លី ហួរ ទទួល​អាជ្ញាប័ណ្ណ​ ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់ ពី​ធនាគារ​ជាតិ​

  • 2016-02-25 18:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី បាន​ទទួល​​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ ជា​អ្នក​ដំណើរ​ការ​តតិយ​ភាគី​​ ​(​ផ្ទេរ​ប្រាក់​ និង​ទូទាត់​ប្រាក់​) ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​សណ្ឋាគារសុខា​​ភ្នំពេញ​​ ក្រោម​វត្តមានឯកឧត្តម​​ គិម​​ រ៉ាដា អគ្គនាយក​ត្រួតពិនិត្យ​​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​​ ឯកឧត្ដម​​ ជា​ ចាន់តូ​​ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ ​និង​វត្តមាន​​របស់​ឯកឧត្ដម​​ ហ្គី​​ អានវានិថ​​ អគ្គនាយក​​ និង​ជា​សមាជិក​ក្រុម​ក្រុមប្រឹក្សាភិបាល​ ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​​ FTB​​។

 

ក្នុង​ពិធី​ទទួល​​​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ ជា​អ្នក​ដំណើរ​ការ​តតិយ​ភាគី (​ផ្ទេរ​ប្រាក់​ និង​ទូទាត់​ប្រាក់​) ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក​​ ឧកញ៉ា​​ លី​​ ហួរ​​ អគ្គនាយក​​ ក្រុមហ៊ុន​​ លី​​ ហួរ​ គ្រុប​​ បាន​ថ្លែង​ថា លី​​ ហួរ​​ ផេរប៉្រូ ភីអិលស៊ី ​ក្រោម​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​​ ​"​លី​​ ហួរ​ វេរ​លុយ​"​ ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដូចជា សេវា​ផ្ទេរ​ប្រាក់​ដក​ប្រាក់​ក្នុង​ស្រុក​ ចេញ​ប័ណ្ណ​សមាជិក សេវា​លក់​កាត​ទូរស័ព្ទ​​ និង​​សេវា​ទូទាត់​សង​ប្រាក់ (​ទូទាត់​វិក្កយបត្រ​​ ទឹក​ភ្លើង​ ​​បើក​ប្រាក់​ខែ និង​ទូទាត់​ប្រាក់​ក្នុង​បរិមាណ​ច្រើន​)។ ​ ​

 

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​ទស្សនវិស័យ និង​បេសកកម្ម​ច្បាស់​ដូចជា ចូលរួម​អភិវឌ្ឍសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​សេវា​ទូទាត់​ប្រាក់​តាម​ភ្នាក់ងារ លី ហួរ តាម​ជនបទ បណ្ដា​ខេត្ត​ក្រុង និង​តំបន់​ដាច់ស្រយាល។ ក្រុមហ៊ុន​ផ្ដល់​ភាព​ងាយស្រួល ​ឆាប់រហ័សទាន់ចិត្ត តាម​រយៈ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ទំនើប ត្រឹមត្រូវ សុវត្ថិភាព​ខ្ពស់​ ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ និង​មាន​សេវាកម្ម​ធូរ​ថ្លៃ​​។

 

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម គិម រ៉ាដា បាន​ថ្លែង​​ឲ្យ​ដឹង​ដែរ​ថា ការ​សហការ​ជា​ដៃ​គូ​នេះ បាន​ចូល​រួម​ចំណែក​ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​​កម្ពុជា ជាពិសេស​​គឺ​សេវា​ទូទាត់​សាច់​ប្រាក់​​ និង​ផ្ទេរ​ប្រាក់​នេះ ដែល​​កាល​ពី​ឆ្នាំ​​ ២០១០​​ ក្រុមហ៊ុន​ប្រភេទ​នេះ មាន​តែ​១​គត់​ តែ​រហូត​មក​ដល់​បច្ចុប្បន្ន បាន​កើន​ឡើង​រហូត​​ ៩​​ ក្រុមហ៊ុន​​រួមបញ្ចូល​ទាំង លី​​ ហួរ​​ ផេរប៉្រូ ភីអិលស៊ី​។​

 

កាល​ពី​ល្ងាចមិញ​នេះ​ ក្រុមហ៊ុន​​ លី​​ ហួរ​​ ផេរប៉្រូ ភីអិលស៊ី​ បាន​ទទួល​អាជ្ញា​ប័ណ្ណ​​លេខ​​ តតគ ២០-០១-១៦ ​​នៅ​ថ្ងៃ​ទី​២០​​ ខែ​មករា​​ ឆ្នាំ​២០១៦​៕ ​

 

 
 
 

 
 

អត្ថបទ៖ ធីតា