើ​មិន​បាន​ គាត់​និយាយ​ថា «បើ​ចិត្ត​ចង់​វា​អត់​យ៉ាប់​ទេ» ហើយ​គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ទៀត​ថា​គាត់​រក​ឃើញ​អ្នក​ដែល​គាត់​ស្រឡាញ់​ហើយ ទាំង​ដែល​បែក​គ្នា​មិន​បាន​២​ខែ ស្រួលបួល​ផង​គាត់​ក៏​ចាប់​ផ្ដើម​មាន​អ្នក​ថ្មី។

 

ពីរ​ខែ​ក្រោយ​មក​មុន​ថ្ងៃ​កំណើត​ខ្ញុំ​បី​ថ្ងៃ គាត់​បាន​ប្រកាស​លើ​ Facebook គាត់​ពី​ទំនាក់​ទំនង​គាត់​និង​មិត្ត​ស្រី​ថ្មី។ ខ្ញុំ​គួរ​តែ​ធ្វើ​ម៉េច​ទៅ​ ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​តែង​តែ​ចូល​មើល​ Profile គាត់​ឃើញ​សុទ្ធ​តែ​សម្ដី​ផ្អែម​ល្ហែម​ រូប​ថត​គាត់​និង​មិត្ត​ស្រី​គាត់។ ទី​បំផុត​ខ្ញុំ​ក៏​ព្រម​ទទួល​ស្គាល់​ថា​ដល់​ពេល​ដែល​ត្រូវ​តែ​កាត់​ចិត្ត​ហើយ ខ្ញុំ​បាន​សុំ​ឱ្យ​គាត់​ unfriend ឬ block ខ្ញុំ​ចោល​ទៅ​ គាត់​ថា​គាត់​មិន​ធ្វើ​ទេ តែ​បើ​គាត់​មិន​ធ្វើ​ទុក​ឱ្យ​ខ្ញុំ​ជា​អ្នក​ធ្វើ​ ព្រោះ​ខ្ញុំ​​មិន​ចង់​ឃើញ​គាត់​ទៀត​ទេ សុំ​ត្រឹម​តែ​មិន​ឃើញ​គាត់​ប៉ុណ្ណោះ​ទើប​ខ្ញុំ មិន​សូវ​ឈឺ​ចាប់។

 

ចាប់​ពី​ពេល​ដែល​ខ្ញុំ​ block គាត់​ហើយ​ ខ្ញុំ​ក៏​លែង​និយាយ​រក​គាត់​ទៀត​ដែរ ខ្ញុំ​ព្យាយាម​ធ្វើ​ដូច​ធម្មតា​ដូច​ជា​ពី​មុន​ដែល​គ្មាន​គាត់​ កន្លែង​ណា​ដែល​មាន​គាត់​ ហើយ​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​ ខ្ញុំ​ដើរ​ដោយ​ងើយ​មុខ​ឡើង ទោះ​បី​ជា​បេះ​ដូង​លោត​ញាប់​ប៉ុណ្ណា​ ក៏​ខ្ញុំ​ត្រូវ​តែ​ដើរ​ឱ្យ​ផុត​ពី​ទី​នេះ​សិន​ដែរ។

 

សម្បក​ខាង​ក្រៅ​របស់​ខ្ញុំ​ គឺ​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ​ ធម្មតា គ្មាន​បញ្ហា​ ហើយ​នៅ​សប្បាយ​ចិត្ត​ តែ​តាម​ពិត​ គឺ​ខ្ញុំ​ទន់​ជ្រាយ​ណាស់​ ពេល​ខ្លះ​ខ្ញុំ​លួច​យំ​ម្នាក់​ឯង​ក្នុង​បន្ទប់​ ហើយ​រិះ​គិត​មធ្យោបាយ​ ព្យាយាម​បិទ​បាំង​ ភាព​ទន់​ជ្រាយ​របស់​ខ្ញុំ​ ពី​អ្នក​គ្រប់​គ្នា​ជា​ពិសេស​គាត់​។ ថ្ងៃ​របស់​ខ្ញុំ​កន្លង​ទៅ​ដោយ​រូបភាព​ខាង​ក្រៅ​​គឺ​ធម្មតា​ខ្លាំង​ណាស់។

 

ដើម​ខែ​មេសា​ ឆ្នាំ ២០១២ សាលា​មាន​បទ​បង្ហាញ​សម្រាប់​សិស្ស​គ្រប់​ថ្នាក់​ សិស្ស​ណា​ដែល​ចូល​រួម​នឹង​ទទួល​បាន​ពិន្ទុ​ទុក​ជា​ពិន្ទុ​ប្រចាំ​ខែ។ ខ្ញុំ​ក៏​បាន​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ដែល​បែង​ចែក​ជា​ក្រុម​តាម​មុខ​វិជ្ជា។ ខ្ញុំ​ជ្រើស​រើស​យក​មុខ​វិជ្ជា​ជីវវិទ្យា​ ជាមួយ​នឹង​មិត្ត​ស្និទ្ធស្នាល​ម្នាក់​ ហើយ​ក្នុង​បន្ទប់​រង់ចាំ​ក៏​មាន​មិត្ត​រួម​ថ្នាក់​ Bun និង​មិត្តភ័ក្ដិ​គាត់​ម្នាក់​ទៀត។

 

Bun ជា​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​តាំង​ពី​ថ្នាក់​ទី ៩ ប៉ុន្តែ​ពួក​យើង​ពុំ​សូវ​មាន​​ឱកាស​និយាយ​​រក​គ្នា​ទេ។ ចៃដន្យ​ពេល​ដែល​កំពុង​រង់ចាំ​វេន​របស់​ខ្លួន​ដើម្បី​បក​ស្រាយ​មេរៀន​ ពួក​យើង​អផ្សុក​ពេក ខ្ញុំ​ក៏​បាន​ដើរ​ទៅ​ខ្ចី​កាស​របស់​គាត់​ យក​មក​ដោត​ទូរសព្ទ​របស់​ខ្ញុំ​ ដើម្បី​ស្ដាប់​ចម្រៀង​ហើយ​បាន​បាន​ណែនាំ​ចម្រៀង​មួយ​ចំនួន​ទៅ​មិត្តភ័ក្ដិ​គាត់ ហើយ​គាត់​ឃើញ​បែប​នេះ​ក៏​បាន​ណែនាំ​បទ​ចម្រៀង​មួយ​ឱ្យ​ខ្ញុំ​ តែ​ដោយ​សារ​បន្ទប់​ធ្វើ​បទ​បង្ហាញ​មិន​អនុញ្ញាត​ឱ្យ​បើក​សំឡេង​ឮ​ ធ្វើ​ឱ្យ​ខ្ញុំ​ស្ដាប់​មិន​ច្បាស់។

 

ម៉ោង​ប្រហែល​ ២:៤០ រសៀល​ការ​ធ្វើ​បទ​បង្ហាញ​ត្រូវ​បាន​បញ្ចប់​ ខ្ញុំ​ក៏​ចេញ​ពី​សាលា​ដើម្បី​យក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ តែ​ដើរ​បាន​ត្រឹម​មាត់​ទ្វារ​សាលា​ទូរសព្ទ​ក៏​រោទិ៍​ មិត្តភ័ក្ដិ​របស់​ Bun ក៏​បាន​ call មក​សួរ​ខ្ញុំ​ថា​មាន​ឃើញ​កាស​របស់ Bun ទេ? ខ្ញុំ​ក៏​ប្រាប់​ថា​អត់​មាន​ទេ​ ខ្ញុំ​សង​គាត់​វិញ​ហើយ។ តែ​បើ​កាស​បាត់​មែន​ ខ្ញុំ​មាន​ចំណែក​ទាក់ទង​ព្រោះ​ខ្ញុំ​ធ្លាប់​បាន​ប្រើ​វា គិត​ៗ​ទៅ​ចាប់​ផ្ដើម​ភ័យ​ខ្លាច​ Bun ឱ្យ​ទិញ​កាស​សង។

 

យប់​ឡើង Bun ឆាត​មក​សួរ​រក​កាស​ ប៉ុន្តែ​ក៏​និយាយ​ចូល​ដល់​រឿង​បទ​ចម្រៀង​ដែល​បាន​ស្ដាប់​។ គេ​ប្រាប់​ថា​បទ​នោះ​មាន​ចំណង​ជើង «I wanted you»។ បទ​នេះ​​និយាយ​ពី​នារី​ម្នាក់​ដែល​បាន​បែក​បាក់​មិត្ត​ប្រុស​ កំឡុង​ពេល​នោះ​គឺ​នារី​ម្នាក់​នោះ​ទន់​ជ្រាយ​ខ្លាំង​ណាស់​ ហើយ​ពិត​ជា​ត្រូវ​ការ​បុរស​ដែល​គាត់​ស្រឡាញ់​ត្រឡប់​មក​វិញ​ជា​ខ្លាំង​។ តែ​ក្រោយ​មក​នារី​ម្នាក់​នោះ​បាន​ឆ្លង​ផុត​ដំណាក់​កាល​ឈឺ​ចាប់​ ហើយ​លែង​ស្រឡាញ់​មិត្ត​ប្រុស​គាត់​ទៀត​ហើយ​។ គាត់​និយាយ​ពី​អារម្មណ៍​ដែល​គាត់​ធ្លាប់​ចង់​បាន​បុរស​ម្នាក់​នោះ​ មក​វិញ​ឱ្យ​ដឹង​ពី​ភាព​លំបាក​របស់​នារី​ម្នាក់​នេះ។ ​​​​​​​ ខ្ញុំ​ក៏​បាន​សួរ​ Bun ថា​ហេតុ​អ្វី​ក៏​ណែ​នាំ​ចម្រៀង​នេះ​ឱ្យ​ខ្ញុំ​ គាត់​ថា​ចូល​ចិត្ត​។ ហើយ​បទ​ដែល​គាត់​ចូល​ចិត្ត​ក្លាយ​ជា​បទ​ដែល​ខ្ញុំ​ស្ដាប់​រាល់​ថ្ងៃ ព្រោះ​វា​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​ខ្ញុំ​ជួយ​បំភ្លេច​អ្នក​ចាស់។

 

Bun ជា​មនុស្ស​ល្អ​គួរ​សម​ដែរ​ គាត់​​ធ្វើ​ឱ្យ​ខ្ញុំ​កាត់​ចិត្ត​ ប្រាប់​វិធី​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ ផ្ដល់​យោបល់​ល្អៗ​ និង​ប្រាប់​ខ្ញុំ​កុំ​ឱ្យ​គិត​ច្រើន​ពេក​។ គាត់​ជា​មនុស្ស​ល្អ​ណាស់​ចំពោះ​ខ្ញុំ​ ព្រោះ​គាត់​ជា​អ្នក​ជួយ​ខ្ញុំ​ ធ្វើ​ល្អ​ដាក់​ខ្ញុំ ពាក្យ​សម្ដី​របស់​គាត់​ម៉ឺងម៉ាត់​ ធ្វើ​ឱ្យ​ខ្ញុំ​ទុក​ចិត្ត​ ហើយ​ដិត​ជាប់​ក្នុង​អារម្មណ៍​ជានិច្ច។

 

ថ្ងៃ​ទី​ ៣០ មេសា ២០១២ មាន​បុរស​ម្នាក់​ទៀត​ ឈ្មោះ Dane (ជា​មិត្ត​ជិត​ដិត​របស់​ Bun) បាន​ប្រាប់​ខ្ញុំ​ថា​គាត់​សុំ​ដាក់​ CV ធ្វើ​មិត្ត​ប្រុស​ខ្ញុំ​។ ខ្ញុំ​ក៏​បដិសេធ​ ដោយ​សារ​ខ្ញុំ​មាន​វិបត្តិ​ មិន​ទាន់​ចង់​ទទួល​អ្នក​ថ្មី​នៅ​ឡើយ​ទេ។ ខ្ញុំ​បាន​ប្រាប់​រឿង​នេះ​ទៅ​ Bun ហើយ​ Bun ​ប្រាប់​ថា​ចាំ​គាត់​ជួយ​ ហើយ​ឱ្យ​លេខ​ទូរសព្ទ​គាត់​មក​ខ្ញុំ​ដើម្បី​ពន្យល់​នូវ​រឿង​ដែល​បាន​កើត​ឡើង​។ គាត់​ចូល​ចិត្ត​យក​រឿង Dane មក​បង្អាប់​ខ្ញុំ​ជានិច្ច រហូត​ដល់​ពេល​ខ្លះ​ខ្ញុំ​មិន​តប​សារ​របស់​គាត់។ ខ្ញុំ​ព្យាយាម​ដាក់​គម្លាត​ពី​គាត់​ ដែរ​ តែ​ពេល​ខ្ញុំ​មិន​ទៅ​រក​គាត់​ គាត់​ជា​អ្នក​មក​រក​ខ្ញុំ។ ជួន​កាល​គាត់​ជា​អ្នក​ chat មក​ខ្ញុំ​មុន​ តែ​ខ្ញុំ​ chat ទៅ​គាត់​ច្រើន​ជាង។ ក្រោយ​ៗ​មក​ការ​លេង​ Message ជាមួយ​គាត់​ក៏​ក្លាយ​ជា​ទម្លាប់។

 

ថ្ងៃ​ទី​ ២១ ខែ​ឧសភា ឆ្នាំ ២០១២ គាត់​បាន​ chat មក​សួរ​ខ្ញុំ​ ថា​គាត់​ជា​មនុស្ស​យ៉ាង​ម៉េច​។ ហើយ​ពួក​យើង​បាន​ chat ជាមួយ​គ្នា​រយៈ​ពេល​១ ឆ្នាំ​ហើយ។​ នៅ​ថ្ងៃ​ទី ១៨ ខែ​ ឧសភា ឆ្នាំ​ ២០១៣ ខ្ញុំ​បាន​ chat ទៅ​កាន់​គាត់​មុន សួរ​ថា​គាត់​ស្រឡាញ់​មនុស្ស​ស្រី​បែប​ណា​។ ចាស់​ទុំ​ ចិត្ត​ល្អ រួសរាយ​ រឹង​មាំ ពេល​ខ្លះ​ដូច​កូន​ក្មេង​ ជា​ចម្លើយ​របស់​គាត់​ ដែល​ខ្ញុំ​គិត​ថា​ជា​ចរិត​របស់​ខ្ញុំ​តែ ចំណុច​រឹង​មាំ​​គឺ​មិន​មែន​ជា​របស់​ខ្ញុំ​ទេ។ ការ​ពិត​គឺ​ជា​ចរិត​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែល​គាត់​ចាប់​អារម្មណ៍។

 

Bun ជា​មនុស្ស​សម្ភារ​និយម​ ហើយ​ស្ទើរ​តែ​រាល់​ថ្ងៃ​ដែល​ខ្ញុំ​ខ្ចី​ទូរសព្ទ​គាត់​មក​លេង​រហូត​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ​ក៏​មាន​។ ថ្ងៃ​មួយ​មាន​គេ​ផ្ញើ​សារ​មក​ ក្នុង​នោះ​មាន​ពាក្យ​ «ហ៊ា» ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ខ្ញុំ​ពី​ការ​លេង​ហ្គេម​ ខ្ញុំ​មិន​ហ៊ាន​សួរ​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ តែ​ខ្ញុំ​ដឹង​ថា​នារី​ម្នាក់​នោះ​ជា​ស្នេហា​គ្រា​ដំបូង​របស់​គាត់​។

 

តាម​រយៈ​ទឹក​មុខ​គាត់​ ពេល​អាន​សារ​នោះ​គឺ​មើល​ទៅ​តាន​តឹង តែ​បង្កប់​ការ​បារម្ភ។ លេង​សើច​មែន​ ខ្ញុំ​បាន​បំភ្លេច​អ្នក​ទី​១ បាន​ហើយ​តែ​ហេតុ​អី​ បាន​ជា​ខ្ញុំ​ទៅ​គិត​ពី​ Bun ទៅ​វិញ? ពេល​ខ្លះ​ខ្ញុំ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​មិន​បាន​ទេ ហើយ​ក៏​ព្យាយាម​នៅ​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ព្រោះ​ខ្ញុំ​ដឹង​ថា​រវាង​យើង​ទាំង​ពីរ​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ។

 

ចាំ​បាន​ថា​ខ្ញុំ​ធ្លាប់​បង្ហើប​ប្រាប់​គាត់​ ថា​ខ្ញុំ​ចូល​​ចិត្ត​គាត់​ តែ​គាត់​បដិសេធ​ហើយ​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​គិត​ខ្លួន​ឯង​ច្រើន​ពេក​ហើយ​ គាត់​បាន​ចាត់​ទុក​ខ្ញុំ​ដូច​ជា​មិត្តភ័ក្ដិ និង ប្អូន​ស្រី​ប៉ុណ្ណោះ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ​នៅ​ពេល​ដឹង​រឿង​នេះ ផ្ទុយ​ទៅ​វិញ​គាត់​បាន​រក្សា​គម្លាត​ពី​ខ្ញុំ​ និយាយ​ស្ដី​តិច​ទៅៗ​ហើយ​កាន់​តែ​ពិបាក​ទៀត​គឺ​គាត់​ចាប់​ផ្ដើម​គេច​មុខ​ពី​ខ្ញុំ។

 

ខ្ញុំ​ព្យាយាម​ធ្វើ​ខ្លួន​ឯង​សង្ស័យ​ អារម្មណ៍​ដែល​មាន​ចំពោះ​គាត់​ ប្រាប់​ខ្លួន​ឯង​ គ្រាន់​តែ​​រាប់​អាន​គាត់​ដូច​បង​ប្រុស​តែ​ប៉ុណ្ណោះ​ មិន​មែន​សេចក្ដី​ស្រឡាញ់​ទេ​។ ចៃដន្យ​ខែ​វិច្ឆិកា​ ឆ្នាំ​២១០៣ Code ជា​មនុស្ស​ម្នាក់​ទៀត​ដែល​រៀន​ថ្នាក់​ជាប់​គ្នា​ គេ​បាន​ទាក់ទង​លេង​ chat ជាមួយ​ខ្ញុំ​។ ខ្ញុំ​ក៏​មើល​ឃើញ​គោល​បំណង​របស់​គេ​ ដែល​ចូល​មក​ជិត​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​​​មិន​បដិសេធ​ឡើយ។ ព្រោះ​តែ​ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​ Bun ថា​ខ្ញុំ​មិន​បាន​ស្រឡាញ់​គ្នា​ទេ​ គ្មាន​ហេតុផល​ដែល​ត្រូវ​គេច​មុខ​ឡើយ​ ហើយ​ខ្ញុំ​នៅ​តែ​អាច​ដក​ខ្លួន​បាន​ វា​មិន​ទាន់​ហួស​ពេល​ទេ។

 

Code ជា​មនុស្ស​ស្ងៀមស្ងាត់​ ចូល​ចិត្ត​រៀន​ច្រើន​ជាង​និយាយ​ ចិត្ត​ល្អ​ជា​ពិសេស​ស្មោះ​ត្រង់​។ តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជិត​ Code ខ្ញុំ​តែងតែ​លួច​សម្លឹង​ Bun ទោះ​បី​ជា​ខ្ញុំ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ថា​វា​មិន​យុត្តិធម៌​សម្រាប់​ Code តែ​ខ្ញុំ​បញ្ឈប់​មិន​បាន​។ រយៈ​ពេល​ ១ ខែ​ដំបូង​នៃ​ការ​សេពគប់​គ្នា​ជាមួយ​ Code ខ្ញុំ​ដឹង​ថា​ពួក​យើង​មិន​ខុស​គ្នា​ទេ គឺ​រើស​យក​វិធីសាស្ត្រ​ «យក​អ្នក​ថ្មី​ ជំនួស​អ្នក​ចាស់​»។

យប់​មួយ​ដែល​ជា​ថ្ងៃ​ដែល​យើង​មាន​ទំនាក់​ទំនង​ ១ ខែ​គត់​ពូក​យើង​បាន​សារភាព​ចំពោះ​គ្នា​ថា ពួក​យើង​មិន​បាន​ស្រឡាញ់​គ្នា​ទេ។ ខ្ញុំ​សួរ​គាត់​ថា​ តើ​យើង​គួរ​បន្ត​ឬ​បញ្ឈប់​ ត្រឹម​នេះ? Code សុំ​​ឱ្យ​ខ្ញុំ​បន្ត​ហើយ​សន្យា​ថា​នឹង​ព្យាយាម​ងាក​មក​ស្រឡាញ់​ខ្ញុំ​វិញ​។

 

តាំង​ពី​ថ្ងៃ​នោះ​មក​គាត់​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ គាត់​យក​ចិត្ត​ទុក​ដាក់​ខ្វល់​ពី​ខ្ញុំ​ផ្ដល់​កម្លាំង​ចិត្ត​ជួយ​បង្រៀន​មេរៀន​មួយ​ចំនួន​ទៀត​ផង​។ ការ​ដែល​គាត់​ផ្លាស់​ប្ដូរ​បែប​នេះ​ មក​ពី​ក្នុង​ចិត្ត​គាត់​ចាប់​ផ្ដើម​មាន​ខ្ញុំ​ហើយ​។ ហេតុអ្វី​ក៏​ខ្ញុំ​អាត្មា​និយម​ម្ល៉េះ​​? ហេតុ​អ្វី​ក៏​អាក្រក់​ដាក់​ Code? ហេតុ​អ្វី​ក៏​មិន​ស្រឡាញ់​គាត់​ទៅ? ហេតុអ្វី​គាត់​ធ្វើ​បាន​តែ​ខ្ញុំ​ធ្វើ​មិន​បាន​?

 

រយៈ​ពេល​បី​ខែ​នេះ​ ខ្ញុំ​ឃើញ​ខ្លួន​ឯង​ឈរ​នៅ​កន្លែង​ដដែល​ ហើយ​ឃើញ​ Code ដើរ​ទៅ​ខាង​ក្រៅ​កាន់​តែ​ឆ្ងាយ​ទៅៗ ខ្ញុំ​ខ្លាច​គាត់​រក​ផ្លូវ​ត្រឡប់​ក្រោយ​មិន​ឃើញ​ ហើយ​ខ្លាច​គាត់​កាន់​តែ​ឈឺ​ចាប់​ខ្លាំ​ឡើង​ៗ​។ ហេតុ​នេះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​បញ្ចប់​ ទំនាក់​ទំនង​ជាមួយ​គាត់​ក្រោយ​ពេល​យើង​សេព​គប់​គ្នា​បាន​ ៤ ខែ។

 

វា​ជា​កំហុស​របស់​ខ្ញុំ​តែ​ម្នាក់​ឯង​ ដែល​ធ្វើ​ឱ្យ​គាត់​​ទៅ​ជា​បែប​នេះ​។ ក្រោយ​ពី​បែក​គ្នា​ Code ពិបាក​ចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​ដឹង​ គាត់​ព្យាយាម​ឱ្យ​ខ្ញុំ​កែ​ប្រែ​គំនិត​ តែ​ខ្ញុំ​មិន​បន្ត​ ខ្ញុំ​ពិត​ជា​ខ្លាច​ស្រោច​ស្រង់​គាត់​លែង​បាន ខ្លាច​តែ​គាត់​ជ្រុល​ទៅៗ​ ខ្លាច​គាត់​ឈឺ​ខ្លាំង​​ជាង​នេះ​ទៅ​ទៀត។ ខ្ញុំ​អាណិត​គាត់​ណាស់​ ដែល​ត្រូវ​មនុស្ស​ដូច​ខ្ញុំ​ធ្វើ​បាប​ អាណិត​គាត់​ដែល​ខំ​ធ្វើ​ល្អ​ ជា​ពិសេស​អាណិត​គាត់​ដែល​ស្រឡាញ់​មនុស្ស​ដូច​ខ្ញុំ​។

 

គាត់​បាន​ប្រាប់​ថា​នឹង​ព្យាយាម​ធ្វើ​ឱ្យ​ខ្ញុំ​ស្រឡាញ់​គាត់​ឱ្យ​បាន​។ រយៈ​ពេល​ ​២-៣​ ខែ​មក​នេះ​គឺ​គាត់​មិន​បាន​បោះ​បង់​ គាត់​chat មក​ខ្ញុំ​ មើល​ខ្ញុំ​ពី​ចម្ងាយ​ ទោះ​បី​ជា​អាណិត​គាត់​ចង់​លួង​គាត់​តែ​ខ្ញុំ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ដើម្បី​ជួយ​គាត់​ឱ្យ​ឆាប់​បំភ្លេច​ខ្ញុំ​ និង​ខ្ញុំ​ឈប់​ស្រឡាញ់​ខ្ញុំ​បាន​ឆាប់​។ ខ្ញុំ​បាន​ត្រឹម​តែ​ឈរ​មើល​គាត់​ងើប​ឈរ​ដោយ​ខ្លួន​គាត់​ និង​ដាក់​គម្លាត​ពី​គាត់។

 

ទី​បំផុត​ខែ​កក្កដា​ ឆ្នាំ ២០១៤ គាត់​ធ្វើ​បាន​សម្រេច​ហើយ​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​គាត់​ធ្វើ​បាន​ ទោះ​បី​ជា​ប្រើ​រយៈ​ពេល​យូរ​បន្តិច​មែន។ Code អាច​នឹង​ខឹង​ខ្ញុំ​ឬ​ស្អប់​ខ្ញុំ​ តែ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នឹង​ទទួល​កំហឹង​និង​ការ​ស្អប់​ខ្ពើម​នេះ​ ព្រោះ​ខ្ញុំ​ស័ក្ដិសម​នឹង​ទទួល​​។

 

តាំង​ពី​បែក​ជាមួយ Code ខ្ញុំ​បាន​ប្រើប្រាស់​ជីវិត​ដែល​ស្រឡាញ់​ Bun តែ​ម្នាក់​ឯង​ និង យ៉ាង​ស្ងៀមស្ងាត់​ ទោះ​បី​មិន​បាន​និយាយ​ជាមួយ Bun ក៏​សុំ​ដឹង​ត្រឹម​តែ​មាន​វត្តមាន​របស់​គាត់​ក្នុង​ថ្នាក់​ក៏​អស់​ចិត្ត​ដែរ​។ តាម​ការ​ពិត​ទៅ​ការ​ស្រឡាញ់​មនុស្ស​ម្នាក់​ គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ ការ​ឈឺ​ចាប់​​ក៏​មាន​រហូត​ដល់​ខ្ញុំ​ លែង​មាន​អារម្មណ៍​ថា​ការ​ស្រឡាញ់​មនុស្ស​ម្នាក់​ គឺ​ជា​អារម្មណ៍​បែប​ណា​ហើយ។

 

ការ​ពិត​ទៅ​ទង្វើ​របស់​ Bun ​មក​លើ​ខ្ញុំ​ វា​មិន​បាន​ពិសេស​ណាស់​ណា​ដូច​ដែល​ខ្ញុំ​គិត​ទេ គឺ​វា​ជា​ទង្វើ​បែប​គួរ​សម​របស់​មនុស្ស​ប្រុស​ ចំពោះ​មិត្តភ័ក្ដិ​ស្រី​ៗ​ ហើយ​មាន​តែ​ស្រី​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ភាព​ទន់​ភ្លន់​ពី​ Bun ខុស​ពី​អ្នក​ដទៃ​ សូម្បី​តែ​ក្នុង​កែវ​ភ្នែក​ ការ​យក​ចិត្ត​ទុកដាក់​គឺ​ខុស​ពី​គេ​ទាំង​អស់​។

 

ខ្ញុំ​គ្មាន​អារម្មណ៍​ថា​ច្រណែន​ ឬ​ខឹង​មនុស្ស​ស្រី​ម្នាក់​នោះ​ទេ​ ព្រោះ​ខ្ញុំ​យល់​ពី​ទំនាក់ទំនង​ពួក​គេ​។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ទទួល​ស្គាល់​ការពិត​ ហើយ​ស្គាល់​កន្លែង​ដែល​ជា​របស់​ខ្លួន គ្មាន​ហេតុផល​ដែល​ខ្ញុំ​ត្រូវ​ក្រាញ​ននៀល​នៅ​ត្រង់​នេះ​ទេ។

 

កាល​ពី​ថ្ងៃ​ទី ២ ខែ​ ឧសភា ឆ្នាំ ២០១២ Dane ដែល​ធ្លាប់​សារភាព​ចង់​ដាក់ CV តែ​ខ្ញុំ​គ្មាន​អារម្មណ៍​ទទួល​អ្នក​ថ្មី​ ហើយ​ខ្ញុំ​ក៏​នៅ​​មាន​របួស​បេះដូង​ ដូច្នេះ​ខ្ញុំ​បាន​បដិសេធ​គាត់។ ខ្ញុំ​ស្នើ​ឱ្យ​គាត់​ជ្រើស​រើស​អ្នក​ផ្សេង​ តែ​គាត់​បាន​ប្រាប់​ខ្ញុំ​វិញ​ថា «​ I choose you» តែ​ខ្ញុំ​នឹង​គាត់​បាន​ត្រឹម​តែ​ជា​មិត្ត​ប៉ុណ្ណោះ​។ ពួក​យើង​មិន​សូវ​បាន​ទាក់​ទង​គ្នា​ជិតដិត​នោះ​ទេ រហូត​ដល់​ឆ្នាំ ២០១៤ ។

 

កាល​ពី​ឆ្នាំ ២០១១ ដល់ ២០១៣ ខ្ញុំ​ធ្លាប់​មាន​មិត្ត​ស្និត​ស្នាល​ពីរ​នាក់ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ចរិត​ង៉ក់​ងរ ហើយ​ឧស្សាហ៍​អន់​ចិត្ត​នឹង​ពួក​គេ​ដែល​ទុក​ខ្ញុំ​ចោល​ ពួក​យើង​ក៏​បែក​ផ្លូវ​គ្នា​ ហើយ​ពេល​នោះ​ហើយ​ដែល Dane សុំ​ឱ្យ​ខ្ញុំ​ទុក​គាត់​ជា​មិត្ត​ស្និត​ស្នាល​ផង។

 

តាំង​ពី​ពេល​ដែល​ខ្ញុំ​រាប់​អាន​ Dane មក​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង ជា​ពិសេស​រឿង​រ៉ាវ​របស់​ខ្ញុំ​គាត់​ដឹង​ទាំង​អស់​ ទាំង​រឿង​ដែល​ខ្ញុំ​ស្រឡាញ់ Bun ហើយ​គាត់​តែង​តែ​យក​រឿង​នេះ​មក​បង្អាប់​ខ្ញុំ ជួន​កាល​និយាយ​ចំ​ចំណុច​ពេក ធ្វើ​ឱ្យ​ខ្ញុំ​យំ​ក៏​មាន​ដែរ។ Dane មិន​ដែល​ស្គាល់​អ្វី​ទៅ​ហៅ​ថា​ស្នេហា​ទេ​ ហើយ​រយៈ​ពេល​ដែល​យើង​បាន​ជួប​មុខ​គ្នា​នៅ​វិទ្យាល័យ​នេះ​ មិន​យូរ​ទៀត​ទេ ដូច្នេះ​ទើប​ខ្ញុំ​ចង់​ផ្ដល់​មេរៀន​ខ្លះ​​ឱ្យ​គាត់។ ទើប​ថ្ងៃ​មួយ​ខ្ញុំ​បាន chat ទៅ​គាត់​ថា « Shall we start something more than friend?»។ Dane សប្បាយ​ចិត្ត​ខ្លាំង​ណាស់​​ហើយ​ពួក​យើង​បាន​ទាក់ទង​គ្នា​រយៈ​ពេល​មួយ​អាទិត្យ ហើយ​មួយ​អាទិត្យ​នេះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាច​គិត​លើ​គាត់​ឱ្យ​លើស​ពី​មិត្ត​ទេ។ ខ្ញុំ​សង្ឃឹម​ថា Dane នឹង​យល់​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា ហើយ​ក៏​សង្ឃឹម​ថា​គាត់​នឹង​គេច​ចេញ​ពី​ខ្ញុំ​។

 

ខ្ញុំ​តែង​តែ​ភ័យ​ខ្លាច​ ពេល​ដែល​ខ្ញុំ​នៅ​ជិត Code និង Dane ជា​ពិសេស​ក្នុង​ពេល​ដែល​ខ្ញុំ​ព្យាយាម​មើល​ពួក​គាត់​ក្នុង​ឋានៈ​ជា​មនុស្ស​ជា​ទី​ស្រឡាញ់។ ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ដែល​ត្រជាក់​ទៅ​ៗ​ ទោះ​បី​ជា​ Code និង Dane កំពុង​តែ​ឈឺ​ចាប់​ដោយ​សារ​ខ្ញុំ​ក៏​ដោយ ព្រោះ​មាន​តែ​វិធី​នេះ​តែ​ប៉ុណ្ណោះ​ទើប​អាច​ឱ្យ​ពួក​គាត់​ភ្លេច​ខ្ញុំ​បាន​។

 

ថ្ងៃ​ចុង​ក្រោយ​នៃ​ថ្នាក់​ទី​១២ ខ្ញុំ​មើល​មនុស្ស​ទាំង​បួន​​នាក់​នោះ​ជា​លើក​ចុង​ក្រោយ​ និង ស្ងាត់​ស្ងៀម​ជា​ទី​បំផុត​ ហើយ​នេះ​ជា​ការ​ចងចាំ​ចុង​ក្រោយ​បង្អស់​ចំពោះ​អ្នក​ទាំង​បួន​។ នៅ​ពេល​ដែល​ខ្ញុំ​ឈាន​ជើង​ចេញ​ពី​ក្លោង​ទ្វារ​សាលា​ខ្ញុំ​ ងាក​ទៅ​មើល​សាលា​នេះ​ម្ដង​ទៀត​ប្រាប់​ខ្លួន​​ឯង​ថា «អ្វីៗ​គ្រប់​យ៉ាង​គឺ​ចប់​ហើយ!»។

 

ពាក្យ​ចុង​ក្រោយ​​សម្រាប់​អ្នក​ទី ១ «អរគុណ​ដែល​បង្រៀន​ខ្ញុំ​ពី​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ និង ការ​ឈឺ​ចាប់​»។ សម្រាប់​Bun «អរគុណ​ដែល​ជួយ​ឱ្យ​ខ្ញុំ​ក្រោក​ឈរ​សារ​ជា​ថ្មី ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​រៀន​ងើប​ឈរ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត»។ ចំពោះ​ Code «អរគុណ​ចំពោះ​ទង្វើ​ល្អ​ទាំង​នោះ​ ហើយ​ក៏​សុំ​ទោស​ចំពោះ​រឿង​កន្លង​មក​»។ ចំណែក​ Dane « ខ្ញុំ​ទទួល​ដឹង​ឮ​នូវ​អារម្មណ៍​របស់​អ្នក​ទាំង​អស់​ តែ​ខ្ញុំ​អសមត្ថភាព​នឹង​ឆ្លើយ​តប»៕

 

 

អត្ថបទ៖ Noza​​​​​​

ចុចអាន៖  ដើម​កំណើត​មិត្តភាព​របស់ខ្ញុំ​ និង​មិត្ត​ខ្ញុំ

អានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់

មានរឿងរ៉ាវចង់ចែករំលែក សូមផ្ញើមកកាន់ e-mail: kong.chanvanneng@sabay.com

សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

អត្ថបទពេញនិយម
អត្ថបទថ្មី