រឿង៨យ៉ាងងាយៗ ដែលបុរសអាចធ្វើឲ្យភរិយាសប្បាយចិត្ត
- 2016-03-24 21:48:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៨យ៉ាងងាយៗ ដែលបុរសអាចធ្វើឲ្យភរិយាសប្បាយចិត្ត
ចន្លោះមិនឃើញ
អ្នកទើបរៀបការថ្មីៗ ក៏ដូចជាគូស្រករជាច្រើនឆ្នាំ តែងប្រាថ្នាចង់បានសុភមង្គលក្នុងជីវិតគ្រួសារ។ ការបង្កបរិយាកាសឲ្យសប្បាយរីករាយ ជាចំណែកមួយក្នុងការរក្សាទំនាក់ទំនងអ្នកទាំងពីរឲ្យស្រស់បំព្រង ជាពិសេសភាគីខាងបុរសជាស្វាមីចង់ឲ្យភរិយាខ្លួនរីករាយរាល់ថ្ងៃ។ ដូចនេះពួកគេអាចធ្វើតាមវិធីសាមញ្ញមួយចំនួនដែលអាចធ្វើឲ្យនាងរីករាយបាន៖
១. ជួយធ្វើកិច្ចការផ្ទះជាមួយនាង
មានតួនាទីជាស្វាមី អ្នកក៏គួរមិនប្រកាន់ថាកិច្ចការងារមួយចំនួនដូចជាការងារក្នុងផ្ទះ ថាជាការងាររបស់នារីៗនោះទេ។ ពេលទំនេរៗ អ្វីដែលអាចធ្វើបាន ដូចជាបោសជូតផ្ទះ ជួយមើលកូនក្មេង ឬជួយនាងចម្អិនម្ហូប ទាំងនោះសុទ្ធតែបង្កើតជាបរិយាកាសរីករាយ និងធ្វើឲ្យអ្នកទាំងពីរស្រលាញ់គ្នាកាន់តែខ្លាំង។
២. ស្ដាប់ពីបញ្ហារបស់នាង
មនុស្សស្រីតែងមានការបារម្ភច្រើនជាងមនុស្សប្រុស ហេតុនេះនៅពេលនាងមានបញ្ហាអ្វីមួយក្នុងចិត្ត នាងច្រើនតែចែករំលែកប្រាប់ពីអារម្មណ៍ឬពិភាក្សាជាមួយដៃគូរបស់ខ្លួន។ ដូចនេះអ្វីដែលសំខាន់គឺអ្នកគួរចំណាយពេលស្ដាប់ពីបញ្ហានាងដោយយកចិត្តទុកដាក់ ហើយនោះជាការជួយសម្រួលអារម្មណ៍នាងឲ្យធូរស្បើយខ្លះផងដែរ។
៣. និយាយទន់ភ្លន់និងសរសើរ
និយាយទៅកាន់នាងដោយពាក្យទន់ភ្លន់រៀងរាល់ថ្ងៃ ដូចជា "ថ្ងៃនេះធ្វើម្ហូបឆ្ងាញ់ទៀតហើយ អូនសម្លាញ់" ឬពាក្យផ្អែមល្ហែមជាច្រើនទៀត ជាការលើកសរសើរធ្វើឲ្យនាងសប្បាយចិត្តបាត់ហើយ ។ អ្វីមិនគួរភ្លេចមួយទៀតនោះ គឺសរសើរពីរឿងល្អៗអ្វីដែលនាងបានធ្វើសម្រាប់អ្នក និងស្នាដៃផ្សេងៗទៀតជាការសរសើរមួយដែលនាងមិនអាចបំភ្លេចបាន។
៤. គាំទ្រក្ដីស្រមៃរបស់នាង
ឧទាហរណ៍ថាភរិយារបស់អ្នកចង់បើកហាងរកស៊ីលក់ដូរមួយ ប្រសិនបើអ្នកគិតថាល្អស្របតាមស្ថានភាពហើយ អ្នកអាចជួយផ្ចុងផ្ដើមនាង ដោយជួយសុំយោបល់ពីអ្នកមានបទពិសោធនិងគាំទ្រថវិកាជូននាង។ សកម្មភាពទាំងនោះគឺធ្វើឲ្យនាងមានទំនុកចិត្ត និងមានអារម្មណ៍សប្បាយរីករាយដោយមិនដឹងខ្លួន។
៥. ប្រាប់នាងរាល់ថ្ងៃថាអ្នកស្រលាញ់នាង
ពាក្យស្នេហាធម្មតាៗ ដូចជាការនិយាយថា "បងស្រលាញ់អូន" រំលឹកប្រាប់ទៅនាងរៀងរាល់ថ្ងៃ អាចបង្កជាភាពរីករាយស្និទ្ធស្នាលប្រសើរជាងមិនបាននិយាយអ្វីសោះ។ កុំខ្មាសអៀនអីនិយាយប្រាប់នាងរៀងរាល់ថ្ងៃ ហើយការបង្កើតភាពរីករាយបែបនោះក៏ជាកាតព្វកិច្ចរបស់ស្វាមីត្រូវធ្វើចំពោះភរិយាផងដែរ។
៦. មិនខ្លាចទទួលកំហុសចំពោះអ្វីដែលបានធ្វើឆ្គាំឆ្គង
ការរស់នៅជាមួយគ្នារវាងស្វាមីនិងភរិយា ក៏អាចមានបញ្ហាដោយសារកំហុសភាគីម្ខាងផងដែរ។ ជួនកាលអ្នកទៅដើរលេងជាមួយមិត្តភ័ក្ដិដាច់យប់មិនបានឆ្លើយតបទូរសព្ទរបស់នាង សាកគិតមើលនាងមានអារម្មណ៍បែបណា? យ៉ាងណាមិញការទទួលកំហុសអ្វីដែលបានធ្វើនោះនិងចេះកែប្រែវាតាមការសន្យា ធ្វើឲ្យនាងផ្ដល់តម្លៃឲ្យអ្នក និងមានភាពរីករាយឡើងវិញ។
៧. ចំណាយពេលវេលាមួយចំនួនសម្រាប់នាង
ប្រាកដណាស់អ្នកអាចបង្កើតសកម្មភាពជាអនុស្សាវរីយ៍ល្អៗមួយចំនួនជាមួយនាង ធ្វើឲ្យនាងសប្បាយរីករាយឡើងវិញដូចកាលអ្នកទាំងពីរនៅស្រលាញ់គ្នា។ ចំណាយពេលទំនេរថ្ងៃសៅរ៍ អាទិត្យខ្លះ នាំនាងទៅដើរលេង ឬទៅដើរផ្សារទិញអីវ៉ាន់ពីរនាក់។ បើអាចទិញអ្វីមួយឲ្យនាងភ្ញាក់ផ្អើលក៏ជាការល្អ ហើយអ្នកអាចដឹងស្រាប់ថា នាងចូលចិត្តអ្វី...ប៉ុន្តែអ្នកក៏គួរដឹងថានាងចង់ឲ្យអ្នកចំណាយទិញឬមិនចង់ឲ្យអ្នកចំណាយខ្ជះខ្ជាយ។
៨. សួរយោបល់ពីនាង
មុនសម្រេចចិត្តធ្វើរឿងអ្វីមួយដែលសំខាន់ អ្នកតែងសុំការប្រឹក្សាយោបល់ពីភរិយា។ គំនិតពីរចូលថ្លឹងថ្លែងគ្នា អាចជាដំណោះស្រាយមួយដ៏ល្អ។ ទន្ទឹមនឹងនោះសកម្មភាពខាងលើគឺជាការឲ្យតម្លៃនាង ហើយអ្នកក៏ទទួលការគោរពឲ្យតម្លៃពីនាងដូចគ្នានោះដែរ និងធ្វើឲ្យទំនាក់ទំនងគ្រួសារអ្នកកាន់តែរឹងមាំ៕
ចុចអាន៖ វិធីសាស្ត្រ៩យ៉ាង ដើម្បីយកឈ្នះបេះដូង Crush របស់អ្នក
ប្រែសម្រួល៖ មាន រតនា ប្រភព៖ lifehack