សង្ស័យ​ថា ពូស្រឡាញ់ម្ដាយខ្លួន ចុងក្រោយទើបដឹង...!

  • 2016-02-26 16:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេល​ឪពុក​លាចាក​លោក​ដោយ​ជំងឺ​ថ្លើម សត្ថា រស់នៅ​កម្សត់កម្រ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ពឹង​ពាក់​លើ​ការលក់ដូរ​តិចតួច​នៅផ្ទះ គ្រាន់​ដោះស្រាយ​ជីវភាព។   សត្ថា ជា​ក្មេង​សង្វាត​រៀន​សូត្រ តែ​មាន​ចិត្ត​មានះ ហើយ​ឆេវឆាវ​បន្តិច។ ឆ្នាំនេះ​គេ​ត្រូវ​ប្រលង​បាក់​ឌុប តែ​ក៏​ជា​ឆ្នាំ​សម្បូរ​ដោយ​រឿង​មិនល្អ​កើតឡើង​ចំពោះ​គេ​ដែរ។ ពេល​វ៉ា​កង​មុន​ចូលរៀន​ថ្នាក់​ទី១២ ឪពុក​គេ​បាន​ស្លាប់​ដោយ​ជំងឺ​ថ្លើម បន្សល់ទុក​ត្រឹម​ដីស្រែ​មួយ​អំពក​ឲ្យ​គ្រួសារ តែ​ជិត​ចូល​ដល់​ឆមាស​ទី១នេះ មីង​ធី​ ជា​ម្ដាយ ដែល​ជា​ទីពឹង​ចុងក្រោយ​របស់ សត្ថា ប្រែជា​ឧស្សាហ៍​ចេញ​ទៅតាម​ខេត្ត ចោលផ្ទះ២-៣យប់​ក៏​មាន។

 

អ្វី​ដែល​សត្ថា សង្ស័យ​ជាងគេ គឺ​មុន​ពេល​ចេញ​ពី​ផ្ទះ​ម្ដងៗ ម្ដាយ​របស់​ខ្លួន​តែង​ទូរស័ព្ទ​ទៅ​រក​ ពូ​វណ្ណៈ​ដែល​ ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​កាល​ឪពុក​គេ​នៅ​រស់​ជានិច្ច។ ពូ​វណ្ណៈ ជា​កំលោះ​ចាស់ គាត់​ជា​មិត្ត​ពូ​សេង​​ឪពុក​សត្ថា តាំងពី​នៅ​រៀន​ជាមួយគ្នា​ម្ល៉េះ។

 

អ្នកភូមិ​និយាយ​ត​ៗ​គ្នា​ថា គាត់​មាន​ផ្ទុក​មេរោគ​អេដស៍​ផង​ក៏​​មិន​ដឹង ដោយសារ​គាត់​មាន​រាង​ស្គមស្គាំង​ស្ទើរ​ស្បែក​ដណ្ដប់​ឆ្អឹង។

 

សត្ថា តែង​ឈ្លោះ​ជាមួយ​ម្ដាយ​ជា​រឿយៗ ពេល​មីង​ធី​ត្រលប់​មក​ពី​ណា​មិន​ដឹង ហើយ​តែង​ប្រាប់​ថា មក​ពី​មើល​មុខរបរ​ថ្មី​តាម​ខេត្ត​ជាមួយ​ពូ​វណ្ណៈ។ មួយ​រយៈ​ក្រោយ​ប្រលង​ឆមាស​ទី១រួច​នេះ សត្ថា ពុំ​ដែល​និយាយ​រក​ម្ដាយ​សូម្បី​មួយ​ម៉ាត់ ដើម្បី​បង្ហាញ​ឲ្យ​ម្ដាយ​ដឹង​ថា ខ្លួន​ពុំ​ពេញចិត្ត​នឹង​ទង្វើ​របស់​គាត់​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ​ឡើយ។

 

ចូល​ឆមាស​ទី២ នៃ​ឆ្នាំ​ប្រលង យុវជន​វ័យ១៨ឆ្នាំ​ហាក់​គ្មាន​ការ​ប្រមូល​អារម្មណ៍​រៀន​សូត្រ​ដូច​ឆ្នាំ​មុន​ៗ​ទេ គេ​ត្រូវ​រំខាន​ដោយ​ការ​និយាយ​ដើម​ម្ដាយ ពី​សំណាក់​អ្នកជិតខាង ហើយ​ម្ដាយ​ខ្លួន ក៏​កាន់តែ​ធ្វើដំណើរ​ទៅ​ខេត្ត​ជាមួយ​ពូ​វណ្ណៈ​ញឹក​ទៅៗ ខែ​ខ្លះ៣ដង​ក៏​មាន។

 

សត្ថា កាន់តែ​ចម្លែក​ចិត្ត​ពេល​ឃើញ មីង​ធី​ហាក់​ស្រក​គីឡូ ស្បែក​រាង​ជ្រីវជ្រួញ ហើយ​ចាស់​ជាង​មុន។ គេ​សង្ស័យ​ថា ម្ដាយ​របស់​គេ​ប្រហែលជា​ប្រព្រឹត្តិ​រឿង​ពុំគប្បី​ជាមួយ​ពូ​វណ្ណៈ ហើយ​ឆ្លង​មេរោគ​កំណាច​ពី​គាត់។

 

ពេលវេលា​ចេះតែ​រំកិល ការសង្ស័យ​លើ​ម្ដាយ​មាន​កាន់​តែ​ច្រើន តែ​រាល់ពេល សត្ថា ទប់ចិត្ត​មិន​ជាប់​ដាច់ចិត្ត​សួរ​ជីក​ឫស​ជីក​គល់​ម្ដង​ៗ មីង​ធី តែង​គេច​វេស​មិន​ឆ្លើយ ហើយ​ប្រាប់​ថា ខំ​តែ​រៀន​ទៅ ម៉ែ​ដឹង​ខ្លួនឯង​ហើយ។

 

បញ្ហា​ចាក់ស្រេះ​ក្នុង​ខួរក្បាល សត្ថា ពី​ក្មេង​ដែល​គ្មាន​នរណា​ដណ្ដើម​កៅអី​លេខ១ក្នុង​ថ្នាក់​បាន ប្រែជា​ធ្លាក់​ចុះ​ការសិក្សា​យ៉ាង​ខ្លាំង រហូត​ប្រលង​ឆមាស​ទី២ស្ទើរ​មិន​ជា​ប់។ ងាក​មក​គ្រួសារ​វិញ មីង​ធី​ជា​ម្ដាយ​សម្រេចចិត្ត​លក់​ដី​កេរ​ឪពុក ដោយ​គ្មាន​សួរ​យោបល់​គេ​មួយ​ម៉ាត់។

 

យប់​មួយ សត្ថា លប​ស្ដាប់​ម្ដាយ​និយាយ​ទូរស័ព្ទ ឮ​គាត់​ណាត់គ្នា​ជាមួយ​ពូ​វណ្ណៈ តែ​លើក​នេះ​មិនមែន​ចុះ​ខេត្ត​ដូច​គេ​ធ្លាប់​ដឹង​រាល់ដង​ទេ គឺ​ពួកគាត់​ត្រៀម​ចេញទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃស្អែក។

 

សត្ថា គិតក្នុងចិត្ត​ថា នឹង​ទៅតាម​ដាន​ម្ដាយ​ខ្លួន​ដល់​ព្រំដែន​តែម្ដង ថា​តើ​គាត់​បម្រុង​ធ្វើ​អ្វី​ជាមួយ​ពូ​វណ្ណៈ។ ព្រឹក​ឡើង ពួកគាត់​ទៅ​ជួប​គ្នា​នៅ​បេនឡាន​ក្រុង ហើយ​ចេញដំណើរ​ទៅ​វៀតណាម​ដូច​ការ​ណាត់​មែន ចំណែក សត្ថា ឡើង​រថយន្ត​មួយ​ផ្សេងទៀត តាម​ពីក្រោយ​ចាំ​មើល​សកម្មភាព។

 

ជិត​ដល់​បាវិត​ទៅ​ហើយ ចៃដន្យ​អាក្រក់​ឡាន ​សត្ថា ​បាន​បែក​កង់​ត្រូវ​ឈប់​ដោះដូរ​អស់​ពេល​ជិត​កន្លះ​ម៉ោង។ ទម្រាំ​ទៅដល់​ព្រំដែន ឡាន​ម្ដាយ​របស់​គេ​ជិះ​ចូល​ដល់​ដី​វៀតណាម​បាត់ ឯ សត្ថា ដែល​គ្មាន​លិខិតឆ្លងដែន​ក៏​សម្រេច​ដេក​ផ្ទះសំណាក់​ជិត​ព្រំដែន ចាំ​មើល​ពេល​ម្ដាយ​ត្រលប់​មកវិញ នឹង​និយាយ​ឲ្យ​ដាច់ស្រេច​ម្ដង។

 

 

(រូបតំណាង)

 

លុយ​បាន​ពី​ស៊ីឈ្នួល​បង្រៀន​កូន​អ្នក​មាន​ទ្រព្យ​នៅ​ជិត​ផ្ទះ​កន្លងមក ល្មម​ឲ្យ សត្ថា ស្នាក់នៅ​ព្រំដែន​ត្រឹម២-៣យប់​ប៉ុណ្ណោះ។ ទោះ​យ៉ាងណា ការ​ព្យាយាម​ទៅ​ចាំ​ស្កាត់ផ្លូវ​ម្ដាយ​នៅ​ហាង​បាយ​ម៉ូយ​ឡានក្រុង​នោះ ពុំបាន​ផល​ឡើយ ព្រោះ​ម្ដាយ​គេ និង​ពូ​វណ្ណៈ​ពុំ​ទាន់​ឃើញ​មកវិញ​សោះ។

 

ព្រឹក​នេះ សត្ថា សម្រេចចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សំណាក់​ហើយ ត្បិត​សល់​លុយ​ល្មមតែ​ជិះ​ឡាន​ទៅផ្ទះ​វិញ​ប៉ុណ្ណោះ។ គេ​ដើរ​ទាំង​តូច​ចិត្ត ទៅ​អង្គុយ​សំកុក​នៅ​ច្រក​ទ្វារ​ព្រំដែន។

 

រថយន្ត​តូច​ធំ បរ​ចុះ​បរ​ឡើង​ឆ្លង​ទៅ​ឆ្លង​មក​ឥតអាក់​កាត់មុខ សត្ថា ដែល​កំពុង​អង្គុយ​ត្របោម​ជង្គង់​បិទ​ភ្នែក​សម្ងំ​ដោយ​ការ​ហត់នឿយ​ផ្លូវចិត្ត។ មួយសន្ទុះ​ក្រោយមក មាន​ដៃ​មួយ​អង្រន់​ស្មា​គេ សត្ថា ភ្ញាក់​ព្រើត​បើកភ្នែក​មក​ឃើញ​មុខ​ពូ​វណ្ណៈ ក៏​កើត​ចិត្ត​ក្ដៅ​ឆេវ ចាប់​ក្របួច​កអាវ​បុរស​ដែល​ខ្លួន​ធ្លាប់​ហៅ​ថា​ពូ​ៗ​ពេញមាត់ ហើយ​គំហក​សួរ​រក​ម្ដាយ៖ «ហ្អែ​ង នាំ​ម៉ែ​អញ​ទៅ​ណា​ម៉ាន​ង៉ៃ​ហ្នឹង?»

 

ពូ​វណ្ណៈ​ទម្លាក់​ទឹកមុខ ហើយ​ចង្អុល​ទៅ​ឡានពេទ្យ​មួយ​នៅ​ចត​ខាងស្ដាំ​ដៃ។

 

«ម្ដាយ ឯង​គាត់​នៅ​ក្នុង​ឡាន​នោះ»

 

សត្ថា ស្រឡាំងកាំង ហើយ​កាន់តែ​ក្ដៅចិត្ត ដែល​ពូ​វណ្ណៈ​ឆ្លើយ​ឆ្កួត​ៗ​មក​គេ​វិញ។ សត្ថា ស្រែក​កាន់​តែ​ខ្លាំង​ជាង​មុន៖ «អញ​គ្មាន​ពេល​និយាយ​ជាមួយ​ហ្អែ​ង​ទេ ប្រាប់​ម៉ោ​ម៉ែ​អញ​នៅ​ណា?»

 

ពូ​វណ្ណៈ​ស្រក់​ទឹកភ្នែក​ច្រោក និយាយ​ទាំង​អួល​ដើម​ក៖ «ពូ​មិនបាន​នាំ​ម្ដាយ​ក្មួយ​ទៅ​ណា​ទេ ពូ​នាំ​គាត់​ទៅ​ពេទ្យ តែ​ជំងឺ​គាត់​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ពេទ្យ​គេ​បញ្ជូន​មកវិញ»

 

សត្ថា លែង​កអាវ​ពូ ​វណ្ណៈ រត់​ទៅ​មើល​ម្ដាយ​កំពុង​ដកដង្ហើម​ដោយ​បំពង់​អុកស៊ីហ្សែន​នៅ​ក្នុង​ឡាន​ពេទ្យ។ គេ​យំ​ឱប​ម្ដាយ រៀបរាប់​ទោសកំហុស​កន្លងមក​ចំពោះ​ម្ដាយ អង្វរ​កុំ​ឲ្យ​គាត់​ទៅ​ណា​ចោល​ខ្លួន តែ​សំឡេង​នេះ​ពុំបាន​ចូល​ត្រចៀក​គាត់​ឡើយ ដ្បិត​ពេលនេះ មីង​ធី​នៅ​សល់​តែ​ដង្ហើម​ប៉ុណ្ណោះ ប្រសិនបើ​ដក​បំពង់​អុកស៊ីហ្សែន​ពេលណា គាត់​នឹង​ចាកចោល សត្ថា ហើយ។

 

ជំងឺ​ថ្លើម​អប្រិយ​មិន​ប្រណី ម្ដាយ​កូន​ពីរ​នាក់​នេះ​ឡើយ។ មីង​ធី បាន​ស្លាប់​ក្រោយមក​ដល់​ផ្ទះ​បាន​មួយ​យប់។ ចំណែក សត្ថា ក្រោយ​រៀបចំ​បុណ្យ​សព​ម្ដាយ​រួចរាល់ គេ​ត្រូវ​បាន​ពូ​វណ្ណៈ​យក​ទៅ​ចិញ្ចឹម​ទុកដាក់​ឲ្យ​រៀន​សូត្រ ទុក​ដូច​កូនបង្កើត ព្រោះ​គាត់​បាន​សន្យា​ជាមួយ​ម្ដាយ​ឪពុក សត្ថា ហើយ​ថា នឹង​ទំនុកបម្រុង​ក្មេង​ម្នាក់​នេះ រហូត​រក​អនាគត​រឹងមាំ​បាន៕

 

អត្ថបទ៖ រស់ កាណាល់

ចុចអាន៖ តាមពិត​ខ្ញុំ​គិតតែ​ម្នាក់ឯង

 

 

មានរឿងរ៉ាវចង់ចែករំលែក សូមផ្ញើមកកាន់ e-mail: kong.chanvanneng@sabay.com

ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

អត្ថបទពេញនិយម
អត្ថបទថ្មី