JCI ចតុមុខ រក​ឃើញ​​មេដឹក​នាំ​ថ្មី​ដើម្បី​បន្ត​ការងារ​​លើក​កម្ពស់​សង្គម ​​​​

  • 2014-10-24 16:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បើក​​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៤​​អស់​ជា​ច្រើន​​ម៉ោង​ នៅ​ទី​បំផុត​​​ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​​​​​​កម្ពុជា (JCI Cambodia) សាខា​ចតុមុខ​​​ បាន​រក​ឃើញ​​​មេដឹក​នាំ​​ថ្មី​​​ ចូល​​កាន់​ការងារ​​អាណត្តិ​ថ្មី​ឆ្នាំ​២០១៥​ ​​ក្រោយ​​​​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​​ពី​​​សមាជិក​ក្រុមប្រឹក្សាភិបាល​​ថ្នាក់​​តំបន់​របស់​ខ្លួន​ និង​ថ្នាក់​ជាតិ​ផង​។

 

 

អ្នក​ស្រី ​​ជា​ សុខលាង ​​អគ្គនាយក​ LYS Sovannaphum Group Co., Ltd ​បាន​​ជោគជ័យ​នៅ​​ការ​បោះ​ឆ្នោត​ដោយ​ការ​លើក​ដៃ​អនុម័ត​​ពី​​​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ ដើម្បី​ទទួល​គ្រឿង​ឥស្សរិយយស​ពេញ​សិទ្ធ ​បន្ត​ពី​​អ្នកស្រី ស៊្រាត មុំសុភា ​ដែល​ជា​ប្រធាន​អាណត្តិ​ចាស់។

 

អ្នក​ស្រី ជា សុខលាង ទទួលឥស្សរិយយសឡើង​កាន់​តំណែង​ប្រធាន  ​

 

​ឈរលើ​​ចក្ខុវិស័យ ផ្ដល់​​ឱកាស​អភិវឌ្ឍ​ និង​ អំណាច​ដល់​យុវជន ​​ដើម្បី​​បង្កើត​កម្លាំង​នៃ​​​​ការ​ផ្លាស់​​ប្ដូរ​ជា​វិជ្ជមាន​​ដល់​សង្គម ​សមាជិក​​ក្រុម​ប្រឹក្សា​​​នៃ​ ​JCI ចតុមុខ ​​ដែល​បាន​បង្កើត​​គម្រោង​​ប្រយោជន៍​សហគមន៍​និង​សង្គម ​​ជា​ច្រើន​​តាំង​ពី​ដើម​ឆ្នាំ​២០១៤​​នេះ ក៏​បាន​រុះរើ​​ថ្មី​ដូច​គ្នា​។ ​តំណែង​​នាយក​ផ្នែក​​ធំៗ​ ​ប្រមាណ​១០​កន្លែង​ជាង​​ សុទ្ធ​តែ​​ជ្រើស​រើស​ដោយ​ការ​លើក​ដៃ​​សម្រេច​​​ពី​សមាជិក​ជាន់​​ខ្ពស់​ ដើម្បី​សម្រេច​យុវជន​មាន​​​សក្ដានុពល​​កាន់​កាប់​​​​។

 

អ្នកស្រី​ ស៊្រាត មុំសុភា ប្រធាន​អាណត្តិ២០១៤ ក្នុង​ពេល​ផ្ទេរ​តំណែង

 

 

លោក​ ឈាង សុភ័ក្រ ប្រធាន​ JCI កម្ពុជា​​ថ្នាក់​ជាតិ​​​ដែល​ JCI ចតុមុខ​​ ជ្រក​ក្រោម​នោះ​ លើក​ឡើង​​ទៅ​កាន់​ប្រធាន​ទើប​ជ្រើស​រើស​​​បាន​ថា ការ​កាន់​​ការងារ​ជា​​​ថ្នាក់​ដឹក​នាំ ​​គឺ​ត្រូវ​មាន​ការ​​​​សម្រេច​ចិត្ត​​ច្បាស់​លាស់​​​ និង​ឲ្យ​ស្រប​​បេសកកម្ម​របស់​ JCI កម្ពុជា និង JCI ពិភពលោក​។ ​លោក​ថា​មេដឹក​នាំ​​​​ជា​អ្នក​កាច់​ចង្កូត តែ​កាច់​ទៅ​ណា​ វា​ទៅ​ហ្នឹង។

 

 

​«ខ្ញុំ​ធ្លាប់​ឮ​នឹង​ត្រចៀក​ ​កាល​គម្រោង​ដាំ​កូន​ឈើ​ គេ​ថា​ដាំ​​​ធ្វើ​អី បើ​គេ​កាប់​​ច្រើន​​សឹង​អី? ​ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​នឹង​គេ​រិះគន់​ទេ។ ​ខ្ញុំ​​ធ្វើ​មិន​ដើម្បី​រាប់​ថា​មាន​អ្នក​កាប់​ឈើ​ប៉ុន្មាន​នាក់​ទេ តែ​​ខ្ញុំ​រាប់​ថា​មាន​អ្នក​ដាំ​ប៉ុន្មាន​? សំខាន់​យើង​ត្រូវ​ធ្វើ​តាម​ឧត្ដម​គតិ​ខ្លួន​ឯង​ ដើម្បី​សង្គម»។ ​លោក​ ពន្យល់​ពី​ភាព​ជា​​អ្នក​ដឹក​នាំ​ម្នាក់​ដែល​លោក​មាន​។

 

អ្នក​ស្រី ​​ជា សុខលាង ដែល​​អាណត្តិ​មុន​​អ្នក​ស្រី​​​​ដើរ​តួ​សំខាន់​ជា​​​ អនុប្រធាន​ប្រតិបត្តិ​ JCI ចតុមុខ​ នោះ​​ ថា​ការ​ឡើង​កាន់​ភារកិច្ច​កំពូល​របស់​​​អ្នក​ស្រី​តែ​ឯង ​មិន​​អាច​ធ្វើ​​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​​​ដល់​សង្គម​ប្រសើរ​ឡើង​​ទេ បើ​គ្មាន​​សមាជិក​ជាន់​ខ្ពស់​ដទៃ និង​យុវជន​​​ផ្សេង​ៗ​ ដែល​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​​។ ​​​តែ​​អ្នក​ស្រី​បាន​ប្ដេជ្ញា​​ថា​​ប្រឹង​​ឲ្យ​អស់​លទ្ធភាព​​ដើម្បី​​​នាំ​​ឲ្យ​ការងារ​របស់​ JCI ចតុមុខ​ កាន់​តែ​មាន​ប្រយោជន៍​សំខាន់​ៗ​ដល់​សង្គម​​ច្រើន​ឡើង​​​​។

 

 

នៅ​ឆ្នាំ​២០១៤​នេះ​ JCI ចតុមុខ​ ​បាន​លេច​មុខ​ធ្លោ​បំផុត​ចំណោម​ JCI ​តំបន់​ដទៃ​ដូច​ជា​ JCI មេគង្គ និង JCI ភ្នំពេញ​ ដែល​សុទ្ធ​​ជា​មែក​ធាង​របស់​ JCI ​កម្ពុជា​ ស្ថាប័ន​​ដែល​​​មាន​ទំនាក់ទំនង​​ជាមួយ​ JCI ទូទាំង​ពិភពលោក​។

 

JCI ចតុមុខ ​យ៉ាង​​ហោច​ណាស់​​សម្រេច​គម្រោង​ធំ​ៗ​​​របស់​ខ្លួន​មួយ​ចំនួន ​​​​​​ក្នុង​កិច្ច​លើក​​កម្ពស់​​​​ការងារ​សង្គម ការ​​សម្រាល​​​ទុក្ខ​លំបាក​​សហគមន៍​​ក្រីក្រ​​​ និង​ការ​ពង្រីក​សក្ដានុពល​​យុវជន​ឆ្នើម​កម្ពុជា​​​​។

 

 

​គម្រោង​ដែល​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​មាន​ដូច​​ជា​​ ការ​រៀប​ចំ​ ការ​​ប្រកួត​ពិភាក្សា​សាធារណៈ​​​និង​​​​​វោហារ​ស័ព្ទ ដែល​បាន​នាំ​ក្រុម​​យុវជន​ឆ្នើម​ខ្មែរ​ទៅ​​ឈ្នះ​​ពាន​ អាស៊ី​ប៉ាស៊ីហ្វិក ​​នៅ ASPAC Asia Conference ​នៅ​ជប៉ុន ​​ជា​​​វេទិកា​​​ប្រកួតថ្វីមាត់​​តានតឹង​ជាមួយ​បណ្ដា​យុវជន​​​ពី​ប្រទេស​អន្តរជាតិ​នានា។ ​គម្រោង​​ Let's Plant ​​គឺ​ការ​ដាំ​ឈើ​រាប់​ពាន​ដើម​នៅ​ដែន​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ពោរ​ពេញ​ដោយ​ការ​គាំទ្រ​​ពី​សាធារណៈ​ជន​ទូទៅ​ ក្រោម​​​កម្លាំង​យុវជន​ជំនាន់​ថ្មី​។ ​គម្រោង​បង្គន់អនាម័យ​ដើម្បី​សុខភាព​​ ចែក​ដល់​ពលរដ្ឋ​ក្រក្រី​ រួម​នឹង​ការ​​ចាប់​ដៃ​ជាមួយ​​ JCI ជប៉ុន ​​​នាំ​​គម្រោង​ពិនិត្យ​​សុខភាព​និង​មាត់​ធ្មេញ​​ដល់​កុមារ​តូច​ៗ​នៅ​ជនបទ​ជា​ដើម៕

 

អត្ថបទ៖ ប៉ែន សុផាន់ណា​​

 

 

 

​​

អត្ថបទថ្មី