គំនូរលើជញ្ជាំង និងគំនូរពន្លឺ បង្ហាញខ្លួនក្នុងមហោស្រពសិល្បៈទីក្រុងកម្ពុជា
- 2016-04-01 20:30:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនូរលើជញ្ជាំង និងគំនូរពន្លឺ បង្ហាញខ្លួនក្នុងមហោស្រពសិល្បៈទីក្រុងកម្ពុជា
ចន្លោះមិនឃើញ
គំនូរលើជញ្ជាំងប្លែកៗជាច្រើនផ្ទាំង រួមជាមួយការគូរគំនូរប្រើពន្លឺដែលជាស្នាដៃថ្មីប្រកបដោយគំនិតច្នៃប្រឌិតរបស់សិល្បករជាច្រើនរូប បានដាក់តាំង និងគូរបង្ហាញក្នុងមហោស្រពសិល្បៈទីក្រុងកម្ពុជា នៅវិទ្យាស្ថានបារាំងកម្ពុជា កាលពីយប់មិញ។ ភ្ញៀវដែលបានចូលរួមក្នុងមហោស្រពនេះមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះស្នាដៃគំនូរថ្មីនេះ ពិសេសគឺការគូររូបដោយប្រើពន្លឺភ្លើង និងកាំរស្មីឡាស៊ែរ។
បើតាមលោក កោ បូរិន ទទួលបន្ទុកផ្នែកវប្បធម៌ នៃវិទ្យាស្ថានបារាំងកម្ពុជាបានឲ្យ Sabay ដឹងថា ផ្ទាំងគំនូរលើជញ្ជាំងទាំងអស់នេះ ជាស្នាដៃរបស់វិចិត្រករជនជាតិខ្មែរ បារាំង អង់គ្លេស ម៉ាឡេស៊ី ប្រេស៊ីល ហ្គោតេម៉ាឡា ។ វិចិត្រករមានស្នាដៃទាំង១៤រូបនេះបានគូររូបលើជញ្ជាំងតាមក្ដីស្រមើស្រមៃរបស់ពួកគេនៅតាមទីកន្លែងចំនួន៨ ក្នុងរាជធានីភ្នំពេញ ដូចជា វិទ្យាស្ថានបារាំងកម្ពុជា ផ្ទាំងជញ្ជាំងនៅជិតវត្តបុទុមវត្តី វិទ្យាស្ថានជាតិកម្ពុជា ផ្នែកខាងក្នុងសាលាបឋមសិក្សាចតុមុខ ផ្នែកខាងក្រោយស្ថានទូតបារាំង វិទ្យាល័យដេកាត The Mansion និង វិទ្យាស្ថានជាតិគរុកោសល្យ។
អ្វីដែលពិសេសនោះ វិចិត្រករទាំងនោះក៏បានបង្ហាញស្នាដៃគូររូបដោយប្រើពន្លឺ ដែលពុំធ្លាប់មានពីមុនមក ដល់អ្នកដែលបានទស្សនាមហោស្រពនេះផងដែរ។
យុវជន អូន ការុណម៉ាក់ បានបង្ហាញចំណាប់អារម្មណ៍ថា៖ កម្មវិធីនេះអស្ចារ្យខ្លាំងណាស់ មិនត្រឹមបង្ហាញពីស្នាដៃដែលមានគំនិតច្នៃប្រឌិតប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដល់បទពិសោធន៍ថ្មីៗដល់ប្អូនដែលជាអ្នកស្រលាញ់ខាងផ្នែកសិល្បៈគំនូរថែមទៀត ។ «ការគូររូបដោយពន្លឺភ្លើងនេះខ្ញុំពុំធ្លាប់ឃើញពីមុនមកទេ ថ្មីស្រឡាងតែម្តង» សិស្សសាលា ACE រូបនេះបញ្ជាក់។ យុវជនរូបនេះក៏សំណូមពរឲ្យអ្នកដែលចូលចិត្ត និងស្រលាញ់សិល្បៈគំនូរចូលរួមក្នុងព្រឹត្តិការណ៍នេះបានកាន់តែច្រើនទៀតដើម្បីទទួលបានអ្វីថ្មីប្លែក។
មហោស្រពសិល្បៈទីក្រុងកម្ពុជា២០១៦ ជាព្រឹត្តិការណ៍ដែលមានការរួមបញ្ចូលគ្នានូវកម្មវិធីដ៏ពិសេស និងមានលក្ខណៈថ្មីដូចជា ការគូគំនូរដោយពន្លឺ ការប្រគំតន្ត្រីហ៊ីបហប របាំបុរាណ ការបញ្ចាំងខ្សែភាពយន្ត ការទស្សនាគំនូរដែលបានគូរលើជញ្ជាំងតាមរយ:តុកៗ ព្រមទាំងការតាំងពិព័រណ៍ស្នាដៃនៃការគូររូបលើជញ្ជាំង និងកម្មវិធីពិសេសៗជាច្រើនទៀត។ មហោស្រពនេះចាប់ផ្តើមពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបារាំងកម្ពុជា៕
អត្ថបទ៖ ធីតា