គម្រោង​បង្ហោះ​ផ្កាយរណប​​ប្រទេស​កម្ពុជា​ ទៅ​មិន​ទាន់​រួច

  • 2016-03-22 16:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ការ​បង្ហោះ​ផ្កាយ​រណប​របស់​ប្រទេស​កម្ពុជា ដែល​​គ្រោង​​ជា​យូរ​ឆ្នាំ​មក​ហើយ​តែ​នៅ​មិន​ទាន់​អាច​ទៅ​រួច​​នោះ អាច​ត្រូវ​ការ​ពេល​វេលា​​យូរ​បន្ថែម​ទៀត ដោយសារ​គម្រោង​នេះ​ត្រូវ​ការ​ទុន​វិនិយោគ​ច្រើន​រួម​ទាំង​ធនធាន​មនុស្ស​ចាំបាច់ ដើម្បី​​​ឲ្យ​ការងារ​​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​​។

 

 

លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍ (ICT Federation) បាន​លើក​ឡើង​នា​ឱកាស​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Inno Tech ថ្មីៗ​នេះ​ថា កម្ពុជា​នៅ​មិន​ទាន់​អាច​ទៅ​រួច​ទេ​បើ​ទោះ​បី​ប៉ុន្មាន​ឆ្នាំ​មុន​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ចាប់​ដៃគូ​​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជំរុញ​គម្រោង​​ការ​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​សម្រាប់​បម្រើ​ដល់​វិស័យ​ទូរគមមនាគមន៍​។

 

លោក​ថា មាន​កត្តា​ជា​ច្រើន​ដែល​នាំ​រាំង​ស្ទះ​ដល់​គម្រោង​​នេះ​​ដូចជា​ការ​ចំណាយ​វិនិយោគ​ដែល​មាន​ទំហំ​ធំធេង​ពេក និង​ណាមួយ​ធនធាន​មនុស្ស​នៅ​មាន​កម្រិត​។

 

លោក​គិត​​ថា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ពិចារណា​ឡើង​វិញលើការ​បន្ត​គម្រោង​បង្ហោះ​ផ្កាយរណប ដើម្បី​បញ្ជាក់​ពី​ស្វ័យភាព កិត្យានុភាព និង​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍​ នៅ​ពេល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នៅ​តែ​បន្ត​​ពឹង​ផ្អែក​ការ​ប្រើប្រាស់​​​ផ្កាយរណប​ប្រទេស​ជិតខាង​ ដើម្បី​បម្រើការងារ​ក្នុង​វិស័យ​ទូរគមនាគមន៍​​របស់​ខ្លួន​។

 

កាល​ពី​ឆ្នាំ ២០១១ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​គម្រោង​បង្ហោះ​ផ្កាយ​រណប ដោយ​មាន​ការ​សហការ​ពី​ដៃគូ​ឯកជន។ ការ​អនុវត្ត​ការងារ​នេះ​ត្រូវ​ប៉ាន់​ប្រមាណ​ថា​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពី ២៥០ ទៅ ៣៥០ លាន​ដុល្លារ​អាមេរិក។ គេ​សង្ឃឹម​ថា ផ្កាយរណប​កម្ពុជា​លើក​ដំបូង​ដែល​មាន​ឈ្មោះ​ថា Cambodian Satellite 1 នឹង​អាច​បាញ់​បង្ហោះ​ក្នុង​តារា​វិថី​ក្នុង​ឆ្នាំ ​២០១៣។ យ៉ាង​ណា​គម្រោង​នេះ​​នៅ​ស្រពេចស្រពិល​និង​​​ជាប់​គាំង​មក​ទល់​ពេល​នេះ៕

 

ចុច​អាន៖ លោក​ចោរ​​​​នឹង​អស់​លក្ខណ៍ បើ​ម្ចាស់​ម៉ូតូ​​ប្រើ​ឧបករណ៍​​តាមដាន​ទីតាំង​នេះ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម